ភ្នំពេញ ៖ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍មួយ ទាក់ទងការដកការអនុគ្រោះពន្ធ (EBA) ពីកម្ពុជា របស់សហភាពអឺរ៉ុប (EU) ដោយបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងធ្វើការបម្រើផលប្រយោជន៍ប្រជាជនខ្មែរប្រកបដោយជោគជ័យ ទាំងកិច្ចគ្រប់គ្រងរដ្ឋ ក៏ដូចជាកិច្ចការទំនាក់ទំនងអន្តរជាតិ និងសហប្រតិបត្តិការ ក្នុងភាពជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាមួយសមាភាគីសហភាពអឺរ៉ុប។
លោក ផៃ ស៊ីផាន បានលើកឡើងបែបនេះ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨។ លោកថ្លែងថា ថ្មីៗនេះ សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍ មួយទាក់ទងទៅនឹងកម្មវិធីពន្ធអនុគ្រោះពាណិជ្ជកម្មសម្រាប់កម្ពុជា (អ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ “EBAs”) ដែលបញ្ហានេះ មិនបានធ្វើឲ្យកម្ពុជាមានការព្រួយបារម្ភហួសហេតុ ឬបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនោះឡើយ។ ពីព្រោះយោងទៅតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងសហភាពអឺរ៉ុប ចំពោះពន្ធអនុគ្រោះ EBAs គឺមានគោលការណ៍ និងទិសដៅ “សម្រាប់ផ្ដល់ឲ្យប្រទេស ដែលមានការអភិវឌ្ឍតិចតួច (LDCs)” ដូចជាប្រទេសកម្ពុជា ហើយក៏ជាប្រទេស ដែលនាំមុខគេក្នុងការផ្តល់សច្ចាប័ន នៃកិច្ចព្រមព្រៀងជាមួយអង្គការពលកម្មអន្តរជាតិ (ILO) ដែលជាកត្តាចម្បងមួយ ក្នុងការទទួលបានពន្ធអនុគ្រោះពាណិជ្ជកម្ម EBAs នេះ។
តាមលោក ផៃ ស៊ីផាន “កម្ពុជា ក៏បាននឹងកំពុងបន្តកិច្ចសហប្រតិបត្តិការយ៉ាងល្អ និងជិតស្និទ្ធ ជាមួយសហភាពអឺរ៉ុប ទាំងផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីផលប្រយោជន៍រួមគ្នាទៅវិញទៅមក។ នៅក្នុងស្ថានភាពនេះ សហភាពអឺរ៉ុប និងកម្ពុជា នៅតែបន្តរក្សាភាពជាដៃគូ ក្នុងកិច្ចសន្ទនា ដើម្បីថែរក្សាផលប្រយោជន៍រួម ដែលកើតចេញពីពន្ធអនុគ្រោះ (EBAs) ជាមួយនឹងកិច្ចធានានូវអធិបតេយ្យ និងឯករាជ្យភាពរៀងៗខ្លួន។ សម្រាប់កម្ពុជា គឺនៅតែគោរព និងវាយតម្លៃខ្ពស់ លើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយអង្គការពលកម្មអន្តរជាតិ (ILO) ក៏ដូចជាអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងកិច្ចរួមគ្នា ដើម្បីសិទ្ធិសេរី និងជីវភាពថ្លៃថ្នូររបស់កម្មករ កម្មការី ដែលជាបុព្វហេតុ និងឧត្តមប្រយោជន៍របស់កម្ពុជា និងសហភាពអឺរ៉ុប ដែលបានប្តេជ្ញាអភិវឌ្ឍន៍ និងការពារ រហូតដល់ទទួលបានជោគជ័យ ជាប្រយោជន៍រួមនាបច្ចុប្បន្ននេះ”។
លោក ផៃ ស៊ីផាន លើកឡើងទៀតថា “អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មានកិតិ្តយស និងសេចក្តីរីករាយ សូមជម្រាបជូនដល់ជនរួមជាតិទាំងអស់ កុំឲ្យមានការព្រួយបារម្ភ តាមរយៈការវិភាគ និងការវាយតម្លៃ មិនសមហេតុផល ស្តីពីពន្ធអនុគ្រោះ EBAs ហើយពន្ធអនុគ្រោះនេះ គឺមាននីតិវិធីក្នុងការអនុវត្ត ឬការដោះស្រាយ ដែលនឹងត្រូវចំណាយពេលវែងឆ្ងាយទៅមុខទៀត ក្នុងកិច្ចសហប្រតិបត្តិការ រវាងភាគីសហភាពអឺរ៉ុប និងកម្ពុជា។ នៅក្នុងន័យនេះ ដំណើរការនៃផលិតកម្មឧស្សាហកម្ម វាយណភ័ណ្ឌនៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារអឺរ៉ុបនោះ មិនទាន់មានផលប៉ះពាល់អវិជ្ជមានណាមួយនោះទេ ខណៈដែលភាគីពាក់ព័ន្ធកំពុងតែធ្វើការពិភាក្សា និងដោះស្រាយ ទៅតាមនីតិវិធី នៃកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអឺរ៉ុប ស្ដីពីការអនុវត្តប្រព័ន្ធអនុគ្រោះពន្ធ (EBAs) នេះ”។
ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា ក្នុងឋានៈជាប្រទេសអធិបតេយ្យមួយ កម្ពុជាត្រូវតែប្រកាន់ភ្ជាប់នូវគោលការណ៍ ឯករាជ្យ អធិបតេយ្យ និងបូរណភាពរបស់ខ្លួនដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ខណៈដែលកម្ពុជាធ្វើការក្នុងភាពស្មើមុខមាត់ជាមួយសហគមន៍អន្តរជាតិ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែតុលា ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយបញ្ជាក់ថា កន្លងមកមានការរៀបចំជាច្រើនត្រូវបានធ្វើឡើងមុននឹងមានការដាក់ចេញសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលជាការចាប់ផ្ដើមនីតិវិធីជាផ្លូវការដើម្បីឈានទៅដល់ជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធលើអ្វីៗគ្រប់បែបយ៉ាងលើកលែងតែអាវុធ ឬហៅកាត់ថា EBA សម្រាប់ប្រទេសកម្ពុជា ដែលនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធជាបណ្ដោះអាសន្ននេះ មានរយៈពេល៦ខែ ហើយអំឡុងពេលនេះ គណៈកម្មការអឺរ៉ុបផ្ដល់ឲ្យប្រទេសពាក់ព័ន្ធនូវឱកាសគ្រប់បែបយ៉ាង ដើម្បីធ្វើការសហការ និងប្រមូលរាល់ព័ត៌មាន ដែលចាំបាច់ទាំងអស់។ បន្ទាប់ពីរយៈពេល៦ខែនេះ នឹងមានរយៈពេល៦ខែទៀត សម្រាប់រៀបចំរបាយការណ៍អំពីលទ្ធផលរកឃើញ ហើយនៅពេលបញ្ចប់នីតិវិធីនេះ នឹងចេញសេចក្តីសម្រេចមួយទៀត ថាតើត្រូវដកប្រព័ន្ធអនុគ្រោះពន្ធ ឬអត់។ តែត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានចាត់ទុកដំណើរការដកការអនុគ្រោះពន្ធនេះថា ជាការសម្រេចដ៏អយុត្តិធម៌បំផុត ហើយនេះបង្ហាញឲ្យឃើញថា សហភាពអឺរ៉ុបបានបដិសេធដោយចំហ អំពីវឌ្ឍនភាពដែលកម្ពុជាសម្រេចបាន៕
Source: Kampuchea Thmey Daily
0 Comments