Ad Code

ប្រទេស​ស្វី​ស​នៅតែ​ចាត់ទុក​កម្ពុជា ជា​មិត្ត​ដ៏​ល្អ ហើយ​ស្វី​សនឹង​ជួយផ្តល់​វគ្គ​បណ្តុះបណ្តាល​នូវ​ជំនាញ​មួយចំនួន​ដល់​កម្ពុជា



ភ្នំពេញ ​៖ ឯកអគ្គរដ្ឋទូត​ស្វី​ស ប្រចាំ​នៅ​កម្ពុជា​ឯកឧត្តម Ivo Sieber បាន​លើកឡើងថា ប្រទេស​ស្វី​ស​នៅតែ​ចាត់ទុក​កម្ពុជា ជា​មិត្ត​ដ៏​ល្អ ហើយ​ស្វី​សនឹង​ជួយផ្តល់​វគ្គ​បណ្តុះបណ្តាល​នូវ​ជំនាញ​មួយចំនួន​ដល់​កម្ពុជា​ដដែល ទាំង​ផ្នែក កសិកម្ម និង​អភិបាលកិច្ច​ល្អ​ហើយ​និង​ជំនាញ​ផ្សេងៗ​ទៀត​។

លោក​បន្តថា រដ្ឋាភិបាល​ស្វី​ស​តាមរយៈ​ស្ថានទូត​របស់ខ្លួន ប្រចាំ​នៅ​កម្ពុជា​បាន​សន្យាថា​នឹង​បន្ត​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ដល់​រដ្ឋាភិបាល​កម្ពុជា សម្រាប់​លើកស្ទួយ​វិស័យ​កសិកម្ម និង​អភិបាលកិច្ច​ល្អ​រួមទាំង​សន្យា​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​កម្ពុជា​ឲ្យ​កាន់តែ​ល្អប្រសើ​បន្ថែមទៀត​ផងដែរ​។​

ឯកអគ្គរដ្ឋទូត​ស្វី​សបាន​ថ្លែង​បែបនេះ​នៅក្នុង​កិច្ច​ជំនួប​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង​ឧបនាយករដ្ឋមន្ត្រី​និង​ជា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នា​រសៀល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ។​

នៅក្នុង​កិច្ច​ជំនួប​នោះដែរ​សម្តេច​ក្រឡាហោម ស ខេង ក៏បាន​លើកឡើង​អំពី ការវិវឌ្ឍ​មួយចំនួន​របស់​កម្ពុជា​ដោយ​សម្តេច​ក្រឡាហោម បាន​អះអាងថា​ ការរីកចំរើន​របស់​ក​ម្ពុ​ជា​គឺមាន​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​ជានិច្ច និង​រាជរដ្ឋាភិបាល​បានចាត់ទុក​អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ​ដ៏​ល្អ​និង​តែងតែ​ធ្វើការ​ជួបជុំគ្នា​យ៉ាងតិច​ពីរដង​ក្នុង​មួយឆ្នាំ​ផងដែរ​។​

ជាមួយគ្នា​នោះដែរ​សម្តេច​ក្រឡាហោម ក៏បាន​ប្រាប់​ដល់​ឯកឧត្តម Ivo Sieber ផងដែរ​ថា ការបោះឆ្នោត​សកល​របស់​កម្ពុជា​កាល​ពីថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ បាន​ប្រព្រឹត្តិ​ទៅ​ដោយ​ភាព​រលូន តម្លាភាព និង​គ្មាន​អំពើ​ហិង្សា​ណាមួយ​កើតឡើង​ផង​ដែរ។ យ៉ាងណាក៏ដោយ​នៅ​ក្នុង​កិច្ច​ជំនួប​នោះ​សម្តេច​ក្រឡាហោម ក៏បាន​ថ្លែង​អំណរ​អគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ស្វី​ស​ដែល​បាន​ជួយ​គាំទ្រ និង​ផ្តល់​នូវ​ជំនួយ​ឥតសំណង​ដល់​កម្ពុជា​នា​ពេល​កន្លងមក​ផង​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu