អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak និងមន្ត្រីរតនាគារជាន់ខ្ពស់របស់គាត់នៅថ្ងៃព្រហស្បតិ៍ ត្រូវបានចោទប្រកាន់ពីបទរំលោភសេចក្តីទុកចិត្តក្នុងម្នាក់ប្រាំមួយករណី ដែលពាក់ព័ន្ធនឹងមូលនិធិរដ្ឋាភិបាលមានចំនួនទឹកប្រាក់៦.៦ពាន់លានរីងហ្គីត (១.៥៨ពាន់លានដុល្លារ)។
ការចោទប្រកាន់ប្រឆាំងលោក Najib និងអតីតអគ្គលេខាធិការក្រសួងរតនាគារម៉ាឡេស៊ីលោក Irwan Serigar Abdullah គឺជារឿងហេតុចុងក្រោយបង្អស់នៅក្នុងការបង្ក្រាបអំពើពុករលួយ។
យ៉ាងណាក្តី អ្នកទាំងពីរបានអះអាងថាខ្លួនគ្មានទោសទេចំពោះការចោទប្រកាន់ទាំងអស់នេះ។
ប្រសិនបើត្រូវបានរកឃើញថាមានកំហុសមែននោះ ការចោទប្រកាន់នីមួយៗនឹងត្រូវជាប់ពន្ធនាគាររយៈពេល២០ឆ្នាំនិងការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុព្រមទាំងការផ្តន្ទាទោសវាយនឹងរំពាត់ប៉ុន្តែទាំងលោក Najib និងលោក Irwan នឹងត្រូវបានលើកលែងពីការវាយនឹងរំពាត់ដោយសារតែពួកគេមានអាយុលើស៥០ឆ្នាំ។
ព្រះរាជអាជ្ញាបាននិយាយថា អ្នកទាំងពីរត្រូវបានគេចោទប្រកាន់ថាបានប្រព្រឹត្តបទល្មើសរំលោភសេចក្តីទុកចិត្តជាមួយទឹកប្រាក់២២០លានរីងហ្គីតនៃមូលនិធិរបស់រដ្ឋាភិបាលសម្រាប់ព្រលានយន្តហោះអន្តរជាតិក្រុងគូឡាឡាំពួរនិង១.៣ពាន់លានរីងហ្គីតសម្រាប់កម្មវិធីជំនួយឧបត្ថម្ភធននិងសាច់ប្រាក់។
ព្រះរាជអាជ្ញាបាននិយាយទៀតថា ពួកគេក៏បានប្រព្រឹត្តបទល្មើសនេះជាមួយនឹងមូលនិធិរដ្ឋាភិបាលដទៃទៀតក្នុងចំនួនទឹកប្រាក់៥.១២ពាន់លានរីងហ្គីតផងដែរ។
គួរបញ្ជាក់ជាថ្មីថា លោក Najib កំពុងប្រឈមមុខរួចទៅហើយជាមួយនឹងការចោទប្រកាន់លាងលុយកខ្វក់, អំពើពុករលួយនិងការរំលោភលើការទុកចិត្តលើប្រតិបត្តិការដែលទាក់ទងទៅនឹងមូលនិធិរដ្ឋ 1Malaysia Development Berhad (1MDB) ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Najib បានអះអាងពីភាពគ្មានទោសកំហុសហើយសវនាការរបស់គាត់នឹងចាប់ផ្តើមនៅឆ្នាំក្រោយ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments