ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋរួមជាមួយជនរងគ្រោះដេញប្រផាប់ចាប់ប្រភីងបានភ្លាមៗ ហើយស្វាគមន៍ម្នាក់១ដៃ១ជើងឡើងទ្រមខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃស៊េរីទំនើប ពីនារីជានិស្សិតម្នាក់ បានសម្រេចហើយតែរត់មិនរួច ដែលហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅ តាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ ឈឿង ហៃវាសនា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរចោរឆក់ ស្នាក់នៅភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះឈ្មោះ ឃឿន ឆេងលាប ភេទស្រីអាយុ២០ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅភូមិព្រៃព្រីងជើងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ទូរស័ព្ទដែលជនសង្ស័យឆក់យក ម៉ាក IPhone 6Plus ពណ៌ខ្មៅ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុនារីរងគ្រោះ ជិះម៉ូតូ តាមផ្លូវសហព័ន្ធរុស្ស៊ី ពីលិចទៅកើត លុះដល់ចំណុចខាងលើ ត្រូវបានជនសង្ស័យជិះម៉ូតូ មួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FY-0330 មកឆក់យកទូរស័ព្ទពីដៃ បានសម្រេចហើយ ជនសង្ស័យ ជិះម៉ូតូបត់ត្រឡប់ក្រោយវិញ ក្នុងគោលបំណងរត់គេចចូលផ្ទះ ក៏ប៉ុន្តែ ផ្ទះក្មេងរងគ្រោះនៅក្បែរនោះដែរ ស្គាល់ភូមិសាស្ត្រច្បាស់ ដេញតាមពីក្រោយ ស្រែកចោរៗផង ដេញផង រហូតដល់ភូមិថ្នល់បំបែក ជនសង្ស័យចូលផ្ទះមិនកើត ដោយសារ ជនរងគ្រោះ និងសន្តិសុខសាលាខណ្ឌ រួមទាំងពលរដ្ឋ នាំគ្នាដេញទាន់ស្រែកព័ទ្ធចាប់បានស្វាគមន៍មា្នក់១ដៃ១ជើងទ្រោមខ្លួន ទើបប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ៣តែម្ដង។
ជនសង្ស័យក្រោយចាប់ខ្លួនបាន នាំយកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅផ្នែកជំនាញចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments