Ad Code

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ រៀបចំ​អបអរសាទរ​ទិវា​គ្រូបង្រៀន​ពិភពលោក



ភ្នំពេញ ​៖ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ កាលពី​ព្រឹក ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨ បានរៀបចំ​អបអរសាទរ​ទិវា​គ្រូបង្រៀន​ពិភពលោក ដែល​ពិធី​នេះ​រៀបចំឡើង​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ក្នុង​ខណ្ឌ​ឫស្សី​កែវ ក្រោម​ប្រធានបទ “​សិទ្ធិ​ទទួល​បាន​ការអប់រំ និង​សិទ្ធិ​ទទួល​បាន​គ្រូបង្រៀន​មានគុណ​ភាព​” ដោយមាន​អ្នកចូលរួម​ប្រមាណ​៧០​នាក់​។



ថ្លែង​ទៅកាន់​អ្នកចូលរួម​លោក រ៉ុង ឈុន បាន​លើក​ឡើង​ថា ការ​ប្រា​រព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​នេះ មិនមែន​សម្រាប់​តែ​កម្ពុជា​ទេ គឺ​ទូទាំង​ពិភពលោក ដើម្បី​រំលឹក​ពី​តួនាទី​ដ៏​សំខាន់​របស់​លោក​គ្រូ អ្នកគ្រូ ដែល​បាន​ផ្ទេរ​ចំណេះដឹង​ដល់​សិស្សានុសិស្ស ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំង​ពិភពលោក​។ ជាមួយនឹង​ការ​លើកឡើង​ខាងលើ​នេះ លោក រ៉ុង ឈុន បាន​រិះគន់​ផង​ដែរ​ទាក់ទង​ការផ្តល់​សៀវភៅ និង​សម្ភារៈ​សិក្សា​នៅតាម​សាលា​។



លោក រ៉ុង ឈុន លើកឡើង​ទៀត​ថា ថ្មីៗ​នេះ​ទំនិញ ក៏ដូចជា​ប្រេងសាំង​បាន​ឡើងថ្លៃ​យ៉ាង​ខ្ពស់ លើស​ទៅនឹង​អ្វីដែល​រដ្ឋាភិបាល​បាន​ផ្តល់​ជូន​គ្រូបង្រៀន​ទៅទៀត ដូច្នេះ​ត្រូវ​ពិនិត្យមើល​តម្លៃ​ទំនិញ​ផង ដើម្បី​ឲ្យ​មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ មាន​ជីវភាព​សមរម្យ​។ ដោយសារ​តែ​បញ្ហា​នេះ​ហើយ បានជា​លោកគ្រូ អ្នកគ្រូ​នៅ​ភ្នំពេញ តែងតែ​ប្រមូល​លុយ​ពី​សិស្ស ដែល​បញ្ហា​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​អប់រំ​។



នៅក្នុង​ពិធី​នោះ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​លើក​ឡើង​នូវ​ចំណុច​ជាច្រើន ដើម្បី​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​ដោះស្រាយ ដែល​រួមមាន ដំឡើង​ប្រាក់ខែ​គោល​អប្បបរមា​២​លាន​រៀល​ជូន​គ្រូបង្រៀន​, ត្រូវមាន​វិធានការ​ទប់ស្កាត់ និង​ស៊ើបអង្កេត​អំពើពុករលួយ​នៅក្នុង​ស្ថាប័ន​គ្រប់​កំរិត និង​ដំឡើង​ប្រាក់​អត្ថ​ប្រ​យោ​ជ​ន៍​ផ្សេងៗ និង​ដំឡើង​ប្រាក់ឧបត្ថម្ភ​ដល់​កូន ប្រពន្ធ​ជាដើម ហើយ​នៅ​ចុងបញ្ចប់​នៃ​កម្មវិធី សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ក៏បាន​ប្រគល់​ញត្តិ​ជូន​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជួយ​ដោះស្រាយ​ផងដែរ​។



សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨​នោះ​ដែរ ក្រសួង​អប់រំ ក៏បាន​រៀបចំ​ទិវា​នេះ​ផងដែរ ក្រោម​ប្រធានបទ “​គុណភាព​គ្រូ ជា​គុណភាព​មូលធន​មនុស្ស សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​”​។



សម្តេច​តេ​ជោ ហ៊ុន សែន ដែល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​នោះ បាន​សំដែង​ការ​សប្បាយរីករាយ និង​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ក្រសួង​អប់រំ​យុវជន និង​កីឡា​ដែល​តែងតែ​រៀបចំ​ពិធី​អបអរសាទរ​ទិវា​ទ​គ្រូបង្រៀន​នេះ និង​បាន​បញ្ជាក់​ថា សម្តេច​បាន​ផ្តួច​ផ្តើម​គំនិត​បង្កើត​ទិវា​គ្រូបង្រៀន​ដំបូង​នៅ​កម្ពុជា ដើម្បី​ជា​ការ​រំឭក​គុណគ្រូ​តាមរយៈ​ការបង្កើត​ទិវា​គ្រូបង្រៀន កាលពី​ថ្ងៃ ទី​៣ ខែកញ្ញា ឆ្នាំ​១៩៩៧ ដោយ​កំណត់​យក​ថ្ងៃទី​៥ ខែតុលា ជា​រៀងរាល់ឆ្នាំ ដើម្បី​ប្រារព្ធ​ទិវា​គ្រូបង្រៀន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ទិវា​នេះ គឺមាន​គោលបំណង​បំផុស​ឡើងវិញ​នូវ​វប្បធម៌ និង​ប្រពៃណី​របស់​សិស្សានុសិស្ស​ទាំង​ឡាយ ឲ្យ​រំឭក​នូវ​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​គ្រូបង្រៀន​នៅ​ទូទាំងប្រទេស ដែល​ពួកគាត់​ជា​រៀមច្បង​ក្នុង​ការងារ​អប់រំ បណ្តុះបណ្តាល ធនធានមនុស្ស សម្រាប់​ការពារ កសាង និង​អភិវឌ្ឍ​មាតុភូមិ​លើ​គ្រប់​វិស័យ ដែល​ពួកគាត់​បាន និង​កំពុង​បំពេញការងារ​ជា​អ្នក​អប់រំ និង​ជា​សិល្បករ​ផ្ទេរ​ចំណេះដឹង​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu