ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ បានចេញសេចក្តីថ្លែងការណ៍ដ៏ពិសេសមួយឆ្លើយតបទៅនឹងសហភាពអឺរ៉ុប ស្តីពីដំណើការដកការអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA) សម្រាប់ប្រទេសកម្ពុជា និងបានចាត់ទុកជាការសម្រេចដ៏អយុត្តិធម៌បំផុត ហើយនេះបង្ហាញឲ្យឃើញថា សហភាពអឺរ៉ុបបានបដិសេធដោយចំហ អំពីវឌ្ឍនភាពដែលកម្ពុជាសម្រេចបាន។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានកត់សម្គាល់នូវលិខិតរួមរបស់លោកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Morgherini) និងលោកស្រី សេស៊ីល្យ៉ា ម៉ាលស្ត្រម (Cecilia Malmström) ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា។ ទោះបីមានការបំភ្លឺជាបន្តបន្ទាប់ដោយប្រតិភូនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាក៏ដោយ ក៏រាជរដ្ឋាភិបាលសំដែងនូវការខកចិត្តចំពោះការសម្រេចរបស់សហភាពអឺរ៉ុប ក្នុងការដាក់ចេញនូវដំណើរការនីតិវិធីជាផ្លូវការសម្រាប់ការដកជាបណ្តោះអាសន្ននូវការផ្តល់ភាពអនុគ្រោះពន្ធក្រោមកម្មវិធី “គ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA)” សម្រាប់ប្រទេសកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកការសម្រេចចិត្តនេះ ថាជាភាពអយុត្តិធម៌បំផុត ព្រោះនេះបង្ហាញឲ្យឃើញថា សហភាពអឺរ៉ុបបានបដិសេធដោយចំហ អំពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ដែលប្រទេសកម្ពុជាសម្រេចបាន ទោះបីរងគ្រោះដោយសោកនាដកម្មកន្លងមកថ្មីៗនេះយ៉ាងណាក៏ដោយ ក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិជាច្រើន ដែលត្រូវបានផ្សារភ្ជាប់នឹងកម្មវិធីនេះ ជាពិសេសនៅក្នុងវិស័យសិទ្ធិការងារ និងសិទ្ធិដីធ្លី។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលសោកស្តាយយ៉ាងខ្លាំង ចំពោះការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងរាជរដ្ឋាភិបាល ដោយឈរលើមូលដ្ឋាននៃរបាយការណ៍បេសកកម្មរបស់សហភាពអឺរ៉ុប កាលពីខែកក្កដាកន្លងទៅ។ រាជរដ្ឋាភិបាលមានការខកចិត្តចំពោះកង្វះតម្លាភាពរបស់សហភាពអឺរ៉ុប ដែលមិនបានបង្ហាញនូវខ្លឹមសារនៃរបាយការណ៍នោះ ដែលសហភាពអឺរ៉ុបបានយកធ្វើជាមូលដ្ឋាននៃសេចក្តីសម្រេចចិត្តលំអៀងរបស់ខ្លួន។
តាមក្រសួងការបរទេស ចាប់តាំងពីប្រទេសកម្ពុជាសម្រេចបានសន្តិភាពពេញលេញ និងការផ្សះផ្សារជាតិឡើងវិញមក កម្ពុជាបានអនុវត្តក្នុងកាលៈទេសៈដ៏លំបាកបំផុត ការស្តារឡើងវិញនូវការគោរពសិទិ្ធមនុស្ស និងសិទ្ធិនយោបាយជាមូលដ្ឋាន ដែលសូម្បីតែប្រទេសអឺរ៉ុបខ្លួនឯង ក៏ត្រូវចំណាយពេលខិតខំប្រឹងប្រែងអស់ជាច្រើនសតវត្សរ៍ ទម្រាំតែពួកគេអាចសម្រេចបានផ្នែកខ្លះ។ សិទ្ធិជាមូលដ្ឋានដូចជាសិទ្ធិទទួលបានម្ហូបអាហារ សុខភាព ការអប់រំ លំនៅដ្ឋាន និងការងារ គឺជាបុរេលក្ខខណ្ឌសំខាន់បំផុតសម្រាប់លទ្ធិប្រជាធិបតេយ្យមួយដ៏សមរម្យ។ សហភាពអឺរ៉ុបមិនត្រឹមតែបដិសេធចោលតថភាពដូចនេះទេ ប៉ុន្តែភាពស្ងប់ស្ងៀម និងការគាំទ្រជាចំហរបស់ខ្លួនចំពោះសកម្មភាពខុសច្បាប់ និងប្រាសចាកលទ្ធិប្រជាធិបតេយ្យនៃក្រុមមួយចំនួន ដោយមានកិច្ចការពារពីស្ថាប័នខ្លះរបស់សហភាពអ៊ឺរ៉ុប ច្បាស់ណាស់ថាបានវៀរចាក យ៉ាងឆ្ងាយពីគន្លងនៃភាពត្រឹមត្រូវ។ ដោយហេតុនេះ វាជាការច្បាស់ណាស់ថា ពិតជាមានហេតុផលខាងនយោបាយនៅពីក្រោយសេចក្ដីសម្រេចមកលើប្រទេសកម្ពុជា។
ដោយអនុវត្តវិធានការដកភាពអនុគ្រោះនេះ គណៈកម្មការអឺរ៉ុបប្រថុយប្រថានមិនទទួលស្គាល់ដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ដ៏មានតម្លៃអស់រយៈពេល២០ឆ្នាំកន្លងមកនេះ ដែលរាជរដ្ឋាភិបាលកម្ពុជាបានព្យាយាមជួយទាញមនុស្សប្រុសស្រីរាប់លាននាក់ឲ្យរួចផុតពីភាពក្រីក្រ។ ជាលទ្ធផលនោះ ការសម្រេចបែបនេះ អាចនឹងធ្វើឲ្យបាត់បង់ទាំងស្រុងនូវលទ្ធផលជាវិជ្ជមានដ៏ច្រើន នៃគោលនយោបាយអឺរ៉ុប ដែលកម្ពុជាទទួលបានផលប្រយោជន៍រហូតមកដល់ពេលនេះ។
ការជ្រើសរើសយកវិធានការដាក់ទណ្ឌកម្មយ៉ាងតឹងរឹងបែបនេះ ជាជាងការប្រកាន់យកកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនានោះអាចនឹងផ្តល់ផលអវិជ្ជមានបញ្ច្រាសមកវិញទេ។ ស្ថាប័នអឺរ៉ុបតែងតែបដិសេធមិនទទួលស្គាល់ហេតុការណ៍មិនអាចប្រកែកបាន ដែលនាំឲ្យរដ្ឋាភិបាលប្រើប្រាស់នូវបុព្វសិទ្ធិនៃរដ្ឋឯករាជ្យ និងអធិបតេយ្យភាព ក្នុងការចាត់វិធានការនានាតាមផ្លូវច្បាប់កន្លងមក។ ប្រសិនបើស្ថាប័នអឺរ៉ុបសំរេចដាក់ទណ្ឌកម្មមកលើកម្ពុជាផ្អែកលើជំហរនេះ វានឹងធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជាតាំងចិត្តកាន់តែមុតមាំថែមទៀត ក្នុងការការពារ និងរក្សាសកម្មភាពត្រឹមត្រូវ និងស្របច្បាប់របស់ខ្លួន។
រាជរដ្ឋាភិបាលកម្ពុជាបានតាំងចិត្តកសាងរដ្ឋប្រជាធិបតេយ្យមួយ ដោយគោរពសិទ្ធិប្រជាពលរដ្ឋ ទាំងអស់ស្របតាមគុណតំលៃ និងប្រពៃណីរបស់ខ្លួន ប៉ុន្តែនៅក្នុងក្របខណ្ឌនៃនីតិរដ្ឋដែលគ្មាននរណាម្នាក់ស្ថិតនៅពីលើច្បាប់បានឡើយ ទោះបីជាសកម្មជននយោបាយក្តី ឬជាសមាជិកនៃក្រុមសង្គម ស៊ីវិលក្តី។ ប្រទេសកម្ពុជាសូមឲ្យមានការគាំទ្រពីសំណាក់សហភាពអឺរ៉ុប ដើម្បីជួយធ្វើឲ្យសម្រេចគោលដៅដ៏ពិសិដ្ឋនេះ ដោយមានការគោរពដល់អធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែតុលា ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយបញ្ជាក់ថា កន្លងមកមានការរៀបចំជាច្រើនត្រូវបានធ្វើឡើងមុននឹងមានការដាក់ចេញសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលជាការចាប់ផ្ដើមនីតិវិធីជាផ្លូវការដើម្បីឈានទៅដល់ជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធលើអ្វីៗគ្រប់បែបយ៉ាងលើកលែងតែអាវុធ ឬហៅកាត់ថា EBA សម្រាប់ប្រទេសកម្ពុជា ដែលនីតិវីធីដកប្រព័ន្ធអនុគ្រោះពន្ធជាបណ្ដោះអាសន្ននេះ មានរយៈពេល៦ខែ ហើយអំឡុងពេលនេះ គណៈកម្មការអឺរ៉ុបផ្ដល់ឱ្យប្រទេសពាក់ព័ន្ធនូវឱកាសគ្រប់បែបយ៉ាង ដើម្បីធ្វើការសហការ និងប្រមូលរាល់ព័ត៌មាន ដែលចាំបាច់ទាំងអស់។ បន្ទាប់ពីរយៈពេល៦ខែនេះ នឹងមានរយៈពេល៦ខែទៀត សម្រាប់រៀបចំរបាយការណ៍អំពីលទ្ធផលរកឃើញ ហើយនៅពេលបញ្ចប់នីតិវិធីនេះ នឹងចេញសេចក្តីសំរេចមួយទៀត ថាតើត្រូវដកប្រព័ន្ធអនុគ្រោះពន្ធ ឬអត់។
ទាក់នឹងបញ្ហានេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិត និងប្រជាពលរដ្ឋរស់នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ថា “ខ្ញុំនិយាយហើយ និយាយទៀត កុំយកអធិបតេយ្យជាតិ ទៅដូរជាមួយជំនួយ កុំយកសន្តិភាពរបស់ប្រទេសទៅដូរជាមួយជំនួយ។ ឥឡូវចង់អ្នកណាចាត់ការកម្ពុជាតាមវិធីណា ចាត់ការចុះ តែកម្ពុជារឹងមាំចំពោះគោលការណ៍ការពារឯករាជ្យ អធិបតេយ្យជាតិរបស់ខ្លួន។ បើកម្ពុជាអនុវត្តច្បាប់កម្ពុជាមិនបានផង ចាំបាច់ទៅធ្វើកម្ពុជាធ្វើអី ចាំបាច់ធ្វើប្រទេសមួយធ្វើអី។ ខ្ញុំត្រូវនិយាយជាមួយអង្គការសហប្រជាជាតិ នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានបទសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ គឺពេញនិយមហើយ សម្រាប់ការជ្រៀតជ្រែករបស់ប្រទេសធំ ប្រទេសមានលុយ ទៅលើប្រទេសក្រីក្រ។ អាងឡើងសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ប៉ុន្តែឥឡូវសិទ្ធិមនុស្សប្រជាធិបតេយ្យនៅស៊ីរី នៅលីប៊ី នៅអ៊ីរ៉ាក់ នៅយ៉េម៉េន វាយ៉ាងម៉េចទៅហើយ។ ហើយកាលពីកម្ពុជា ស្លាប់រាប់លាននាក់ អ្នកឯងបានគិតទេអាហ្នឹង។ ឥឡូវចង់ធ្វើអីធ្វើទៅ ចង់ឲ្យបង់ពន្ធបង់ពន្ធ។ សូមផ្ដាំ អោនក្បាលម្តងត្រូវជំពាក់ អោន២ដងជំពាក់ អោន៣ដង អោនមួយជីវិត ខ្មែរ អត់ឯករាជ្យបានទេ។ ប្រឹងរស់ ងើបឈរឡើង ដើម្បីការពារឯករាជ្យ អធិបតេយ្យរបស់ប្រទេស ដើម្បីការពារសន្តិភាពរបស់ប្រទេស៕
Source: Kampuchea Thmey Daily
0 Comments