ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតស្វីស ប្រចាំនៅកម្ពុជាលោក Ivo Sieber បានលើកឡើងថា ប្រទេសស្វីសនៅតែចាត់ទុកកម្ពុជា ជាមិត្តដ៏ល្អ ហើយស្វីសនឹងជួយផ្តល់វគ្គបណ្តុះបណ្តាលនូវជំនាញមួយចំនួនដល់កម្ពុជាដដែល ទាំងផ្នែក កសិកម្ម និងអភិបាលកិច្ចល្អព្រមទាំងជំនាញផ្សេងៗទៀត។
លោកបន្តថា រដ្ឋាភិបាលស្វីស តាមរយៈស្ថានទូតរបស់ខ្លួន ប្រចាំនៅកម្ពុជាបានសន្យាថានឹងបន្តផ្តល់វគ្គបណ្តុះបណ្តាលដល់រដ្ឋាភិបាលកម្ពុជា សម្រាប់លើកស្ទួយវិស័យកសិកម្ម និងអភិបាលកិច្ចល្អរួមទាំងសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។
ឯកអគ្គរដ្ឋទូតស្វីសបានថ្លែងបែបនេះនៅក្នុងកិច្ចជំនួបជាមួយសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រីនិងជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ។
នៅក្នុងកិច្ចជំនួបនោះដែរ សម្តេចក្រឡាហោម ស ខេង បានលើកឡើងអំពី ការវិវឌ្ឍន៍មួយចំនួនរបស់កម្ពុជាដោយសម្តេចក្រឡាហោម បានអះអាងថា ការរីកចម្រើនរបស់កម្ពុជាគឺមានអង្គការសង្គមស៊ីវិលចូលរួមជានិច្ច និងរាជរដ្ឋាភិបាលបានចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូដ៏ល្អនិងតែងតែធ្វើការជួបជុំគ្នាយ៉ាងតិចពីរដងក្នុងមួយឆ្នាំផងដែរ។
ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ក៏បានប្រាប់ដល់លោក Ivo Sieber ផងដែរថា ការបោះឆ្នោតសកលរបស់កម្ពុជាកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ បានប្រព្រឹត្តិទៅដោយភាពរលូន តម្លាភាព និងគ្មានអំពើហិង្សាណាមួយកើតឡើងផងដែរ។ យ៉ាងណាក៏ដោយនៅក្នុងកិច្ចជំនួបនោះសម្តេចក្រឡាហោម ក៏បានថ្លែងអំណរអគុណចំពោះរដ្ឋាភិបាល និងប្រជាជនស្វីសដែលបានជួយគាំទ្រ និងផ្តល់នូវជំនួយឥតសំណងដល់កម្ពុជានាពេល កន្លងមកផងដែរ៕
Source: Kampuchea Thmey Daily
0 Comments