ប្រធានាធិបតីទួរគី Recep Tayyip Erdogan កាលពីថ្ងៃអាទិត្យ បានប្តេជ្ញាបង្ហាញពី “ការពិតទាំងស្រុង” ជុំវិញការស្លាប់របស់អ្នកសារព័ត៌មាន Jamal Khashoggi ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះខណៈពេលដែលទីក្រុងរីយ៉ាដនិយាយថា ខ្លួនមិនបានដឹងពីកន្លែងលាក់សាកសពរបស់គាត់ទេហើយថា រាជទាយាទ Mohammed bin Salman មិនបានដឹងអំពីប្រតិបត្តិការណាមួយទេដើម្បីសម្លាប់គាត់ឡើយ។
សេចក្តីថ្លែងការណ៍របស់មេដឹកនាំទួរគីបានកើតឡើងមួយថ្ងៃបន្ទាប់ពីអាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីតបានទទួលស្គាល់ថា លោក Khashoggi ត្រូវបានសម្លាប់នៅក្នុងបរិវេណស្ថានកុងស៊ុលរបស់ពួកគេប្រចាំនៅទីក្រុង អ៊ីស្តង់ប៊ុល។
លោក Erdogan បានប្រាប់ការជួបជុំមួយក្នុងទីក្រុងអ៊ីស្តង់ប៊ុលថា “យើងកំពុងស្វែងរកយុត្តិធម៌នៅទីនេះហើយរឿងនេះនឹងត្រូវបានបង្ហាញនៅក្នុងការពិតទាំងស្រុងមិនមែនតាមរយៈជំហានសាមញ្ញមួយចំនួនទេប៉ុន្តែនៅក្នុងការពិតទាំងស្រុងរបស់ខ្លួន”។
នៅក្នុងការឆ្លើយតបយ៉ាងម៉ឹងម៉ាត់បំផុតរបស់គាត់លើរឿងរ៉ាវនេះ លោកប្រធានាធិបតី Donald Trump បានចោទប្រកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតថាបាននិយាយកុហកអំពីការសម្លាប់លោក Khashogi ដែលជាអ្នកកាសែត Washington Post និងជាអ្នករិះគន់មេដឹកនាំនៃប្រទេសអភិរក្សជ្រុលមួយនេះខណៈសម្ពាធបានកើនឡើងលើរដ្ឋបាលអាមេរិកឲ្យចាត់វិធានការកាន់តែតឹងតែង។
ប្រភពប្រធានាធិបតីទួរគីបាននិយាយថា លោក Erdogan ដែលមិនទាន់បន្ទោសដោយផ្ទាល់លើអារ៉ាប៊ីសាអ៊ូឌីតនោះគឺបាននិយាយទូរស័ព្ទជាមួយលោក Trump កាលពីថ្ងៃអាទិត្យដែលមេដឹកនាំទាំងពីរបានឯកភាពថា ករណីរបស់លោក Khashoggi ចាំបាច់ត្រូវបញ្ជាក់ឲ្យច្បាស់លាស់នៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់។
មន្ត្រីទួរគីបាននិយាយថា ពួកគេជឿជាក់ថា បុរសអារ៉ាប៊ីសាអ៊ូឌីតចំនួន១៥នាក់ដែលបានមកដល់ទីក្រុងអ៊ីស្តង់ប៊ុលតាមជើងហោះហើរចំនួនពីរកាលពីថ្ងៃទី២ខែតុលាគឺជាប់ទាក់ទងទៅនឹងការស្លាប់របស់លោក Khashoggi ។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងរីយ៉ាដបានបញ្ចេញប្រតិកម្មដោយអះអាងថា ម្នាក់ក្នុងចំណោមអ្នកទាំង១៥បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយកាលពីប៉ុន្មានឆ្នាំមុន៕ AFP
Source: Kampuchea Thmey Daily
0 Comments