Ad Code

សម្ដេច​តេ​ជោ ហ៊ុន សែន គឺជា​វរជន​នយោបាយ​ខ្មែរ​តែ​ម្នាក់​គត់ ដែល​បាន​ដោះស្រាយ​បញ្ហា​ខ្មែរ ដោយ​ខ្មែរ​ខ្លួនឯង និង​ដោយ​មធ្យោបាយ​សន្តិវិធី



ភ្នំពេញ​ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាពេល​បច្ចុប្បន្ន គឺជា​វរជន​នយោបាយ​ខ្មែរ​តែ​ម្នាក់​គត់ ដែល​បាន​ដោះស្រាយ​បញ្ហា​ខ្មែរ ដោយ​ខ្មែរ​ខ្លួនឯង និង​ដោយ​មធ្យោបាយ​សន្តិវិធី ហើយ​សម្ដេច​តែងតែ​បញ្ជាក់​ជាច្រើនលើក​ច្រើនសា​មក​ហើយ​ថា គ្មាន​ជនបរទេស​ណា ដែល​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ​ស្រឡាញ់​ខ្មែរ​នោះទេ​។​

នេះ​ជាការ​កត់សម្គាល់​របស់​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​នៅក្នុង​សេចក្តី​ថ្លែង​ការ​ណ៏​មួយ​កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨ ក្នុង​ឳ​កាស​ខួប​លើក​ទី​២៧ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១-២៣ តុលា ២០១៨​។​

វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​បាន​រៀបរាប់ថា ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨ គឺជា​ខួប​លើក​ទី​២៧ នៃ​កិច្ចព្រមព្រៀង​ស្ដីពី​ដំណោះស្រាយ​នយោបាយ​រួមមួយ នៃ​ជម្លោះ​កម្ពុជា ដែល​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា “​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​” ដែល​ត្រូវបាន​ឡាយព្រះហស្តលេខា​ដោយ​សម្តេច ព្រះ​នរោត្តម សីហនុ និង​ចុះហត្ថលេខា​ដោយ​តំណាង​១១​រូប នៃ​ភាគី​ជម្លោះ​កម្ពុជា​ទាំង​បួន និង​តំណាង​រដ្ឋាភិបាល​នៃ​ប្រទេស​ចំនួន​១៨ ដែល​ក្នុងនោះ​មាន​តំណាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​៥ ដែលជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ នៅក្នុង​កិច្ចប្រជុំ​ចុងក្រោយ​នៃ​សម័យប្រជុំ​ទី​២ នៃ​សន្និសីទ​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១​។​

វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​បាន​អះអាងថា កិច្ចព្រមព្រៀង​នេះ បានប្រសូត​ចេញពី​ដំណើរ​ការចរចា​សន្តិភាព​ជាច្រើនលើក និង​ជាច្រើន​ទីកន្លែង ដោយ​ចាប់ផ្ដើម​ពី​ជំនួប​ជា​ប្រវត្តិសាស្ត្រ​រវាង​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ និង​សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅ​ហ្វែ​រ​អង់​តា​ដឺ​ន័​រ នៃ​ប្រទេស​បារាំង ដែល​បើកផ្លូវ​ដល់​ការចរចា​ជា​បន្តបន្ទាប់ រហូតដល់​មាន​កិច្ចព្រមព្រៀង​សន្តិភាព​មួយ ត្រូវបាន​ចុះហត្ថលេខា ជា​ឱឡារិក​នៅ​ទីក្រុង​ប៉ារីស ដើម្បី​ដោះស្រាយ​បញ្ហានយោបាយ​ដ៏​ទូលំទូលាយ​មួយ​សម្រាប់​ការកសាង​ឡើងវិញ នូវ​សន្តិភាព​ក្នុងប្រទេស​កម្ពុជា​។​

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ជា​ចំណុច​ចាប់ផ្ដើម ដែលនាំអោយ​ប្រទេស​កម្ពុជា​ឈានទៅរក​ការបង្រួបបង្រួម​ជាតិ និង​ឯកភាព​ជាតិ និង​ការអភិវឌ្ឍ ដោយ​ឈរលើ​ឆន្ទៈ​ខ្មែរ​គ្រប់ភាគី​និង​សុ​ឆន្ទៈ​របស់​មេដឹកនាំ និង​អ្នកនយោបាយ ដើម្បី​កសាង​ប្រទេស​ឡើងវិញ​។ ឆន្ទៈ​រួម​នេះ​ជា​សក្ខីភាព និង​ជា​គំរូ​មួយ​សម្រាប់​ជា​ដំណោះស្រាយ​ចំពោះ​សង្គ្រាមស៊ីវិល ដែល​កំពុង​កើតឡើង​នៅក្នុង​ប្រទេសមួយ​ចំនួន​នៅលើ​ពិភពលោក​។ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ក៏​ជា​មោទនភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា​ផងដែរ ពីព្រោះ​វា​កើតចេញពី​ឆន្ទៈ​ចង់​បង្រួបបង្រួម​ជាតិខ្មែរ​តែមួយ ដោយ​ខ្មែរ​ខ្លួនឯង តាមរយៈ​ដំណើរ​ការចរចា​ដោយ​សន្តិវិធី​។​

តាមរយៈ​កិច្ចព្រមព្រៀង​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ហ៊ាន​និយាយ និង​លើកតម្កើង​កេរ្តិ៍ឈ្មោះ​កម្ពុជា​ប្រកបដោយ​មោទនភាព​ផងដែរ​ថា ជនជាតិខ្មែរ មេដឹកនាំ​ខ្មែរ ក៏ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល បានប្រែក្លាយ​វប្បធម៌​សង្គ្រាម និង​ប្រទូសរ៉ាយ ទៅជា​វប្បធម៌​សន្តិភាព ប្រែក្លាយ​វប្បធម៌​ជម្លោះ ទៅជា​វប្ប​ធ​ម៌​ព្រមព្រាងគ្នា និង​ប្រែក្លាយ​វប្បធម៌​ប្រឈមមុខ ទៅជា​វប្ប​ធ​ម៌​ចរចា និង​សម្របសម្រួល ដែល​ស្របទៅនឹង​ទស្សនៈវិស័យ​ច្បាស់លាស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ឥស្សរជន​មិនអាច​ខ្វះ​បាន​នៅក្នុង​ដំណើរការ​ស្វែងរក​សន្តិ​ភាព​ជូន​ប្រជាជន​កម្ពុជា និង​ប្រទេស​កម្ពុជា​ទាំងមូល​។

វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​កត់សម្គាល់ថា សម្ដេចព្រះ​បរម​រតន​កោដ្ឋ ព្រះមហាវីរក្សត្រ ន​រោ​ត្ដម សីហនុ និង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន គឺជា​ស្ថាបនិក ដ៏​សំខាន់បំផុត​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​តាមរយៈ​កិច្ចព្រមព្រៀង​នេះ បាន​នាំ​ឲ្យ​មានការ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​មួយនា​ឆ្នាំ​១៩៩៣ ដែលជា​ការផ្ដល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​សម្រេច​ជោគវាសនា​ជាតិ​ដោយ​ខ្លួនឯង​។ ទន្ទឹមនឹងនេះ របបរាជានិយម​ដែលមាន​អាយុកាល​ជិត​២០០០​ឆ្នាំ​ហើយ ដែល​ត្រូវ​កាត់ផ្តាច់​ជាង​ពីរ​ទសវត្សរ៍ បាន​រស់​ឡើងវិញ ដែលជា​រឿង​ដ៏​កម្រ​មួយ​នៅលើ​ពិភពលោក ហើយ​ស្ថាប័ន​ជាតិ​សំខាន់ៗ ក៏​ត្រូវបាន​កែសម្រួល និង​បង្កើតឡើង​ឱ្យ​សមស្រប​តាម​បទ​ប្បញ្ញត្តិ​នៃ​រដ្ឋធម្មនុញ្ញ និង​ស្របតាម​ស្ថានភាព​ជាក់ស្តែង​របស់​ប្រទេស​កម្ពុជា​។​

រយៈពេល​២៧​ឆ្នាំ​មកនេះ កម្ពុជា​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ចសង្គម​។ កម្ពុជា​ទទួលបាន​នូវ​សន្តិភាព​ពេញលេញ និង​កំពុង​ដើរ​លើផ្លូវ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​ស្រប​នឹង​វប្បធម៌ និង​បរិបទ​កម្ពុជា​។ ការរៀបចំ​និ​យោ​បាយ និង​សន្តិសុខ ក្នុងប្រទេស​អោយបាន​សមស្រប សំដៅ​ធានា​ដល់​ការអភិវឌ្ឍ ត្រូវបាន​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ជា​អាទិភាព និង​ជា​បណ្តើរៗ​។ កម្ពុជា​បានធ្វើ​សមាហរណកម្ម​ទៅក្នុង​តំបន់ និង​ពិភពលោក និង​ធ្វើ​ឲ្យ​កម្ពុជា​ដណ្ដើមបាន​មកវិញ​នូវ​នីត្យានុកូលភាព និង​កិត្យានុភាព​ដែល​បាន​បាត់បង់​ពី​អតីតកាល​។​

កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ការបរទេស​ឯករាជ្យ អព្យាក្រឹត មិន​ចូលបក្ស​សម្ព័ន្ធ​ដើម្បី​ពង្រឹង​មិត្តភាព និង​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​បណ្តា​ប្រទេស នៅក្នុង​តំបន់ និង​ជុំវិញ​ពិភពលោក ដោយ​មិន​គិតពី​មនោគមវិជ្ជា​នយោបាយ ដោយ​ផ្អែកលើ​គោលការណ៍​ស្មើភាព និង​មិន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង និង​ការគោរព​នូវ​ឯករាជ្យ អធិបតេយ្យភាព និង​បូរណភាព​ទឹកដី ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច បច្ចេកវិទ្យា និង​វេជ្ជសាស្ត្រ នៃ​ប្រទេស​និ​​និ​មួយៗ​។​

រាជរដ្ឋាភិបាល​បាន​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសជិតខាង ដោយ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ ច្បាប់​ជាតិ ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​ដទៃទៀត និង​ស្ថានភាព​ជាក់ស្ដែង​នៃ​ភូមិសាស្ត្រ រួមទាំង​ផែនទី ដែល​បាន​តម្កល់​នៅ​អង្គការសហប្រជាជាតិ សំដៅ​ធ្វើឱ្យ​ព្រំដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្លាយជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​។​

រាជរដ្ឋាភិបាល​មាន​ឆន្ទៈ​យ៉ាង​មុតមាំ​ក្នុងការ​កែទម្រង់រដ្ឋបាល​សាធារណៈ កែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ កែទម្រង់​កម្លាំងប្រដាប់អាវុធ កែទម្រង់សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​កែទម្រង់​ដីធ្លី សំដៅ​លុបបំបាត់​អំពើពុករលួយ និង​ភាពក្រីក្រ​។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល​តែងតែ​ចូលរួម​សហការ​យ៉ាងសកម្ម​ជាមួយ​សហគមន៍​អន្តរជាតិ ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ ដើម្បី​ទប់ស្កាត់ និង​ប្រឆាំង​រាល់​សកម្មភាព​ភេរវកម្ម និង​វិទ្ធង្សនា​គ្រប់​រូបភាព ទាំង​ក្នុង និង​ក្រៅប្រទេស​។

រាជរដ្ឋាភិបាល​ប្ដូរផ្ដាច់​អនុវត្ត​នូវ​វិធានការ​ចាំបាច់​ទាំងឡាយ សំដៅ​បង្កើន​ប្រសិទ្ធភាព​ការងារ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ជាពិសេស​ការជួញដូរ និង​ការប្រើប្រាស់​គ្រឿងញៀន ការជួញដូរ​ស្ត្រី និង​កុមារ​អំពើ​ចាប់ជំរិត ឬ​ប្លន់​ប្រដាប់អាវុធ ការរំលោភ​ផ្លូវភេទ និង​សកម្មភាព​ល្មើសច្បាប់​ផ្សេងៗ​ទៀត ដែល​បង្ក​ឲ្យ​មានការ​ភ័យខ្លាច​នៅក្នុង​សង្គម និង​ធ្វើអោយ​សីល​ធ​ម៍​ធ្លាក់ចុះ​។​

វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​បានលើកឡើង​ទៀតថា ព្រះរាជាណាចក្រ​កម្ពុជា នៅក្រោម​អគ្គម​ហាម​គ្គុ​ទ្ទេស​ក៏ ដ៏​ឆ្នើម​នៃ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ នឹង​ទៅជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ខាងមុខ ស្របតាម​ចក្ខុវិស័យ នៃ​ការកសាង​ជា​ជំហានៗ​នៅ​សង្គម​កម្ពុ​ជាមួយ ប្រកបដោយ​សុខសន្តិភាព ស្ថិរភាព សណ្ដាប់ធ្នាប់​សង្គម មានការ​អភិវឌ្ឍ ប្រកបដោយ​ចីរភាព និង​សមធម៌ មាន​កោសិការ​ផ្សារភ្ជាប់​គ្នា មាន​ប្រជាជន​ប្រកបដោយ​ចំណេះដឹង​ខ្ពស់ និង​វប្បធម៌​ជ្រៅជ្រះ ហើយ​មាន​ជីវភាព​សមរម្យ និង​មានការ​រស់នៅ​ប្រកបដោយ​ភាពសុខដុមរមនា ទាំង​នៅក្នុង​សង្គមជាតិ ទាំង​នៅក្នុង​ក្រុមគ្រួសារ​។​

សមិទ្ធផល ដែល​សម្រេចបាន​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កំពុង​ឆ្លើយតប​ជា​វិជ្ជមាន​ទៅនឹង​ចរន្ត​នៃ​ដំណើរ​វិវត្តន៍​ទស្សនទាន​ស្ដីពី​វប្បធម៌​សន្តិភាព​របស់​ពិភពលោក និង​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​រ៍ ដោយ​ផ្អែកលើ​មូលដ្ឋាន​លើ​តម្លៃ​ជាស​កល ក្នុង​ការគោរព​សិទ្ធិ​រស់រានមានជីវិត សេរីភាព យុត្តិធម៌ សាមគ្គីធម៌ ការអត់អោន​ឲ្យ​គ្នា​ទៅវិញទៅមក​។ សិទ្ឋិ​មនុស្ស ភាតរភាព សមភាព និង​ការលើកតម្កើង​ជីវភាព​របស់​ប្រជាពលរដ្ឋ​។ ដូច្នេះ​យើង​អាច​សន្និដ្ឋានបានថា ប្រជាជន​រាជរដ្ឋាភិបាល និង​ប្រជាជាតិ​កម្ពុជា​ទាំងមូល​កំពុង​ដើរ​នៅលើ​ផ្លូវ​ដ៏​ត្រឹមត្រូវ​ក្នុង​រយៈពេល​២៧​ឆ្នាំ​កន្លងមកនេះ​។​

គិត​មកដល់ពេលនេះ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ទីក្រុង​ប៉ារីស​នៅមាន​តម្លៃ ផ្នែក​ខាង​សីលធម៌ និង​ជាម​រតក​ប្រវត្តិសាស្ត្រ ប៉ុន្តែ​គេ​មិនអាច​ប្រើ​ជា​លិ​ខិ​តូ​បក​រណ៍​អន្ដរជាតិ ឬ​ជា​ឧបករណ៍​អូសទាញ​ឲ្យ​សហគមន៍​អន្តរជាតិ​មក​ចូលរួម​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​កម្ពុជា ដែលជា​រដ្ឋ​អធិបតេយ្យ​នោះទេ​។ បញ្ហា​ផ្ទៃក្នុង​កម្ពុជា ត្រូវ​ដោះស្រាយ​ដោយ​កម្ពុជា ក្រោម​ច្បាប់​ផ្ទៃក្នុង​កម្ពុជា​។ សហគមន៍​អន្តរជាតិ មិនអាច​ប្រើ​លេស​សិទ្ធិមនុស្ស និង​លិទ្ធ​ប្រជាធិបតេយ្យ ដើម្បី​មក​រំលោភ​រដ្ឋ​អធិបតេយ្យ​មួយ​នោះទេ​។​

ជាថ្មី​ម្ដងទៀត វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បានធ្វើការ​កត់សម្គាល់​ប្រកបដោយ​មោទនភាព​ថា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន គឺជា​វីរជន​នយោបាយ​ខ្មែរ​តែ​ម្នាក់​គត់ ដែល​បាន​ដោះស្រាយ​បញ្ហា​ខ្មែរ ដោយ​ខ្មែរ​ខ្លួនឯង ដោយ​មធ្យោបាយ​សន្តិវិធី​។ ដូចដែល​សម្ដេច​តែងតែបាន​បញ្ជាក់​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​ថា គ្មាន​ជនបរទេស​ណា ដែល​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ​ស្រឡាញ់​ខ្មែរ​នោះទេ​។ នេះ​ជា​ទស្សនវិជ្ជា​នយោបាយ​ដ៏​សំខាន់បំផុត ដែល​ធ្វើ​ឲ្យ​មហា​គ្រួសារ​ខ្មែរ​យើង​មានការ​បង្រួបបង្រួម និង​ផ្សះផ្សា​ជាតិ​ពិតប្រាកដ​រហូតមកដល់​ពេលនេះ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu