ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានជំរុញឲ្យយុវជនកម្ពុជាត្រូវខិតខំសិក្សាជំនាញថ្មីៗដើម្បីឆ្លើយតបទៅនឹងតម្រូវការនាសទវត្សទី២១នេះ ដែលនឹងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើរឡើងថែមទៀត។
ថ្លែងនៅក្នុងពិធីបើកការបោះជំរំយុវជនជាសាកលលើកទី៥ក្រោមប្រធានបទ«សុបិនខ្ញុំ»កាលពីព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០១៨នេះនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានណែនាំដល់យុវជនសិក្សាទៅលើបំណិនសិក្សាដែលជំនាញត្រិះរិះពិចារណា ច្នៃប្រឌិត សហប្រតិបត្តិការនិងទំនាក់ទំនង បំណិនអក្ខរកម្មដែលមានជំនាញស្វែងរកនិងវិភាគព័ត៌មាន ប្រព័ន្ធព័ត៌មាននិងការប្រើប្រាស់បច្ចេកវិទ្យានិងបំណិនជីវិតដែលមានភាពបែបបទទន់ភ្លន់នៃផ្នត់គំនិត ភាពជាអ្នកដឹកនាំ គំនិតផ្តួចផ្តើម ផលិតភាពនិងភាពទំនាក់ទំនងសង្គមល្អ។
លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនបានមានប្រសាសន៍ថា យុវជនត្រូវកំណត់គោលបំណង ទិសដៅ មធ្យោបាយនិងវិធីសាស្ត្រឲ្យបានជឿជាក់សមស្របនិងមានភាពពិតប្រាកដដើម្បីឲ្យស្របទៅតាមបរិបទតំបន់និងសាកលលោកដែលកំពុងវិវត្តន៍ឈានដល់បដិវត្តឧស្សាហកម្មដំណាក់កាលទី៤និងយុគសម័យព័ត៌មានដោយពេញនិយមផ្តោតទៅលើសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឌីជីថល។
លោក បណ្ឌិតសភាចារ្យបានបន្តថា ដើម្បីឆ្លើយតបទៅនឹងការវិវត្តនេះក្រសួងអប់រំយុវជននិងកីឡាបានបង្កើតកម្មវិធីមួយចំនួនដូចជាការអប់រំសហគ្រិនភាព ភាពជាអ្នកដឹកនាំ កូនល្អ សិស្សល្អ និងមិត្តល្អ ផ្សព្វផ្សាយសកម្មភាពការ ងារអភិវឌ្ឍន៍យុវជន វេទិកាសិក្សានិងការងារ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជននិង ការអប់រំអាកប្បកិរិយា។
ទន្ទឹមនឹងនេះក្រសួងក៏មានបង្កើតកម្មវិធីការចូលរួមសកម្មភាពសង្គម ការអភិវឌ្ឍន៍សមាគមនិស្សិត ការផ្លាស់ប្តូរទំនាក់ទំនងយុវជនជាតិនិងអន្តរជាតិ ការបណ្តុះបណ្តាលជំនាញខ្លីៗ ការផ្តល់ព័ត៌មានទីផ្សារការងារនិងហាត់ការនៅតាមស្ថាប័នរដ្ឋនិងឯកជន ទស្សនកិច្ចសិក្សានិងការបោះជំរំជាដើម។
ពាក់ព័ន្ធនឹងការបោះជំរំនេះដែរ លោក រដ្ឋមន្ត្រីបានបញ្ជាក់ថាការបោះជំរំយុវជនជាសាកលនេះនឹងជួយឲ្យយុវជនចេះរស់នៅដោយខ្លួនឯងនិងជាមួយអ្នកដ៏ទៃបាន ទទួលបាននូវចំណេះដឹងអំពីបច្ចុប្បន្នភាពនៃការវិវត្តបច្ចេកវិទ្យា សេដ្ឋកិច្ច ទីផ្សារនិងវិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជាក្នុងតំបន់និងសាកលលោកដើម្បីឲ្យយុវជនត្រៀមខ្លួនចាប់យកឱកាសការងារ និងមុខរបរនាពេលអនាគត បណ្ដុះស្មារតីស្នេហាជាតិនិងចូលរួមការអភិវឌ្ឍសេដ្ឋកិច្ចវប្បធម៌សង្គមនិងសហគមន៍ផងដែរ។
លោកស្រី ស្រូយ សុជាតិ អគ្គនាយករងនៃអគ្គនាយដ្ឋានយុវជននៃក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា កម្មវិធីបោះជំរំយុវជនជាសាកលលើកទី៥នេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៣រហូតដល់ថ្ងៃទី២៩ខែតុលាឆ្នាំ២០១៨នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តសៀមរាបដោយមានយុវជនចូលរួមប្រមាណ៣០០នាក់មកពី៣៦គ្រឹះស្ថានឧត្តមសិក្សាសាធារណៈនិងឯកជន សមាគមនានាក្នុងគោលបំណងកៀរគរយុវជនមកពីដើមកំណើតខ្មែរដែលរស់នៅបរទេសបានមើលឃើញពីការរីកចំរើនរបស់ប្រទេសជាតិនិងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងនិងអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕
Source: Kampuchea Thmey Daily
0 Comments