ភ្នំពេញ ៖ លោកបណ្ឌិត អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា រហូតមកដល់បច្ចុប្បន្ននេះមានពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេសចំនួន១លាន២សែននាក់ ដោយបានផ្ញើមកស្រុកកំណើតវិញប្រមាណ២លានដុល្លារអាមេរិកក្នុង១ឆ្នាំៗដែលបានជួយលើកស្ទួយដល់សេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើងថែមទៀត។
លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ នៅក្នុងឱកាសដែលលោកបានអនុញ្ញាតឲ្យគណៈប្រតិភូយុវជនអាស៊ីអាគ្នេយ៍កម្ពុជាចំនួន ២៩រូបចូលជួបសំដែងការគួរសម កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នៅទីស្ដីការក្រសួងការងារ។
លោកបណ្ឌិតអ៊ិត សំហេង បានបន្តថា ក្នុងចំណោមពលករខ្មែរធ្វើការនៅបរទេសនោះក្នុងនោះប្រទេសថៃមានច្រើនជាងគេរហូតដល់ទៅជាង១លាននាក់ បន្ទាប់មកនៅប្រទេសកូរ៉េខាងត្បូង ម៉ាឡេស៊ី ជប៉ុន សឹង្ហបុរី កាតា អារ៉ាប៊ីសាអីឌីតនិងគូវ៉េត។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ការដែលពលករខ្មែរទៅធ្វើការនៅបរទេសនេះគឺដោយសារតែនិន្នាការរបស់ពិភពលោកខណៈដែលប្រទេសមួយចំនួនខ្វះកំលាំងពលកម្មដូចជាប្រទេសកូរ៉េខាងត្បូងប្រទេសជប៉ុនជាដើមហើយប្រទេសដែលបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសច្រើនជាងគេគឺប្រទេសហ្វីលីពីន បន្ទាប់មកឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា វៀតណាម កម្ពុជា ឡាវនិងប្រទេសថៃ។
ទោះបីជាយ៉ាងណាក៏ដោយលោករដ្ឋមន្ត្រីបានឲ្យដឹងថា រាជរដ្ឋាភិបាលតែងតែគិតគូរនិងយកចិត្តទុកដាក់ចំពោះពលករខ្មែរធ្វើការនៅបរទេស។ ជាក់ស្តែងកន្លងមករាជរដ្ឋាភិបាលបានបញ្ជូនក្រុមការងារអន្តរក្រសួងចុះទៅធ្វើភាពស្របច្បាប់នៅប្រទេសថៃបាន១០០ភាគរយដើម្បីឲ្យពួកគេទទួលបាននូវភាពស្របច្បាប់ក្នុងការធ្វើការងារនៅប្រទេសថៃដោយមិនមានការព្រួយបារម្ភពីការបញ្ជូនត្រឡប់មកស្រុកកំណើតវិញឡើយ។
លោកបណ្ឌិត អ៊ិត សំហេង បានបញ្ជាក់ថា បច្ចុប្បន្ននេះអត្រាមានការងារធ្វើនៅប្រទេសកម្ពុជាមានរហូតដល់ទៅ៩៩.៣ភាគរយស្មើនឹងប្រមាណ១០លាននាក់ ក្នុងនោះធ្វើការនៅសេដ្ឋកិច្ចក្នុងប្រព័ន្ធចំនួន១លាន៥សែននាក់ សេដ្ឋកិច្ចក្រៅប្រព័ន្ធមានចំនួន២លាន៤សែននាក់នៅបរទេស១លាន២សែននាក់និងក្រៅពីនេះជាមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងកសិករ៕
Source: Kampuchea Thmey Daily
0 Comments