ភ្នំពេញ ៖ បន្ទាប់ពីស្ងប់ស្ងាត់បាត់មុខពីវិថីសិល្បៈមានរយៈពេលយូរឆ្នាំមកនោះ តារាចម្រៀងប្រុសម្ចាស់បទទឹកភ្នែកជនពាលគឺលោក ឈឿន ឧត្តម កន្លងមកត្រូវបានទស្សនិកជនជាច្រើនបានដាក់ការសង្ស័យថា តារាចម្រៀងជើងចាស់រូបនេះអាចលាឈប់ពីវិស័យមួយឬអាចចេញទៅរស់នៅក្រៅប្រទេស។ ប៉ុន្តែអំឡុងពេលក្រោយមកក៏ធ្លាយដំណឹងថាលោក ឈឿន ឧត្តម ពុំបានចេញទៅក្រៅប្រទេសឬឈប់ពីសិល្បៈនោះឡើយ។
យ៉ាងណាមិញ ខណៈពេលដែលមានដំណឹងនៃការឈរជើងអាជីពសិល្បៈរបស់លោក ឈឿន ឧត្តមនេះ ក៏ស្រាប់តែតារាសម្តែងស្រីរួមអាជីពអ្នកនាង ស៊ិន ឧត្តមផល្លា បានចេញមុខបង្ហាញពីរឿងរ៉ាវរបស់លោក ឈឿន ឧត្តម ឲ្យមហាជនបានដឹងជាសាធារណៈ ខណៈមានការរៀបរាប់ថា ដោយសារតែមានសំណូមពរពីបងប្អូនទស្សនិកជន បានស្នើសុំអោយ ខ្ញុំផ្សព្វផ្សាយអំពីជីវិតបច្ចុប្បន្នរបស់តារាចម្រៀងដ៏ល្បីឈ្មោះមួយរូប គឺលោក ឈឿន ឧត្ដម។
អ្នកនាង ស៊ិន ឧត្តមផល្លា បាននិយាយថា លោក ឈឿន ឧត្ដម គឺជាតារាចម្រៀងដ៏ល្បីល្បាញផ្នែកចម្រៀងមនោសញ្ចេតនាលោកចូលប្រឡូកក្នុងពិភពសិល្បៈនាឆ្នាំ ១៩៩៨ តាមរយៈការប្រឡងចម្រៀងក្នុងកម្មវិធី គន្លងតារា របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ដោយលោកទទួលបានជ័យលាភីលេខ ២ និងក្រោយមកលោកមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងនៅក្នុងផលិតកម្ម រស្មីស្ទឹងសង្កែ ដែលមានដូចជាបទ ៖ ខ្លាចរកាដែក ឱបស្រមោល រនោចខែប្រាំង ទឹកភ្នែកជនពាល ទូរស័ព្ទអ្នកណា ? ប្រពន្ធនរណាគេហ្ន៎ ជាដើម។
អ្នកនាង ស៊ិន ឧត្តមផល្លា បញ្ជាក់ថា ងាកមកជីវិតបច្ចុប្បន្នរបស់លោកវិញ មួយរយៈចុងក្រោយនេះការងារសិល្បៈរបស់លោក ឈឿន ឧត្ដម ហាក់ដូចជាស្ងប់ស្ងាត់ ធ្វើអោយទស្សនិកជនហាក់មានការងឿងឆ្ងល់ថា តើលោកបាត់ទៅណា ? លោកបានបញ្ជាក់ថា តាមការពិតលោកមិនបានបាត់ទៅណាទេ តែដោយសារតែមានតារាចម្រៀងប្អូនៗជំនាន់ក្រោយច្រើន ទើបបានជាមិនសូវមានគេអញ្ជើញលោកអោយឡើងច្រៀងតាមស្ថានីយទូរទស្សន៍ នឹងម្យ៉ាងទៀតលោកមានបញ្ហាជំងឺបំពង់កអស់រយៈ៤ឆ្នាំហើយ ទើបការងារសិល្បៈស្ងប់ស្ងាត់បែបនេះ។
បន្ថែមពីលើនេះតារាចម្រៀង និងសម្តែងស្រីអ្នកនាង ស៊ិន ឧត្តមផល្លា លើកឡើងទៀតថា សូមជម្រាបផងដែរថា សព្វថ្ងៃនេះលោក ឈឿន ឧត្តម មានវ័យ ៤៣ឆ្នាំហើយ បច្ចុប្បន្ននេះ ក្រៅពីការងារ លោក ឈឿន ឧត្តម នៅតែបន្តអាជីពជាតារាចម្រៀងប្រចាំភោជនីយដ្ឋាន ពិភពរាត្រី រួមជាមួយតារាចម្រៀងជើងចាស់ជាច្រើនដួង៕
Source: Kampuchea Thmey Daily
0 Comments