Ad Code

សន្និសីទ​សហ​ប្រតិបត្តិការ​ហេដ្ឋារចនាសម្ព័ន្ធ​សាកល​ឆ្នាំ​២០១៨ នៅ​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ



ភ្នំពេញ​ ៖​ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​ក្នុង ​សន្និសីទ​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ហេដ្ឋារចនាសម្ព័ន្ធ​សាកល​ឆ្នាំ​២០១៨​ នៅ​សាធារណរដ្ឋ​កូរ៉េ កាលពី​ថ្ងៃ​អង្គារ ៩​កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨។

សន្និសីទ​នេះ សហការ​រៀបចំឡើង​ដោយ​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ និង​សមាគម​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​អន្តរជាតិ​នៃ​ប្រទេស​កូរ៉េ (ICAK)។

លោក Lee Kun-Ki អនុរដ្ឋមន្ត្រី​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹកជញ្ជូន (MOLIT) និង​ជា ប្រធាន​សមាគម ICAK បាន​សម្តែង​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​គាំទ្រ​ដល់​សន្និសីទ​នេះ ពីព្រោះ ICAK គឺ​ស្ពាន​ដ៏​សំខាន់​សម្រាប់​ត​ភ្ជាប់​រវាង​ក្រុមហ៊ុន​ជា​សមាជិក​ក្នុង​វិស័យ​ឯកជន និង​រដ្ឋាភិបាល​កូរ៉េ។

ក្នុងនាម​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹកជញ្ជូន លោក​អនុរដ្ឋមន្ត្រី Son Byeong Suk បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ការ​បង្កើត​ការងារ​ធ្វើ និង​ឱកាស អភិវឌ្ឍ​ធនធាន​ឱ្យ​មាន​សក្ដានុពល​ពេញលេញ។ លើស​ពី​នេះ​ទៀត ការប្រើប្រាស់​បច្ចេកវិទ្យា​កម្រិត ខ្ពស់​នឹង​ជួយ​ប្រទេស​ក្នុង​ការ​កសាង "​ទីក្រុង​ឆ្លាត​វៃ"។

ដោយ​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​លោក​អនុរដ្ឋមន្ត្រី​បានចង្អុលបង្ហាញ ថា​៖ សាធារណរដ្ឋ​កូរ៉េ បច្ចុប្បន្ន​មាន​ផ្លូវ​ល្បឿន​លឿន​ប្រមាណ​ជាង ១០ ០០០ គីឡូម៉ែត្រ នៅពេលដែល ប្រទេស​នេះ​បាន​ឈានចូល​ដំណាក់កាល​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤។

ប្រទេស​កូរ៉េ​បាន​សម្តែង​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​ការបន្ត រួមចំណែក​ដល់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្រៅ​ប្រទេស ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​មនុស្ស​គ្រប់រូប​នៅក្នុង​តំបន់ និង​ពិភពលោក។

នៅក្នុង​អង្គ​សន្និសីទ​នេះដែរ គណៈប្រតិភូ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា បាន​ចូលរួម​យ៉ាង សកម្ម​នៅក្នុង​សិក្ខាសាលា​ស្តីពី​គម្រោង​ជាច្រើន រួមទាំង​៖​សិក្ខាសាលា​ស្តីពី ៖ «​ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់​ក្នុង ទីក្រុង​កម្ពុជា​»​ផងដែរ។

សន្និសីទ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ហេដ្ឋារចនាសម្ព័ន្ធ​សាកល​ត្រូវបាន​បង្កើតឡើង ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង ដល់​ការតភ្ជាប់​អាស៊ាន​តាមរយៈ​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​វិស័យ​ក្នុង​តំបន់ ដែល​បាន រៀបចំ​ឡើងជា​រៀងរាល់​ឆ្នាំ​ចាប់​តាំងពី​ឆ្នាំ​២០១៣​មក​ម្ល៉េះ។

សន្និសីទ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ហេដ្ឋារចនាសម្ព័ន្ធ​រវាង​រាជរដ្ឋាភិបាល អតិថិជន​ក្រៅប្រទេស​សំខាន់ៗ ធនាគារ​អភិវឌ្ឍន៍​ពហុភាគី ក្រុមហ៊ុន​សំណង់ និង​វិស្វកម្ម និង​ក្រុមហ៊ុន​បរទេស​ជាច្រើន​ទៀត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu