Ad Code

អភិបាល​ខណ្ឌ​ដង្កោ ​បន្ត​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​២​ខ្សែ​ជូន​ពលរដ្ឋ​ប្រើប្រាស់



ភ្នំពេញ​ ៖ ​លោក នុត ពុធ​ដា​រ៉ា ជំនួយការ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​អភិបាល​ខណ្ឌដង្កោ រួមជាមួយ​លោក​អភិបាលរង មន្ត្រីរាជការ​ខណ្ឌ សង្កាត់ ភូមិ កាលពី​ថ្ងៃ​សុក្រ ២​រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ បាន​បន្ត​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​ចំនួន ០២​ខ្សែ ស្ថិតក្រោម​គម្រោង​មូលនិធិ​អភិវឌ្ឍ​សង្កាត់ ឆ្នាំ​២០១៨ ប្រវែង សរុប ៩៩៣​ម៉ែត្រ ក្នុង​សង្កាត់​ស្ពានថ្ម និង​សង្កាត់​សាក់​សំពៅ។

ផ្លូវ​បេតុង​ទាំង ០២​ខ្សែ ដែល​ត្រូវ​បើក​ការដ្ឋាន​ស្ថាបនា រួមមានៈ ខ្សែ​ទី​១ ប្រវែង ៦៤៣​ម៉ែត្រ ទទឹង ៤​ម៉ែត្រ ក្នុងភូមិ​ម៉ឺន​ត្រា សង្កាត់​ស្ពានថ្ម និង​ខ្សែ​ទី​២ ប្រវែង ៣៥០​ម៉ែត្រ ទទឹង ៤​ម៉ែត្រ ក្នុងភូមិ​កំ​រ៉ែ​ង សង្កាត់​សាក់​សំពៅ​។​



នាពេលនោះ​លោក នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ បានធ្វើ​ការលើកឡើង​អំពី​ការអភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេសជាតិ​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​អភិបាល​ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលជា​និច្ចកាល​សម្តេច​ទាំង​ទ្វេ​​ តែង​បាន​គិតគូរ​អំពី​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។​



លោក​អភិបាលខណ្ឌ បានធ្វើការ​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ទទួលបាន​ជ័យជម្នះ​យ៉ាង​ភ្លូកទឹកភ្លូកដី ដើម្បី​សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី ដឹកនាំ​ប្រទេស​ឆ្ពោះទៅរក​វឌ្ឍនភាព ការអភិវឌ្ឍ និង​សុខសន្តិភាព​។​

លោក​អភិបាល​ក៏បាន​ណែនាំ ដល់​ក្រុមហ៊ុន សូម​យកចិត្តទុកដាក់​អនុវត្ត​គម្រោង​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ហើយ​ត្រូវ​ធ្វើ​ឲ្យ​បាន​ឆាប់ ដើម្បី​ជូន​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់។ ជាមួយគ្នា​ ក៏បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ចូលរួម​សហការ​ចំពោះ​ផល​ប៉ះពាល់​តិចតួច ដែល​បណ្តាល​មកពី​ការស្ថាបនា​ផ្លូវ ដើម្បី​ឲ្យ​ផ្លូវ​នេះ​ បាន​ឆាប់​រួចរាល់ និង​មានគុណ​ភាព​ល្អ ប្រើប្រាស់​បាន​យូរ​អង្វែង​។​

នា​សកម្មភាព​នេះ បងប្អូន​ប្រជាពលរដ្ឋ​បានធ្វើការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​យកចិត្តទុកដាក់ និង​គិតគូរ​អំពី​ការ​លំបាក​របស់​ពួកគាត់ ហើយ​ផ្លូវ​បេតុង​ទាំងនេះ នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ពួកគាត់​បាន​ល្អ​ប្រសើរ៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu