Ad Code

ប្រជុំ​ផ្សព្វផ្សាយ​ពង្រឹង​វិធានការ​បង្ការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​គ្រឿងញៀន



ស្វាយរៀង ​៖​ សាលាខេត្ត​ស្វាយរៀង មាន​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ពង្រឹង​វិធានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​រវាង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ និង​វិស័យ​ឯកជន​ក្នុង​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តស្វាយរៀង។

កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ព្រះរាជអាជ្ញា​ខេត្ត លោក​តំណាង​ប្រធាន​សាលាដំបូង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោកស្នងការ ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព អភិបាលក្រុង ស្រុក អធិការនគរបាល មេឃុំ ចៅសង្កាត់ នាយ​ប៉ុស្ដិ៍​នគរបាលរ​ដ្ឋ​បាល ប្រធាន​ទីស្នាក់ការ​ព្រំដែន​ទាំង​៨ កងកម្លាំង ព្រមទាំង​តំណាង​ម្ចាស់​កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ​ដែលមាន​មូលដ្ឋាន​ក្នុង​ខេត្ត សរុប​ប្រមាណ ៤៣០​នាក់។

លោក​អភិបាលខេត្ត មានប្រសាសន៍​បញ្ជាក់​ថា ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ពុំមែន​ជា​កិច្ចការ​ផ្ដាច់មុខ​របស់​អ្នកណាម្នាក់​នោះ​ទេ ជា​ការ​ងារ​សរុប ជា​ការងារ​រួម ដែល​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​សមាសភាព​ពាក់ព័ន្ធ​ទាំងអស់ ទាំង​រដ្ឋ និង​ឯកជន ទើប​ការងារ​នេះ អាច​សម្រេច​ទៅ​បាន​ដោយ​រលូន និង​ទទួល​បាន​លទ្ធផល​ជោគជ័យ ហើយ​ប្រសិនបើ​ខ្វះ​ការចូលរួម​ដោយ​ពេញលេញ​ពី​ភាគី​ណាមួយ​​ ទាំង​រដ្ឋ​ក្ដី និង​ឯកជន​ក្ដីនោះ ​​នឹងធ្វើ​ឲ្យ​យើង​ពិតជា​មានការ​លំបាក​ក្នុងការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន ដែល​ធ្វើ​ឲ្យ​បញ្ហា​នេះ ក៏​នៅតែ​ជា​ជំងឺមហារីក​ដែល​ជះឥទ្ធិពល​ធ្ងន់ធ្ងរ​ទៅដល់​យុវជន និង​ប្រជាជន ក៏ដូចជា​ប្រទេសជាតិ​របស់​យើង។ យ៉ាង​ដូច្នេះ ទើប​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ហើយ​បច្ចុប្បន្នកំពុង​អនុវត្ត​នៅក្នុង​ដំណាក់កាល​ទី​៣ ដែល​ឯកឧត្ដម​សូម​សម្ដែង​នូវ​ការ​កោតសរសើរ និង​អរគុណ ចំពោះ​ការចូល​រួមសហការ​យ៉ា​ង​ល្អប្រសើរ​របស់​អស់លោក លោកស្រី​ដែលជា​ម្ចាស់​អាជីវកម្ម​ទាំងអស់ ជាមួយនឹង​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​នៅក្នុង​ខេត្ត​នាពេល​កន្លងមក ដោយបាន​ធ្វើ​ឲ្យ​ការអនុវត្ត​ផែនការ​យុទ្ធនាការ​នេះ នៅ​គ្រប់​ដំណាក់កាល ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ ទាំង​លើ​ការងារ​ផ្សព្វផ្សាយ​អប់រំ វិធានការ​រដ្ឋបាល និង​ការងារ​អនុវត្ត​ច្បាប់ ។​
​លោក​អភិបាលខេត្ត ក៏បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​ម្ចាស់​ទីតាំង​ផ្ទះសំណាក់ សណ្ឋាគារ ផ្ទះជួល និង​ខារ៉ាអូខេ ចំនួន ១៥៤​ទីតាំង នៅក្នុង​ខេត្ត ដែល​បាន​សហការ​ចុះកិច្ចសន្យា​ស្ដីពី​កិច្ចសហការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ជាមួយ​ស្នងការដ្ឋាន​នគរបាល​ដ្ឋា​ន​ខេត្ត​រួចហើយ និង​សូម​ស្នើ​ដល់​ម្ចាស់​ទីតាំង​អាជីវកម្ម​ទាំងអស់​ដែល​មិន​ទាន់​បាន​ចុះ​កិច្ចសន្យា សូម​ចូលរួម​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​អនុវត្ត​កិច្ចការ​នេះ ឲ្យ​បាន​ល្អ​ប្រសើរ និង​ទទួល​បាន​លទ្ធផល​ជោគជ័យ។

លោក​អភិបាលខេត្ត បាន​ផ្ដាំផ្ញើ​ដល់​គ្រប់​សមាសភាព​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​ជំរុញ​ការ​ផ្សព្វផ្សាយ​អប់រំ និង​ការអនុវត្ត​វិធានការ​រដ្ឋបាល​ឲ្យ​បាន​កាន់តែ​សកម្ម និង​ផុលផុស​ថែមទៀត និង​ស្នើ​ដល់​ម្ចាស់​កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះ​ជួល ក្លឹប​រាត្រី ខារ៉ាអូខេ ទាំងអស់​ត្រូវ​ចូលរួម​សហការ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ជាមួយ​កម្លាំង​សមត្ថកិច្ច ដោយ​មិន​ត្រូវ​មានការ​លាក់បាំង​ព័ត៌មាន​ណាមួយ​នោះទេ ហើយ​ក្នុងករណី​មានការ​សង្ស័យថា​មាន​ករណី​ជួញដូរ ចែកចាយ ឬ​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ទីតាំង​អាជីវកម្ម​របស់ខ្លួន សូម​រាយការណ៍​ជូន​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត​ឲ្យ​បាន​ឆាប់​ដើម្បី​មាន​វិធានការ​បង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu