ប្រពន្ធខ្មែរ ប្ដីកូរ៉េឈ្លោះគ្នាដណ្ដើមកូននិងទ្រព្យ តុលាការចាប់ប្រពន្ធដាក់គុក
ភ្នំពេញ ៖ ស្ត្រីខ្មែរម្នាក់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញចេញដីកាសម្រេចកាលពីល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទហិង្សាមានស្ថានទម្ងន់ទោសតាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងពាក្យបណ្ដឹងរបស់ប្ដីជនជាតិកូរ៉េ។
ជនជាប់ចោទ ដែលតុលាការសម្រេចឃុំខ្លួននេះឈ្មោះ ជួង បុប្ផា អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានលំនៅឋានលេខ ៣៣៩F ផ្លូវលេខ ៩០៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ ជនជាប់ចោទត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃចាប់ខ្លួនតាមដីការបស់ចៅក្រម ហេង សុខណា ជាចៅក្រមស៊ើបសួរក្នុងសំណុំរឿង លេខ៧២២១ ចុះថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ២០១៧ ដែលមានកញ្ញា វ៉ា សកក្ដា ជាព្រះរាជអាជ្ញារងអមសាលាដំបូងបើកការស៊ើបសួរបឋម ដោយបានសម្រេចចោទប្រកាន់ឈ្មោះ ជួង បុប្ផា ពីបទហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោសតាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ តាមពាក្យបណ្ដឹងរបស់ឈ្មោះស៊ីន ជុងបឹក ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិកូរ៉េ។
ក្រោយតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នដាក់ពន្ធនាគារ ជនជាប់ចោទ ជួង បុប្ផា បានប្រាប់អ្នកកាសែតថា ជារឿងអយុត្តិធម៌ខ្លាំងណាស់ ប្ដីជនជាតិកូរ៉េរបស់នាងបានវាយធ្វើបាបនាងជាច្រើនដង រហូតថល់បាក់ដៃ បែកក្បាល បង្ខំអោយដេករួមភេទជាមួយមិត្តភក្ដិប្ដី តែនាងមិនប្ដឹងប្ដីទេ តែប្ដីបែរជាប្ដឹងនាង ហើយព្រះរាជអាជ្ញាមិនទាំងបានហៅរូបនាងមកសាកសួរមួយម៉ាត់ផងស្រាប់តែចោទប្រកាន់រូបនាងអោយចៅក្រមស៊ើបសួរចេញដីកាចាប់ខ្លួននាងដាក់គុកតាមមហិច្ឆតារបស់ជនជាតិកូរ៉េដើម្បីដណ្ដើមយកកូនស្រី និងផ្ទះ២ល្វែងដែលជាទ្រព្យរួមទៅវិញ រឿងរ៉ាវមិនប្រក្រតីបែបនេះ ស្ត្រីណាមិនឈឺចាប់ ?
ជនជាប់ចោទបានរៀបរាប់ទាំងទឹកភ្នែកថា រូបនាងនិងប្ដីជនជាតិកូរ៉េ បានរៀបការ និងចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់កាលពីថ្ងៃទី២២ ឧសភា ឆ្នាំ២០០៧ ហើយក៏បានចេញទៅរស់នៅប្រទេសកូរ៉េធ្វើការសន្សំប្រាក់បានមួយចំនួន ក៏ត្រឡប់មករស់នៅកម្ពុជាវិញ ហើយបានទិញផ្ទះ២ល្វែងជាទ្រព្យរួម រួចក៏មានកូនស្រីម្នាក់អាយុ៥ឆ្នាំ ឈ្មោះស៊ីន ស៊ីអាឡេអ៊ី កើតថ្ងៃទី ១៣ឧសភា ឆ្នាំ២០១៣។
ជួង បុប្ផា បានអោយដឹងទៀតថា ពេលមករស់នៅក្រុងភ្នំពេញវិញគ្រួសារនាងមិនសូវមានសេចក្ដីសុខទេ ដោយសារប្ដីជនជាតិកូរ៉េមានមិត្តភក្ដិដើរលេងយប់ ផឹកស្រាស្រវឹងមកដល់ផ្ទះរករឿងវាយតប់លើនាងស្ទើររាល់ថ្ងៃ ពេលខ្លះវាយបែកក្បាល ពេលខ្លះវាយបាក់ដៃ ពេលខ្លះប្ដីរបស់នាងបានបង្ខំនាងអោយដេកជាមួយមិត្តភក្ដិគេទៀត ប៉ុន្តែពេលនាងមិនព្រមប្ដីនាងបានប្រើហិង្សារាល់ៗដង ជាហេតុធ្វើអោយរូបនាងទ្រាំមិនបានក៏សម្រេចថាត្រូវប្ដឹងលែងលះ។ លុះពេលដឹងថានាងចង់ប្ដឹងលែងលះ ប្ដីរបស់នាងក៏បានលួចយកកូនស្រីទៅប្រទេសកូរ៉េបាត់រហូតដល់សព្វថ្ងៃ។ រហូតដល់ឆ្នាំ ២០១៧ បងប្អូនបានសម្របសម្រួលអោយជុំគ្រួសារវិញ តែថ្ងៃនោះហើយដែលប្ដីរបស់នាងបានវាយប្រតាយប្រតប់គ្នានៅក្នុងហាងអាហារមួយទល់មុខមន្ទីរពេទ្យកាល់ម៉ែត ហើយដោយសាររអិលជើងដួលប្ដីរបស់នាងមានរបួសបន្តិចបន្តួចដោយសារដួលបោកនឹងតុ។ បន្ទាប់មកពួកនាងក៏ត្រឡប់ទៅផ្ទះជាមួយគ្នាវិញ តែមិនដឹងថាប្ដឹរបស់នាងបានប្ដឹងរូបនាងមកតុលាការទេ ព្រោះនាងមិនដែលបានទទួលដីការបស់តុលាការម្ដងសោះ ស្រាប់តែនៅថ្ងៃទី ២៤តុលា ឆ្នាំ២០១៨នេះ សមត្ថកិច្ចបានចាប់ខ្លួននាងតាមដីកាតុលាការយោងតាមពាក្យបណ្ដឹងរបស់ប្ដីនាងទៅវិញ ហើយថែមទាំងសម្រេចឃុំខ្លួនដាក់ពន្ធនាគារទៀត តើរឿងរ៉ាវបែបនេះវាមានអយុត្តិធម៌សម្រាប់រូបនាងដែរឬទេ?
ទោះបីយ៉ាងណា ជនជាប់ចោទបានអំពាវនាវសុំអោយក្រសួងយុត្តិធម៌ ពិសេសសម្ដេចតេជោហ៊ុន សែន ជួយរកយុត្តិធម៌អោយនាងផង បើមិនដូច្នេះទេ រូបនាងត្រូវជាប់ឃុំដោយអយុត្តិធម៌បំផុត៕
Source: Kampuchea Thmey Daily
0 Comments