រាជទាយាទរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតមានបន្ទូលថា មនុស្សចំនួន៨នាក់ ដែលត្រូវបានឃាត់ខ្លួននៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់ប្រទេសនេះនៅតែកំពុងស្ថិតក្រោមការឃុំឃាំងបន្ទាប់ពីមនុស្សជាច្រើននាក់ត្រូវបានចាប់ខ្លួននៅក្នុងការបោសសម្អាតមួយដែលបើកកាលពីខែវិច្ឆិកាមុន។
ព្រះអង្គ Mohammed bin Salman មានបន្ទូលថា រហូតមកដល់ពេលនេះ ទឹកប្រាក់ចំនួន៣៥ពាន់លានដុល្លារដែលបែងចែករវាងសាច់ប្រាក់៤០ភាគរយនិងទ្រព្យសម្បត្តិ៦០ភាគរយគឺត្រូវបានផ្ទេរទៅឲ្យរដ្ឋាភិបាលចេញពីទឹកប្រាក់ដែលគេគិតថាមានចំនួន១០០ពាន់លានដុល្លារ។
ព្រះអង្គបានលើកឡើងនៅក្នុងបទសម្ភាសន៍មួយរបស់ Bloomberg ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថា “យើងគិតថា វានឹងបញ្ចប់ក្នុងរយៈពេលប្រហែលពីរឆ្នាំខាងមុខ”។
អគ្គរាជអាជ្ញារបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបាននិយាយកាលពីខែមករាថា ចំនួនសរុបនៃបុគ្គលដែលត្រូវបានបង្គាប់បញ្ជាបានឈានដល់៣៨១នាក់ហើយ៥៦នាក់ទៀតនៅតែស្ថិតក្នុងការឃុំឃាំងសម្រាប់ការជំនុំជម្រះ។
វិនិយោគិនបរទេសនិងអ្នកវិនិយោគក្នុងស្រុកបានត្អូញត្អែរពីអំពើពុករលួយជាយូរមកហើយហើយការប្រឈមនឹងបញ្ហានេះគឺជាផ្នែកមួយដ៏សំខាន់នៃកំណែទម្រង់ដែលត្រូវបានប្រកាសដោយព្រះអង្គម្ចាស់ Mohammed ដើម្បីប្រែក្លាយប្រទេសនេះនិងកាត់បន្ថយការពឹងផ្អែករបស់សេដ្ឋកិច្ចលើការនាំចេញប្រេង។
មេដឹកនាំជំនួញមួយចំនួនមានការទាស់ចិត្តចំពោះការបង្ក្រាបទៅលើព្រះអង្គម្ចាស់ជាន់ខ្ពស់ អ្នកជំនួញនិងមន្ត្រីរដ្ឋាភិបាលដោយសារតែមានការសម្ងាត់ជុំវិញការបង្ក្រាបនិងការសង្ស័យរបស់ពួកគេចំពោះការជំរុញផ្នែកនយោបាយ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments