ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ភ្លាមៗដែលវាយលុកកោះ Majorca របស់ប្រទេសអេស្ប៉ាញបានកើនឡើងដល់១២នាក់ហើយ កាលពីថ្ងៃព្រហស្បតិ៍ ខណៈព័ត៌មានអំពីជនរងគ្រោះជនជាតិអេស្ប៉ាញ អាល្លឺម៉ង់ ហូឡង់និងអង់គ្លេស បានចាប់ផ្តើមលេចឡើងបន្ទាប់ពីពួកគេត្រូវបានកំណត់អត្តសញ្ញាណ។
ប្តីប្រពន្ធជនជាតិអង់គ្លេសវ័យចំណាស់មួយគូ អ្នកបើកបរតាក់ស៊ីជនជាតិអេស្ប៉ាញនិងអ្នកកាសែតអាល្លឺម៉ង់ម្នាក់ដែលកំពុងធ្វើដំណើរទៅកាន់អាកាសយានដ្ឋានគឺស្ថិតក្នុងចំណោមអ្នកដែលបានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងដែលបណ្តាលឲ្យទឹកទន្លេហៀរហូរ។
ក្រុមអ្នកជួយសង្គ្រោះនៅតែកំពុងស្វែងរកក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ដែលបាត់ខ្លួននៅក្នុងឡានជាមួយម្តាយនិងបងស្រីរបស់វានៅពេលដែលពួកគេត្រូវវាយប្រហារដោយទឹកជំនន់។
ការបោសសម្អាតដ៏ធំមួយកំពុងធ្វើឡើងតាមផ្លូវដែលគ្របដណ្តប់ដោយភក់នៅក្នុងទីក្រុង Sant Llorenc des Cardassar ដែលជាទីក្រុងមួយរងគ្រោះខ្លាំងជាងគេបំផុត។
ទាហានបានប្រើប៉ែលដើម្បីចូកភក់ដ៏ក្រាស់ចេញពីដងវិថីនានានៃទីក្រុងនេះដែលមានចម្ងាយ ៦០គីឡូម៉ែត្រពីភាគខាងកើតនៃរាជធានី Palma របស់កោះនេះ។
រដ្ឋមន្ត្រី Catalina Caldera នៃរដ្ឋបាលសាធារណៈក្នុងរដ្ឋាភិបាលតំបន់នៃកោះ Balearic បានប្រាប់ក្រុមអ្នកសារព័ត៌មានថា បុគ្គលិកសេវាសង្គ្រោះបន្ទាន់ប្រមាណ៩០០នាក់បានចូលរួមក្នុងប្រតិបត្តិការបោសសម្អាតនិងស្វែងរកក្មេងប្រុសដែលបាត់ខ្លួន។
ប្រភពពីព្រះបរមរាជវាំងបានប្រាប់ AFP ថា បន្ទាប់ពីដំណើររបស់លោកនាយករដ្ឋមន្ត្រី Pedro Sanchez ទៅកាន់តំបន់គ្រោះមហន្តរាយនៅកោះដែលមានប្រជាប្រិយពីសំណាក់ជនបរទេសនេះ, ស្តេច Felipe ទី៦និងមហេសីរបស់ទ្រង់គឺព្រះនាងLetizia នឹងយាងទៅទីនោះនៅថ្ងៃសុក្រ។
សរុបទៅ សេវាគ្រាអាសន្នបាននិយាយថា មានបុរសចំនួន៧នាក់និងស្ត្រី៥នាក់បានស្លាប់។
រដ្ឋាភិបាលក្នុងតំបន់បានប្រកាសការកាន់ទុក្ខរយៈពេលបីថ្ងៃ៕ AFP
Source: Kampuchea Thmey Daily
0 Comments