អ្នកប្រដាល់ជើងខ្លាំងឡៅ ចិត្រា ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ នឹងត្រូវជួបជាមួយអ្នកប្រដាល់ឡាវឈ្មោះណាំផេត ឆ.ឆេមពាន្ត (Nampetch Chhor.Champaion) ហើយចា ន់ ប៊ុនហឿន អ្នកប្រដាល់ក្លិបនិរោធមានជ័យ ត្រូវជួបជាមួយអ្នកប្រដាល់ថៃឃុមពីជិត ប៉ា យ៉ាកណុងហ៊ីន (Khumpichit Payaknonghin) នាយប់ថ្ងៃអាទិត្យទី២៨តុលា២០១៨នេះ នៅលើសង្វៀនខារ៉ាបាវបាយ័ននៅស្ទឹងមានជ័យ ។
ពួកគេទាំង៤នេះ ជួបគ្នាសម្រាប់ការប្រកួតជម្រុះជុំទី៣ នៃការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ខារ៉ាបាវរដូវកាលទី៥ ទម្ងន់៦០គីឡូក្រាម ។
ឡៅ ចិត្រា អ្នកប្រដាល់វ័យក្មេងកម្ពុជា និង ណាំផេត ឆ.ឆេមពាន្ត អ្នកប្រដាល់ឡាវនេះ មិនធ្លាប់ដែលប៉ះគ្នាម្តងណានៅឡើយទេកាលពីពេលកន្លងមក ។ ឆ្លងកាត់ពីរជុំកន្លងមកនេះ ឡៅ ចិត្រា គេវាយឈ្នះទាំងពីជុំ បាន៦ពិន្ទុ ឯណាំផេត ឆ.ឆេមពាន្ត គេបាន៤ពិន្ទុ ដោយឈ្នះ១ចាញ់១ប្រកួត ក្នុងការប្រកួតពីរជុំនោះ ។
ណាំផេត ឆ.ឆេមពាន្ត អ្នកប្រដាល់ឡាវរូបនេះ គេធ្លាប់មកប្រកួតនៅស្រុកខ្មែរប៉ុន្មានដងហើយកន្លងមក ដោយគ្រាន់តែមិនបានប៉ះជាមួយឡៅ ចិត្រា ប៉ុណ្ណោះ ។ ដូច្នេះ ក្នុងការប្រកួតនេះ ជាលើកទី១សម្រាប់អ្នកប្រដាល់ទាំងពីរជួបគ្នា ដែលការជួបនេះ មិនដឹងថាអ្នកណាឈ្នះ អ្នកណាចាញ់ នោះទេ ? ។
យ៉ាងណា ឡៅ ចិត្រា មិនអាចមើលស្រាល ណាំផេត ឆ.ឆេមពាន្ត នោះឡើយ ព្រោះអ្នកប្រដាល់ឡាវរូបនេះ មិនធម្មតានោះទេ ។
ឡៅ ចិត្រា ជាអ្នកប្រដាល់វ័យក្មេង ដែលខ្លាំងជាងគេក្នុងចំណោមអ្នកប្រដាល់កម្ពុជាដែលមានវ័យក្មេងនិងទម្ងន់ដូចគ្នានោះ ហើយយ៉ាងណាឡៅ ចិត្រា គេក៏ជាអ្នកប្រដាល់ជើងខ្លាំងម្នាក់ដែរ សម្រាប់ពេលបច្ចុប្បន្ននេះ ។ ចិត្រា ជាអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយរបស់កម្ពុជា ដែលធ្លាប់ប្រកួតជាមួយអ្នកប្រដាល់ថៃច្រើននាក់មកហើយនាពេលកន្លងមក ដែលភាគច្រើនឈ្នះសឹងតែទាំងអស់រាល់ពេលជួបជាមួយថៃនោះ។
និយាយជារួម ចិត្រា ទាំងបទពិសោធន៍ ទាំងស្នៀតប្រដាល់ ល្បិចកលនិងកាយសម្បទា សុទ្ធតែល្អនិងខ្លាំង ដែលអាចទុកចិត្តបានថា អាចយកឈ្នះលើអ្នកប្រដាល់ឡាវ ណាំផេត ឆ.ឆេមពាន្ត បានមិនខាន ។
ណាំផេត ឆ.ឆេមពាន្ត ក៏ជាអ្នកប្រដាល់ឡាវម្នាក់ដែលខ្លាំងដែរ ។ គេមានប្រវត្តិប្រកួតលើរេញច្រើនក្រាសក្រែលហើយ ។ ចាំមើល ណាំផេត ឆ.ឆេមពាន្ត គេអាចយកឈ្នះ ឡៅ ចិត្រា បានដែរឬអត់ នៅក្នុងការជួបប្រកួតគ្នាលើកដំបូងនេះ ? ។
ចំណែក ចាន់ ប៊ុនហឿន និង ឃុមពីជិត វិញ ពួកគេពីរនាក់នេះ ធ្លាប់ជួបគ្នាម្តងហើយ(០២មីនា២០១៨) មុនចូលរួមប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ខារ៉ាបាវ ។ ក្នុងជំនួបពេលនោះ ចាន់ ប៊ុនហឿន វាយចាញ់ឃុមពីជិត ក្នុងទឹកទី៣ ។
ឆ្លងកាត់ពីរជុំកន្លងមកនេះ ចាន់ ប៊ុនហឿន គេបាន៦ពិន្ទុ ដោយវាយឈ្នះទាំងពីរប្រកួត ហើយចំណែកឃុមពីជិតវិញ គេមាន៤ពិន្ទុ ដោយវាយឈ្នះ១ ចាញ់១ប្រកួត ក្នុងការប្រកួតពីរជុំដូចគ្នា ។
ចាន់ ប៊ុនហឿន កាលពីប្រកួតក្នុងជុំទី២ គេបានផ្តួលអ្នកប្រដាល់ថៃ យ៉ត ប៉ាយ៉ាក់ ក្នុងទឹកទី៣ ហើយចំណែកអ្នកប្រដាល់ថៃឃុមពីជិតវិញ គេក៏វាយឈ្នះដែរ គឺឈ្នះអ្នកប្រដាល់កម្ពុជាព្រឿង សុជាតិ សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ដោយពិន្ទុ ។
ឃុមពីជិត ដែលជាគូរបស់ចាន់ ប៊ុនហឿននេះ គេធ្លាប់មកប្រកួតនៅកម្ពុជាប៉ុន្មានដងដែរហើយពីមុនមក ។ អ្នកប្រដាល់ថៃរូបនេះ ជាជើងខ្លាំងទម្ងន់៦០គីឡូក្រាមប្រចាំនៅស្រុកថៃ។
រវាងចាន់ ប៊ុនហឿន និង ឃុមពីជិត នេះ ពួកគេត្រូវការឈ្នះដូចគ្នាសម្រាប់ការប្រកួតលើកនេះ ប៉ុន្តែមិនដឹងថា អ្នកណាជាអ្នកជួបសំណាងល្អទទួលបាន៣ពិន្ទុ នោះឡើយ ។
ប៊ុនហឿនគេមានថ្វីកែងនិងជង្គង់ល្អណាស់ តែយ៉ាងណាការឈ្នះចាញ់រវាងចាន់ ប៊ុនហឿន និង ឃុមពីជិត នេះ ពុំមាននរណាហ៊ានទាយមុនថាអ្នកណាឈ្នះនោះទេ ?៕
Source: Kampuchea Thmey Daily
0 Comments