ភ្នំពេញ ៖ លោកគង់ វុទ្ឋី អនុប្រធានសាខាផែស្ងួតចុងទីភ្នំពេញ ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យចំណីអាហារ បន្លែ ផ្លែឈើ និងគ្រឿងបភោគបរិភោគ នៅក្នុងផ្សារចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។
សកម្មភាពនេះ គឺលោករួមជាមួយក្រុមការងារជំនាញបានចុះជាប់ជាប្រចាំ នៅតាមផ្សារក្នុងរាជធានីភ្នំពេញ ដើម្បីណែនាំដល់អាជីវករនៅតាមផ្សារឲ្យបានដឹង ពីការប៉ះពាល់ដល់សុខភាពអ្នកបរិភោគ និងធ្វើការផ្សព្វផ្សាយបន្តទៅដល់អ្នកចែកចាយ ពីការប្រើប្រាស់សារធាតុគីមី ដែលទាំងនេះតាមការណែនាំពីប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ រួមទាំងមានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋ។
លោកអនុប្រធាន ក៏បានសំណូមពរដល់បងប្អូនអាជីវករទាំងអស់ សូមកុំបន្ថែមនូវសារធាតុគីមីដែលហាមឃាត់ ទៅក្នុងបន្លែ ផ្លែឈើ ចំណីអាហារ និងគ្រឿងបរិភោគបរិភោប ព្រោះសារធាតុទាំងនោះបង្កហានិភ័យខ្ពស់សុខភាពអ្នកទិញបរិភោប ម្យ៉ាងវិញទៀតអាចប្រឈមចំពោះមុខច្បាប់ ហើយត្រូវធ្វើការផ្សព្វផ្សាយបន្តដល់ម្ចាស់ទីតាំងចែកចាយផងដែរ ដើម្បីចូលរួមធ្វើការទប់ស្កាត់ទាំងអស់គ្នា។
លោក គង់ វុទ្ឋី បានបញ្ជាក់បន្ថែមថា ក្នុងកិច្ចប្រតិបត្តិការនៅក្នុងផ្សារចំការដូងនេះ គឺលោកនិងមន្ត្រីជំនាញបានយកមុខទំនិញចំនួន ៥៤គីឡូក្រាម យកទៅពិនិត្យក្នុងរថយន្តពិសោធន៍ភ្លាមៗ ប៉ុន្តែមិនមាននូវសារធាតុអ្វីដែលប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋនោះទេ។
ជាមួយគ្នានេះ លោកក៏បានសម្តែងនូវក្តីសប្បាយរីករាយជាខ្លាំង ដែលឃើញពីការយល់ដឹងរបស់បងប្អូនអាជីវករ និងសំណួរឲ្យមានការចូលរួមបែបនេះបន្តទៀត ដើម្បីសុខុមាលភាពប្រជាជនកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments