កំពង់ស្ពឺ ៖ ឃាតកដៃឆៅ បានទាញកាំបិតផ្គាក់កាប់ទៅលើស្ត្រីជាប្រពន្ធជាច្រើនកាំបិតធ្លាយពោះស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម។
អំពើឃាតកម្មដ៏សាហាវឃោរឃៅខាងលើ ដែលបង្កឡើងដោយបុរសជាប្តីនេះ បានកើតឡើងនៅវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ ស្ថិតនៅភូមិឃ្លាំង ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បន្សល់ទុកនូវកូនតូចៗឲ្យនៅកំព្រាគ្មានអ្នកមើលថែ។
នគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ បានប្រាប់ឲ្យដឹងថា ឃាតកដៃដល់ ដែលធ្វើសកម្មភាពកាប់ទៅលើស្ត្រីជាប្រពន្ធបណ្ដាលឲ្យស្លាប់មានឈ្មោះ ម៉ាន់ ធុន ភេទប្រុស អាយុ ៣៧ឆ្នាំ។ ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ អុល ថន អាយុ ៣៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។
មន្ត្រីជំនាញបញ្ជាក់ថា ឆ្លងតាមតាមការស្រាវជ្រាវជុំហេតុការណ៍នេះ គឺបណ្តាលមកពីមូលហេតុបុរសជាឃាតកដៃឆើតខឹងប្រពន្ធ និងម្ដាយក្មេកថា បានប្ដឹងឲ្យសមត្ថកិច្ចចាប់រូបខ្លួនពាក់ព័ន្ធការជក់គ្រឿងញៀន។
ផ្តើមឡើងពីបញ្ហានេះ ទើបឃាតកខឹងសម្បាយ៉ាងខ្លាំងរួចទាញកាំបិតផ្គាក់កាប់ទៅជនរងគ្រោះជាប្រពន្ធជាច្រើនកាំបិត និងធ្លាយពោះវៀនចេញមកក្រៅស្លាប់ក្នុងថ្លុកឈាមបែបនេះ។ បន្ទាប់ពីកើតហេតុភ្លាមៗឃាតកត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកកាន់ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។
បញ្ហាគ្រឿងញៀនកំពុងវាយលុកក្រុមយុវវ័យគ្រប់ស្រទាប់វណ្ណៈទាំងក្នុងទីក្រុងរហូតដល់តំបន់ជនបទដាច់ស្រយាល និងជាក្តីបារម្ភមួយដ៏ធំដែលរាជរដ្ឋាភិបាលរិះរកវិធានការទប់ស្កាត់ និងលុបបំបាត់ឲ្យបានពីបញ្ហាគ្រឿងញៀននេះផងដែរ ព្រោះគ្រឿងញៀនធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតសង្គមទាំងមូលតែម្តង។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់មានប្រសាសន៍ណែនាំដល់អភិបាលរាជធានី ខេត្ត និងស្នងការនគរបាលគ្រប់រាជធានី ខេត្តត្រូវមានវិធានការទប់ស្កាត់ និងបង្ក្រាបឲ្យបានរាល់ករណីជួញដូរគ្រឿង។ ក្នុងនោះសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់តាមអ្វីដែលសម្តេចដឹងនៅតាបន់ជនបទតាមខេត្តមួយចំនួនមានការជួញនេះច្រើនដូច្នេះត្រូវពិនិត្យមើលឡើងវិញ ព្រោះបញ្ហាគ្រឿងញៀនមិនមែនជាបញ្ហារបស់អ្នកណាម្នាក់នោះទេ គឺជាបញ្ហាសង្គមទាំងមូលត្រូវរួមគ្នាដោះស្រាយ៕
Source: Kampuchea Thmey Daily
0 Comments