ក្រុមស្វែងរកការពិតរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធថា អំពើប្រល័យពូជសាសន៍នៅតែកំពុងបន្តកើតមានប្រឆាំងនឹងជនមូស្លីមរ៉ូហ៊ីងយ៉ារបស់ប្រទេសមីយ៉ាន់ម៉ា។ ក្រុមនេះបាននិយាយបែបនេះខណៈបង្ហាញរបាយការណ៍មួយនៅឯក្រុមប្រឹក្សាសន្តិសុខដែលអំពាវនាវឲ្យបញ្ហានេះត្រូវបញ្ជូនទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។
លោក Marzuki Darusman ប្រធានបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ាបានប្រាប់សន្និសីទសារព័ត៌មានមួយថា ក្រៅពីការសម្លាប់រង្គាល, ការប៉ះទង្គិចរួមមានការបង្ការកំណើតនិងការផ្លាស់ទីលំនៅនៅជំរំ។
លោក Darusman បាននិយាយថា “វាគឺជាអំពើប្រល័យពូជសាសន៍មួយ”។
លោកបានបន្ថែមថា “យើងគិតថា ចេតនានៃអំពើប្រល័យពូជសាសន៍អាចត្រូវបានគេសន្និដ្ឋានបានត្រឹមត្រូវ”។ លោកបាននិយាយខណៈបង្ហាញរបាយការណ៍របស់ក្រុមនេះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខមួយដែលត្រូវបានកោះហៅដោយមហាអំណាចលោកខាងលិចប៉ុន្តែត្រូវបានជំទាស់ដោយប្រទេសចិននិងរុស្ស៊ី។
របាយការណ៍៤៤៤ទំព័ររបស់បេសកកម្មស្វែងរកការពិតត្រូវបានដាក់បង្ហាញជាសាធារណៈលើកដំបូងកាលពីខែមុន។ វាបានអំពាវនាវដល់ក្រុមប្រឹក្សាឲ្យបញ្ជូនស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ាទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅទីក្រុងឡាអេឬត្រូវបង្កើតសាលាក្តីព្រហ្មទណ្ឌអន្តរជាតិពិសេសមួយដូចដែលបានធ្វើជាមួយអតីតយូហ្គោស្លាវី។
របាយការណ៍បាននិយាយថាឧត្តមសេនីយ៍មីយ៉ាន់ម៉ាកំពូលៗរួមទាំងអគ្គមេបញ្ជាការ Min Aung Hlaingផងដែរត្រូវតែស៊ើបអង្កេតនិងចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅក្នុងរដ្ឋរ៉ាក់ឃីន។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសមីយ៉ាន់ម៉ាបានច្រានចោលការចោទប្រកាន់ដែលថា យោធារបស់ខ្លួនបានប្រព្រឹត្តអំពើឃោរឃៅនៅក្នុងការបង្ក្រាបកាលពីឆ្នាំមុនដែលបានបង្ខំឲ្យជនជាតិរ៉ូហ៊ីងយ៉ា៧២០,០០០នាក់រត់ភៀសខ្លួនទៅព្រំដែនទៅកាន់ប្រទេសបង់ក្លាដែស។
លោក Darusman បាននិយាយថា ជម្លោះនេះក៏បានបំផ្លាញភូមិចំនួន៣៩០ហើយប្រជាជនរ៉ូហ៊ីងយ៉ា១ម៉ឺននាក់ក៏ត្រូវបានសម្លាប់ផងដែរ៕ AFP
Source: Kampuchea Thmey Daily
0 Comments