ស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង បានជំរុញអោយមន្ត្រីសមត្ថកិច្ច និងអាជ្ញាធរថ្នាក់មូលដ្ឋានបន្តពង្រឹងអំពីភូមិឃុំមានសុវត្ថិភាពដើម្បីអោយផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋបន្ថែមទៀត។
លោកជំទាវកិត្តិសង្គហបណ្ឌិតថ្លែងបែបនេះ ខណៈបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបការងារ និងការរៀបចំវេទិកាសាធារណៈ ប្រចាំឆមាស ទី១ និងទិសដៅអនុវត្តឆ្នាំ២០១៨ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងត្រៀមចូលរួម គាំទ្រក្នុងការអនុវត្ត នូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នាព្រឹកថ្ងៃច័ន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែ តុលា ឆ្នាំ ២០១៨ នៅសាលប្រជុំខេត្តស្វាយរៀង។
លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានថ្លែងនូវការកោតសរសើរដល់អស់លោក លោកស្រី ដែលបានចុះផ្ទាល់តាម មូលដ្ឋាន និងបានយកអស់ពីស្មារតី កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ច និងជួយគាំទ្រយ៉ាងសកម្មគ្រប់សកម្មភាពរួមចំណែកតាមដានការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល និងរួមចំណែកជួយខេត្តស្វាយរៀងទទួលបានជោគជ័យ រាល់ភារកិច្ចជាបន្តបន្ទាប់ ពិសេស ការធានាស្ថិរភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដែលបានបង្កលក្ខណៈងាយស្រួល ដល់ការអភិវឌ្ឍលើគ្រប់វិស័យ។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងបញ្ជាក់ថា ដើម្បីអោយការងាររលូនទៅមុខ នៅអាណត្តិទី៦នេះ ក្រុមការងារ ត្រូវជួបប្រាស្រ័យទាក់ទង ដោយផ្ទាល់ជាមួយប្រជាជននៅមូលដ្ឋាន ដោយក្តាប់ឲ្យបាន ច្បាស់លាស់រាល់សំណូមពរ ធ្វើនូវអំពើល្អ សិក្សាពីឫសគល់នៃបញ្ហា ការប្រឈម និងការលំបាក របស់ប្រជាជនទូទៅ និងរិះរកគ្រប់មធ្យោបាយជួយសម្រួល និងដោះស្រាយ ឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។ លើសពីនេះដើម្បីផ្តល់ភាពកក់ក្តៅ និងការជឿជាក់លើរាជរដ្ឋាភិបាល ត្រូវតាមដានស្តាប់ប្រសាសន៍ សុន្ទរកថារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ពិសេសសម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីធ្វើជាទុនចំណេះដឹង និងធ្វើជាមូលដ្ឋាន ដើម្បីឆ្លើយបំភ្លឺដល់ប្រជាពលរដ្ឋ និងធ្វើប្រតិកម្មរហ័សវាយបកភ្លាមៗ រាល់ឧបាយកលញុះញង់ បោកបញ្ឆោតរបស់ក្រុមប្រឆាំង និងចូលរួមផ្សព្វផ្សាយអំពីសមិទ្ធផល និងស្នាដៃរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ជាពិសេសសម្តេចនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ក្នុងវិស័យនយោបាយ ការទូត ទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច សង្គមកិច្ច និងការងារកំណែទម្រង់របស់រាជរដ្ឋាភិបាល ពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានបន្ថែមទៀតថា ត្រូវបង្កើនចំណេះ ផ្នែកបច្ចេកវិទ្យាព័ត៌មាន IT ជាពិសេសត្រូវចេះប្រើមធ្យោបាយបណ្ដាញសង្គមដោយប្រុងប្រយ័ត្ន និងដោយការត្រិះរិះពិចារណា ដោយសារបច្ចុប្បន្ននេះ ការប្រើប្រាស់ទំនាក់ទំនងតាម Facebook, Email, Line, WhatsApp និង Telegram ជាដើម ដែលសុទ្ធសឹងជាមធ្យោបាយទំនាក់ទំនង កំពុងពេញនិយម និងឆាប់រហ័ស។ ត្រូវជួយចែករំលែកសកម្មភាពរបស់សម្តេចតេជោ តាម Facebook ឱ្យបានច្រើនបំផុតដូចដែលអាចធ្វើបាន៕
Source: Kampuchea Thmey Daily
0 Comments