ភ្នំពេញ ៖ លោក រដ្ឋមន្ត្រី វេង សាខុន រដ្ឋមន្ត្រីកសិកម្ម កម្ពុជា កាលពី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ បាន អញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ច ប្រជុំលើកទី៤០ នៃរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅឯទីក្រុងហាណូយ។
ក្រសួង បានឲ្យដឹងថា ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ០២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ លោក វេង សាខុន រួមដំណើរដោយមន្ត្រីជាន់ខ្ពស់ក្រសួង បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំលើកទី៤០ នៃរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន ក្រោមអធិបតីភាព លោក ត្រិញ ឌិញហ្សូង (Trinh Dinh Dung) ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅឯទីក្រុងហាណូយ។
ក្រសួង បានបន្តថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យមើលរួមគ្នានូវវឌ្ឍនភាព និងសមិទ្ធផល នៃការអនុវត្តក្របខណ្ឌគោលនយោបាយដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការស្បៀង កសិកម្ម និងព្រៃឈើអាស៊ាន ដើម្បីសម្រេចបាននូវចក្ខុវិស័យកសិកម្មអាស៊ានក្នុងឆ្នាំ២០៣០ ជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តភាព ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពប្រជាពលរដ្ឋតំបន់។ បន្ទាប់មកគណៈប្រតិភូបានអញ្ជើញទស្សនាការដាក់តាំងពិព័រណ៍ផលិតផលកសិកម្មរបស់អាស៊ាន៕
Source: Kampuchea Thmey Daily
0 Comments