នៅថ្ងៃព្រហស្បតិ៍ ប្រទេសន័រវេស បានរៀបចំធ្វើសមយុទ្ធធំបំផុតរបស់អង្គការណាតូ ចាប់តាំង ពីការបញ្ចប់សង្គ្រាមត្រជាក់មកដើម្បីរំឭកឡើងវិញដល់ប្រទេសរុស្ស៊ីថា សម្ព័ន្ធភាពមួយនេះនៅតែរួបរួមគ្នាថ្វីបើមានការគំរាមកំហែងពីប្រធានាធិបតីអាមេរិកលោក Donald Trump ក៏ដោយ.
ទាហានប្រមាណ៥០,០០០ម៉ឺននាក់ រថយន្ត១០,០០០គ្រឿង នាវា៦៥គ្រឿងនិងយន្តហោះ២៥០គ្រឿងមកពី៣១ប្រទេសកំពុងចូលរួមក្នុងសមយុទ្ធ Trident Juncture 18 ដែលមានគោលបំណងហ្វឹកហ្វឺនសម្ព័ន្ធភាពអាត្លង់ទិកដើម្បីការពាររដ្ឋជាសមាជិកបន្ទាប់ពីមានការឈ្លានពាន។
អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg នៃប្រទេសន័រវេសបាននិយាយថា “នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បរិយាកាសសន្តិសុខរបស់អឺរ៉ុបបានធ្លាក់ចុះយ៉ាងខ្លាំង”។
លោកបន្តថា “សមយុទ្ធ Trident Juncture បានផ្ញើសារយ៉ាងច្បាស់មួយទៅកាន់ប្រទេសរបស់យើងនិងចំពោះសត្រូវណាមួយ។ អង្គការណាតូមិនស្វែងរកការប្រឈមមុខដាក់គ្នាទេប៉ុន្តែយើងត្រៀមខ្លួនដើម្បីការពារសម្ព័ន្ធមិត្តទាំងអស់ប្រឆាំងនឹងការគំរាមកំហែងណាមួយ”។
បើទោះបីជាសត្រូវដ៏មានសក្តានុពលមិនត្រូវបានគេបញ្ជាក់ជាផ្លូវការក៏ដោយ ច្បាស់ណាស់ប្រទេសរុស្ស៊ីគឺស្ថិតនៅក្នុងចិត្តរបស់គ្រប់គ្នា។
ប្រទេសដែលចែករំលែកព្រំដែនចម្ងាយ១៩៨គីឡូម៉ែត្រជាមួយន័រវេសនៅភាគខាងជើងមួយនេះបានបង្កើនកម្លាំងយោធារបស់ខ្លួនជាច្រើនដងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
កងទ័ពរុស្ស៊ីបានកាត់យកតំបន់ Crimea, បង្កអស្ថិរភាពនៅភាគខាងកើតប្រទេសអ៊ុយក្រែន, បង្កើនសមត្ថភាពយោធារបស់ខ្លួននៅតំបន់អាក់ទិកនិងបានធ្វើសមយុទ្ធធំបំផុតមិនធ្លាប់មាននៅចុងបូព៌ាកាលពីខែកញ្ញា។
ស្ថានទូតរុស្ស៊ីនៅទីក្រុងអូស្លូបាននិយាយថា ខ្លួនចាត់ទុកសមយុទ្ធ Trident Juncture ថាជាសមយុទ្ធ “ប្រឆាំងរុស្ស៊ី”។
ស្ថានទូតបាននិយាយថា “សកម្មភាពបែបនេះគឺមានភាពចម្រូងចម្រាស់បើទោះបីជាអ្នកព្យាយាមបង្ហាញអំពីភាពត្រឹមត្រូវថាវាដើម្បីជាការការពារក៏ដោយ”៕ AFP
Source: Kampuchea Thmey Daily
0 Comments