ក្លិបជើងឯករងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) បឹងកេតអែហ្វស៊ី បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី៤ខែតុលាឆ្នាំ២០១៨ សប្ដាហ៍នេះថា ក្លិបបានចុះកិច្ចសន្យាជាមួយខ្សែការពារ ក្រុមជម្រើសជាតិយុវជនកម្ពុជា សឿត ណាវ៉ា ដែលធ្លាប់បណ្តុះបណ្តាលនៅមជ្ឈមណ្ឌលនិងសាលាបាល់ទាត់ជាតិបាទី ក្នុងខេត្តតាកែវ។
ក្លិបបានផ្តល់អាវលេខ៥ដល់ខ្សែការពារវ័យ១៨ឆ្នាំរូបនេះ ក្នុងពេលប្រកួតផ្លូវការនៅពេលខាងមុខ ខណៈអាវនេះធ្លាប់ពាក់ដោយកីឡាករ សុខ សុវណ្ណ ដែលទើបតែចាកចេញទៅកាន់ក្លិបវិសាខា កាលពីជើងទី២រដូវកាលឆ្នាំ២០១៨ កន្លងទៅ។ ក្រោយពីផុតកិច្ចសន្យាហើយចាកចេញពីសាលាបាល់ទាត់ជាតិបាទី រូបគេបានផ្លាស់ទ្រនំមកកាន់ក្រុមបឹងកេតអែហ្វស៊ី នេះតែម្តង។ យុវជនដែលមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ រូបនេះ បានជាប់ជាយុវជនថ្នាលរបស់សាលាបាល់ទាត់ជាតិបាទីក្នុងឆ្នាំ២០១៤។
កីឡាករ សឿត ណាវ៉ា ធ្លាប់ជាប់បង្ហាញខ្លួននៅក្នុងប្រកួតលើឆាកអន្តរជាតិជាច្រើនជាមួយក្រុមជម្រើសជាតិយុវជនកម្ពុជា ព្រមទាំងក្នុងពានរង្វាន់ជើងឯកអាស៊ី ជើងតំបន់អាស៊ាន និងពានរង្វាន់ក្រៅផ្លូវការមួយចំនួនផងដែរ ជាក់ស្តែងដូចជាក្នុងពានរង្វាន់ AFF U16 Championship, AFC U16 Championship, AFF U17, AFF U18, និង AFF U19 Championship ឆ្នាំ២០១៨នៅប្រទេសឥណ្ឌូណេស៊ី ក្នុងខែកក្កដាកន្លងទៅនេះ។ថ្មីៗនេះរូបគេទើបធ្វើដំណើរត្រឡប់មកពីហ្វឹកហាត់នៅប្រទេសជប៉ុន រយៈពេល៣សប្ដាហ៍។
កីឡាករ សឿត ណាវ៉ា គឺជាសមាជិកចំណូលថ្មីទី២ បន្ទាប់ពីមិត្តរួមក្រុមអ្នកចាំទី ហ៊ុល គីមហ៊ុយ នៅសាលាបាល់ទាត់ជាតិបាទីដូចគ្នា ដែលបានសម្រេចចិត្តរូមជាមួយក្រុមបឹងកេតអែហ្វស៊ី នៅចុងឆ្នាំ២០១៨នេះ។ ដំណើរមកដល់របស់កីឡាករទាំង២រូបនេះនឹងជួយបំពេញចន្លោះប្រហោងនៅលើទីលានដល់លោក ហៅ សុជាតិ ដែលជាគ្រូបង្វឹកកំពុងជួបប្រទះនាពេលកន្លងទៅនេះ៕
Source: Kampuchea Thmey Daily
0 Comments