ប្រធានាធិបតីតៃវ៉ាន់បានជំរុញឲ្យមានការស៊ើបអង្កេតយ៉ាងឆាប់រហ័សមួយកាលពីថ្ងៃចន្ទ បន្ទាប់ពីរថភ្លើងល្បឿនលឿន Puyuma Express រត់ធ្លាក់ផ្លូវដោយ បានសម្លាប់មនុស្សចំនួន១៨នាក់។
គ្រោះថ្នាក់នៅលើផ្លូវឆ្នេរសមុទ្រភាគខាងកើតដ៏មានប្រជាប្រិយមួយនេះបានបង្ករបួសមនុស្ស ១៨៧នាក់កាលពីថ្ងៃអាទិត្យនៅក្នុងគ្រោះថ្នាក់ផ្លូវដែកដ៏អាក្រក់បំផុតរបស់កោះនេះក្នុងរយៈពេល២៥ឆ្នាំ។
ក្នុងចំណោមអ្នកស្លាប់ អ្នកដែលមានវ័យក្មេងបំផុតគឺមានអាយុ៩ឆ្នាំ។ យោងតាមក្រសួងគមនាគមន៍បានឲ្យដឹងថា សិស្សពីរនាក់ដែលមានអាយុ១២និង១៣ឆ្នាំមកពីវិទ្យាល័យមួយក្នុងទីក្រុង Taitung ក៏បានស្លាប់ផងដែរ។
លោកស្រីប្រធានាធិបតី Tsai Ing-wen បានប្រាប់ក្រុមអ្នកកាសែតនៅពេលលោកស្រីទៅដល់កន្លែងកើតហេតុកាលពីថ្ងៃចន្ទថា “មនុស្សគ្រប់រូបមានការព្រួយបារម្ភអំពីមូលហេតុនៃឧបទ្ទវហេតុនេះហើយខ្ញុំបានស្នើសុំឲ្យរដ្ឋអាជ្ញាធ្វើការបញ្ជាក់ពីស្ថានភាពនេះ”។
រដ្ឋអាជ្ញា Chiang Jen-yu បាននិយាយខណៈក្រុមអ្នកស៊ើបអង្កេតស្វែងរកភស្តុតាងថា “ក្រុមការងារពិសេសនិងអង្គភាពនីតិកម្មនឹងកំណត់ថាតើគ្រោះថ្នាក់នេះគឺជាឧបទ្ទវហេតុឬកំហុសឆ្គងរបស់មនុស្ស”។
មន្ត្រីម្នាក់មកពីរដ្ឋបាលផ្លូវដែកតៃវ៉ាន់បាននិយាយថា អ្នកបើកបររថភ្លើងបានរាយការណ៍ថា ឧបករណ៍សម្ពាធដែលប្រើសម្រាប់ចាប់ហ្វ្រាំងគឺមានភាពមិនប្រក្រតី៣០នាទីមុនពេលគ្រោះថ្នាក់នេះកើតឡើងប៉ុន្តែថា វាមិនគួរបណ្តាលឲ្យរថភ្លើងទៅលឿនពេកនោះទេ។
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា ការស្វែងរកជនរងគ្រោះបានបញ្ចប់នៅកន្លែងកើតហេតុក្នុងតំបន់ភាគឦសាន Yilan ហើយថា គ្មានអ្នកដំណើរបន្ថែមទៀតត្រូវបានគេរកឃើញនៅក្នុងទូររថភ្លើងនោះទេ។
ឡានស្ទូចត្រូវបានគេនាំចូលទៅកន្លែងកើតហេតុទាំងយប់ដើម្បីស្ទូចរថភ្លើង Puyuma Express ចេញពីផ្លូវដែក។ ទូររថភ្លើងទាំង៨បានធ្លាក់ផ្លូវ។
លោក Tsai បានថ្លែងថា “នៅពេលដ៏លំបាកនេះ សូមឲ្យយើងទាំងអស់គ្នាអធិស្ឋានសម្រាប់អ្នករងរបួសហើយសង្ឃឹមថា អ្នកស្លាប់នឹងទៅកាន់សុគតិភព”។
ហេតុការណ៍នេះគឺជាគ្រោះថ្នាក់ផ្លូវដែកដ៏អាក្រក់បំផុតនៅកោះតៃវ៉ាន់ចាប់តាំងពីឆ្នាំ១៩៩១មក នៅពេលអ្នកដំណើរ៣០នាក់បានស្លាប់និង១១២នាក់រងរបួសបន្ទាប់ពីរថភ្លើងពីរគ្រឿងបុកគ្នាក្នុងទីក្រុង Miaoli នៅភាគខាងលិចកោះតៃវ៉ាន់៕ AFP
Source: Kampuchea Thmey Daily
0 Comments