ភ្នំពេញ ៖ តារាប្រុសពហុជំនាញ និងធ្លាប់ជាពិធីករល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍CTNលោក ដួង សុគា ថ្មីៗបានបញ្ចេញសារបង្កប់អត្ថន័យអស់ជំនឿចិត្តលើការថែរក្សានិងអភិរក្សមរតកសិល្បៈបុរាណ ខណៈដែលកូនខ្មែរជាច្រើនមើលមិនឃើញពីគុណតម្លៃរបស់សិល្បៈមួយនេះ។
ជាការពិតកន្លងមកពុំមែនមានតែតារាប្រុសលោក ដួង សុខគា ម្នាក់នោះទេ ដែលបានចេញមុខឈឺឆ្អាលព្រមទាំងបំផុសស្មារតីដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសឲ្យចូលរួមថែរក្សាការពារនិងគាំទ្រលើវិស័យសិល្បៈបូរាណរបស់ខ្មែរពោលគឺមានតារាសិល្បៈរបស់ខ្មែរមួយចំនួនមកហើយតែងតែនិយាយលើកឡើងអំពីបញ្ហាមួយនេះ។ ប៉ុន្តែអ្វីដែលការអស់សង្ឃឹមនោះគឺភាគច្រើនយុវជនខ្មែរហាក់ពុំបានឲ្យតម្លៃលើវិស័យមួយនេះនោះទេ។
តារាប្រុសលោក ដួង សុខគា បានលើកឡើងបង្ហាញពីអារម្មណ៍របស់ខ្លួនថា ទោះបីជាខ្ញុំ (លោក ដួង សុខគា ) មិនចេះអ្វីច្រើន តែខ្ញុំនឹងអស់ចិត្ត ហើយនឹងលែងរវល់ពីអាយ៉ៃ ចាប៉ី យីកេ ហ្នឹងជារៀងរហូត។ ព្រោះខ្ញុំគិតថា មិនច្រៀងក៏មិនដាច់ពោះ ប្រឹងក៏អត់ប្រយោជន៍ បើគ្នាយើងគិតតែពីបរទេសពេកទៅហើយនោះ។
លោក ដួង សុខគា បានរៀបរាប់បន្ថែមពីលើនេះថា ឱ វប្បធម៌ខ្មែរ អ្នកកុំសង្ឃឹមថា នឹងមានមុខមានមាត់នឹងគេឡើយ ព្រោះក្មេងៗ គេលែងត្រូវការអ្នកហើយ! បរទេសទេតើ ដែលគេត្រូវការអ្នកនោះ!។ ចង់មិនចង់ ដើម្បីបន្តជីវិត ចូរអ្នកធ្វើម្ដេចក៏ធ្វើទៅចុះ ខ្ញុំលែងដឹងហើយ។ តាមរយៈអត្ថន័យខ្លឹមសាររបស់តារាប្រុសលោក ដួង សុគា ខាងលើនេះ បានធ្វើឲ្យមហាជនមួយចំនួនកាន់តែភ្ញាក់រឫក និងសម្តែងការគាំទ្រលើតារាប្រុសលោក ដួង សុគា ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments