លោក ប៉ែន ផាត អតីតកីឡាករជម្រើសជាតិកម្ពុជា ជំនាន់ទសវត្សទី ៦០ បានផុតកិច្ចសន្យាបង្ហាត់ក្រុមបាល់ទាត់យុវជនថ្នាលនៅខេត្តឈុនបូរី ប្រទេសថៃ ហើយត្រឡប់ទៅរស់នៅប្រទេសបារាំង ខណៈលោកក៏មិនមានការងារដែលធ្វើពាក់ព័ន្ធនឹងបាល់ទាត់នៅប្រទេសកម្ពុជា ដែលជាស្រុកកំណើត។
ក្រោយទៅដឹកនាំក្រុមនៅទីនោះមួយរយៈលោក ប៉ែន ផាត បានប្រាប់ថា «គួរឲ្យគោរព សរសើរ Academy (យុវជនថ្នាល) មួយនេះណាស់។ សិស្សៗគេយកចិត្តទុកដាក់នឹងអនាគតរបស់គេណាស់ដោយងើបម៉ោង៥ព្រឹកហាត់ដើម្បីហ្វឹកហាត់ មុនចេញទៅរៀន។ ចំណែកពេលល្ងាចម៉ោង៥កន្លះគេចាប់ផ្តើមហ្វឹកហាត់ទៀត រហូតដល់ម៉ោង៧កន្លះយប់ រួចនាំគ្នាមុជទឹកសម្អាតខ្លួនទើបញាំបាយ និងមើលមេរៀន។ ចាប់ពីម៉ោង១០យប់គេនាំគ្នាចូលគេង។ គេឈប់សម្រាកនៅព្រឹកថ្ងៃសៅរ៍និងព្រឹកថ្ងៃអាទិត្យ តែពេលល្ងាចមានរៀបចំប្រកួត។ ចំពោះគ្រូវិញក៏ហត់ណាស់ដែរតែសប្បាយចិត្ត ដែរបានឃើញអ្វីៗដ៏ប្រពៃនឹងភ្នែក»។
អតីតវីវៈបុរសក្រុមជម្រើសជាតិកម្ពុជា បានឲ្យដឹងថា «ខ្ញុំបានចុះកិច្ចសន្យាដឹកនាំក្រុមឈុនបូរី នេះគឺបង្ហាត់ក្មេងៗចន្លោះពីអាយុ៦ដល់១៧ឆ្នាំ។ ពួកគេសុទ្ធតែចង់ចេះលេងបាល់ឲ្យពូកែដូចខ្ញុំ។ ម្យ៉ាងខ្ញុំចេះភាសាថៃស្រាប់ ដោយសារខ្ញុំធ្លាប់ធ្វើការនៅទីនោះក្នុងនាមជាកីឡាករមិនពិបាកក្នុងការទំនាក់ទំនងជាមួយកីឡាករ។ ខ្ញុំចុះកិច្ចសន្យារយៈពេលតែកន្លះឆ្នាំទេ ព្រោះគិតថាចង់ធ្វើការងារអីផ្សេងទៀត។ ខ្ញុំត្រឡប់មកស្នាក់នៅប្រទេសបារាំងវិញមួយរយៈមក មុនត្រឡប់ទៅចរចាកុងត្រាថ្មីជាមួយក្លិបនេះឡើងវិញនៅចុះខែតុលា នេះ»។
សូមរំលឹកថា លោក ប៉ែន ផាត ធ្លាប់បានត្រឡប់មកប្រទេសកម្ពុជា វិញកាលពីឆ្នាំ២០១៥-២០១៦ កន្លងទៅដោយដឹកនាំក្រុមវេស្ទើនភ្នំពេញ ប៉ុន្តែដឹកនាំបានមួយរយៈលោកបានធ្វើដំណើរត្រឡប់ទៅប្រទេសបារាំងវិញ ដោយសារក្លិបមិនអាចធ្វើតាមអ្វីដែលលោកចង់បាន។ តែយ៉ាងណាក្តីលោកនៅតែមិនដាច់អាល័យពីកម្ពុជាដែរ ដោយលោកនៅជាសមាជិកក្រុមបាល់ទាត់វ័យចាស់របស់កម្ពុជា នាពេលបច្ចុប្បន្នផងដែរ។
អំឡុងពេលមានសង្គ្រាម លោក ប៉ែន ផាត និងក្រុមគ្រួសារបានរត់គេចទៅស្នាក់នៅប្រទេសបារាំង ហើយលោកបានធ្វើដំណើរមកកាន់កម្ពុជាកាលពីចុងខែ កក្កដា ឆ្នាំ២០១៥ កន្លងទៅ ដើម្បីចូលដឹកនាំក្រុមវេស្ទើន។ លោកមានអាយុ ៧០ឆ្នាំ ជាអតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជាកាលពីទសវត្ស១៩៦០-៧០ ហើយជំនាន់នោះ លោកក៏បានកសាងកេរ្តិ៍ឈ្មោះល្បីល្បាញផងដែរនៅក្នុងក្លិប Rapracha នៃក្របខណ្ឌកំពូលរបស់ថៃនាសម័យនោះ រហូតទទួលបានរហស្សនាមថា «ពស់កេងកង»។ ម្យ៉ាងទៀតលោកជាសមាជិកម្នាក់ ដែលបានជួយឲ្យកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤នៃ ពានរង្វាន់ទ្វីបអាស៊ី Asian Cup កាលពីឆ្នាំ១៩៧២៕
Source: Kampuchea Thmey Daily
0 Comments