Ad Code

ព្រឹក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១០ នៅ​ទីក្រុង​តូ​ក្យូ



ភ្នំពេញ ​៖ នៅវេលា​ព្រឹក​ថ្ងៃទី​៦ ខែតុលា នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល មេគង្គ​-​ជប៉ុន លើក​ទី​១០ ដែល​នឹង​ធ្វើឡើង​ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ ២០១៨ ខាងមុខនេះ នៅ​ទីក្រុង តូ​ក្យូ ប្រទេស​ជប៉ុន តប​តាម​ការអញ្ជើញ របស់​រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ​។​

ប្រតិភូ​បាន​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ទៅកាន់​ប្រ​ទេ ស ជប៉ុន រួមមាន​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។​

នៅឯ​ទីក្រុង​តូ​ក្យូ ថ្នាក់ដឹកនាំ នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន នឹង​ចូល​ក្រាបបង្គំ​គាល់​ព្រះ​ចៅ​អធិរាជ​ជប៉ុន មុន​កិច្ចប្រជុំ​ចាប់ផ្តើម។

កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី​១០​នេះ នឹង​ពិភាក្សា និង​អនុម័ត​យុទ្ធសាស្ត្រ ទីក្រុង​តូ​ក្យូ​ថ្មី សំដៅ​ធ្វើឱ្យ​ប្រសើរឡើង នូវ​ការតភ្ជាប់ លើកកម្ពស់​សុខុមាលភាព​ប្រជាជន និង​ការពារ​បរិស្ថាន​។ យុទ្ធសាស្ត្រ​នេះ ផ្តោត​សារៈសំខាន់ លើ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​រវាង​ប្រទេស​មេគង្គ និង​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត​។


សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា​មួយ ដោយ​ផ្តោតជាសំខាន់​ទៅលើ​ទិសដៅ​នាពេល​អនាគត​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន​។ ហើយ​បន្ទាប់មក ថ្នាក់ដឹកនាំ​មេគង្គ នឹង​អញ្ជើញ ឆ​ពិសារ​អាហារ​ការងារ​ពេលព្រឹក រៀបចំ​ដោយ​សមាគម​មិត្តភាព​សភា​ជប៉ុន​-​មេគង្គ ពិសារ​អាហារ​ការងារ​ថ្ងៃត្រង់ រៀបចំ​ដោយ​ក្រុម​ធុរកិច្ច និង​ចូលរួម​ក្នុង​វេទិកា​វិនិយោគ​ជប៉ុន​-​មេគង្គ រៀបចំ​ដោយ​អង្គ ការ​ពាណិជ្ជកម្ម ក្រៅប្រទេស​ជប៉ុន (JETRO) ដែល​ក្នុងឱកាស​នោះ សម្តេច​តេ​ជោ នឹង​ថ្លែង​សង្កថា​គន្លឹះ ផ្តោតលើ​ការទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​ធ្វើ​ធុរកិច្ច ក្នុង​តំបន់​មេគង្គ​ផងដែរ​។​

នៅក្រៅ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១០ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម ស៊ីន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន ស្តីពី​បញ្ហា​ផ្សេងៗ​ដែលជា​ការយកចិត្ត​ទុក​រួម​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី តំបន់ និង​អន្តរជាតិ​។ បន្ទាប់មក នាយករដ្ឋមន្ត្រី​ទាំងពីរ នឹងមាន​សន្និសីទ​សារព័ត៌មាន​រួមគ្នា​។​

​ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​តូ​ក្យូ​សម្តេច​តេ​ជោ​នឹង​ទទួល​ជំនួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ពីគ្នា​ជាមួយ​លោក ម៉ាសា​ហ៊ី​រ៉ូ អ៊ី​ម៉ា​មូរ៉ា (Masahiro IMAMURA) ប្រធាន​សមាគម​មិត្តភាព​សភា​ជប៉ុន​-​កម្ពុជា​, លោក ហ៊ី​រ៉ូ​យូគី អ៊ី​ស៊ី​ហ្គេ (Hiroyuki Ishige) ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​អង្គការ JETRO , លោក ហ្វ៊ូមី​អាគី តាកាហាស៊ី (Fumiaki Takahashi) អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង ជា​ប្រធាន​សមាគម​ជប៉ុន​-​ក​ម្ព​ជា​, លោក ណូ​ប៊ូ​អាគី គី​តា​ម៉ូ​រី (Nobuaki Kitamori) តំណាង​ក្រុមហ៊ុន​មី​ស៊ុ​អ៊ី (Mitsui Co., Ltd) និង លោក យូ​ស៊ី​ហ៊ី​សា កៃ​នុ​ម៉ា (Yoshihisa Kainuma) តំណាង​ក្រុមហ៊ុន​មី​នេ​ប៊ែ​រ (Minebea Cambodia Co., Ltd) ។ សម្តេច​តេ​ជោ​ក៏​នឹង​អញ្ជើញ​ទស្សនកិច្ច​តំបន់ឧស្សាហកម្ម​សំខាន់ៗ​ចំនួន​ពីរ​របស់​ជប៉ុន​ផងដែរ រួមមាន កំពង់ផែ កុង​តឺ​ណឺ​រ​នៅ​ទីក្រុង​យូ​កូ​ហា​ម៉ា (Yokohama) និង​មជ្ឈមណ្ឌល​សំអាត​ទឹក​អា​រី​យ៉ា​កេ (Ariake)​។​

នៅ​ប្រទេស​ជប៉ុន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​នឹង​ឆ្លៀតឱកាស​ជួប​សំណេះសំណាល​ជាមួយ​សហ គម​ន៍ និង​និស្សិត​កម្ពុជា ដែល​កំពុង​រស់នៅ​និង​សិក្សា នៅក្នុង​ប្រទេស ជប៉ុន​ផងដែរ​៕​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu