អ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជាមឿន សុខហ៊ុច អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា ត្រូវគេផ្គូអោយជួបប្រកួតជាមួយថៃ Khum Phit នៅយប់ថ្ងៃសៅរ៍ទី២៧ តុលា ២០១៨នេះ នៅសង្វៀនGanz berg Top Fighter នៅអាស៊ីអាគ្នេយ៍ ។
Khum Phit នេះ បើតាមការស្រាវជ្រាវពីប្រវត្តិរបស់អ្នកប្រដាល់ថៃរូបនេះនោះគឺ Khum Phit ជាម្ចាស់ខ្សែក្រវាត់ ដែលមានស្នៀតប្រដាល់ល្អនិងខ្លាំង ហើយបទពិសោធន៍លើរេញរបស់គេ ក៏មិនធម្មតាដែរ ដោយគេមានកំណត់ត្រាប្រកួត១០៩លើក(ក្នុងឆ្នាំ២០១៦)ឯណោះ តែសម្រាប់ការមកប្រកួតជាមួយមឿន សុខហ៊ុចនេះ Khum Phit ដាក់ប្រវត្តិប្រកួតតែចំនួន៧០ លើកប៉ុណ្ណោះ ក្នុងនោះវាយឈ្នះ៥៧លើក ចាញ់១០លើក និងស្មើ០៣លើក ។
កាលពីឆ្នាំ២០១៦ គេបានមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍នេះម្តង ដោយវាយចាញ់រឿង សោភ័ណ្ឌ ជើងខ្លាំងកម្ពុជាក្លិបមកុដរាជសីហ៍ ក្នុងទឹកទី២ ។ហើយមកប្រកួតលើកចុងក្រោយនេះ(០៦តុលា២០១៨) គេវាយចាញ់ឡៅ ចន្ទ្រា។ ដូច្នេះ សម្រាប់ជំនួបជាមួយមឿន សុខហ៊ុចលើកនេះ មិនដឹងថា Khum Phit គេចាញ់ទៀតឬក៏ឈ្នះនោះទេ ?។
មឿន សុខហ៊ុច គេជាជើងខ្លាំងមួយរូបនៅកម្ពុជាដែរ ។គេមានប្រវត្តិប្រកួតរហូតដល់ចំនួន១៤៦លើក ឈ្នះ១១៩លើក ចាញ់២២លើក និង ស្មើ០៥លើក ។ យ៉ាងណា មឿន សុខហ៊ុច មិនអាចមើលស្រាល ឬ ធ្វេសប្រហែសនោះទេ ព្រោះ Khum Phit អ្នកប្រដាល់ថៃរូបនេះ គឺមានស្នៀតប្រដាល់និងបច្ចេកទេសមិនអន់នោះឡើយ ។
សុខហ៊ុច មិនដឹងថា អាចយកឈ្នះ Khum Phit បានឬអត់នោះទេ ? ព្រោះថា អ្នកប្រដាល់ថៃរូបនេះ គេមានផ្លែល្អ និងរឹងមាំណាស់ ។ ដូច្នេះ ចាំមើលរវាងមឿន សុខហ៊ុច និង Khum Phit ជួបគ្នាលើកដំបូងនេះ តើនរណាឈ្នះ ? ។ មឿន សុខហ៊ុច ប្រកួតជាមួយថៃលើកចុងក្រោយនេះ គេបានផ្តួល Chhuok Chhai ក្នុងទឹកទី២ កាលពីថ្ងៃទី០៦តុលា២០១៨ ។
ចំណែក នន់ ជំនិត អ្នកប្រដាល់ក្លិបស្វាយរលំឫទ្ធីជ័យ ដែលជាជើងខ្លាំងជើងចាស់របស់កម្ពុជានោះ នឹងជួបប្រកួតជាមួយអ្នកប្រដាល់ជនជាតិបារាំងឈ្មោះJulien ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១ គីឡូក្រាម ។
នេះជាលើកទី១០ របស់នន់ជំនិត ដែលបានជួបប្រកួតជាមួយអ្នកប្រដាល់បរទេស ។ក្នុង៩ប្រកួតជាមួយថៃនិងអឺរ៉ុបកន្លងមកនេះ នន់ ជំនិត វាយឈ្នះ៥លើក និងចាញ់៤លើក ។ ការប្រកួតលើកចុងក្រោយរបស់ជំនិត គឺវាយឈ្នះអ្នកប្រដាល់បារាំង Naser ដោយពិន្ទុ។ ចាំមើល លើកនេះ នន់ ជំនិត អាចយកឈ្នះអ្នកប្រដាល់ជនជាតិបារាំងឈ្មោះJulienនេះ បានឬអត់ ? ។
នន់ ជំនិត ជាជើងខ្លាំងជើងចាស់ គេមានបទពិសោធន៍ច្រើនក្នុងការប្រកួត ដោយគេវាយជាមួយបរទេស គឺគ្មានញញើតខ្លាចអ្វីបន្តិចទេ ។ គេមានកណ្តាប់ដៃល្អ វាយចេញចូលរហ័ស ហើយស្នៀតទាត់និងជង្គង់ កែង ក៏ល្អថែមទៀត ។ ក្នុងកំនត់ត្រាប្រកួតចំនួន៧៦លើកជំនិតវាយឈ្នះ៥៩លើក ចាញ់១៥លើក និងស្មើ០២លើកប៉ុណ្ណោះ ។
ទោះជាបែបនេះក្តី មិនទាន់ហ៊ានសន្និដ្ឋានថា នន់ ជំនិត ជួបសំណាងល្អនៅក្នុងការប្រកួតជាមួយJulien នេះឡើយ ? ព្រោះអ្នកប្រដាល់បារាំងរូបនេះ ថ្វីត្បិតតែមានកំណត់ត្រាប្រកួតត្រឹម៤១លើក ឈ្នះ៣៤លើកនិងចាញ់០៧លើកក្តី តែគេមានស្នៀតប្រដាល់ល្អ មានបច្ចេកទេសវាយល្អ ដែលមិនអាចមើលស្រាលបាន ។ Julien កាលពីថ្ងៃទី០១ កញ្ញា នៅលើសង្វៀនSEATVនេះ គេបានវាយឈ្នះជើងចាស់ហេង សំរាំង ដោយពិន្ទុ ដូច្នេះគេមិនធម្មតានោះឡើយ៕
Source: Kampuchea Thmey Daily
0 Comments