ភ្នំពេញ ៖ ជនសង្ស័យ០២នាក់ ត្រូវបានកម្លាំងប៉ូលិសល្បាតនៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោកធ្វើការឃាត់ខ្លួនបាន ខណៈដែលជនសង្ស័យ០២នាក់នេះ ធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីជិះម៉ូតូកង់បី បានសម្រេច តែជាសំណាងអាក្រក់ត្រូវអ្នកបើកម៉ូតូកង់បីកៀរម៉ូតូជនសង្ស័យផ្ទប់នឹងទ្រូងផ្លូវបណ្តាលអោយដួលម៉ូតូនិងបានធ្វើអោយម៉ូតូកង់បីក្រឡាប់ ទើបកម្លាំងល្បាតទៅដល់ធ្វើការឃាត់ខ្លួនបានទាំងពីរនាក់ជាក់ស្តែងរួមទាំងវត្ថុតាងតែម្តង។
អំពើឆក់នេះបានកើតឡើងកាលពីរាត្រីថ្ងៃព្រហស្បតិ៍ ២កើត ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១១និង១៥នាទីយប់ នៅចំណុចមុខផ្ទះលេខ៣២៦ផ្លូវម៉ៅសេទុងក្រុមទី៣៥ភូមិ១២សង្កាត់ បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យ ទី១ ឈ្មោះ វណ្ណ វិសាន់ភេទប្រុស ជនជាតិខ្មែរអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សវិទ្យាល័យទួលទំពូងថ្នាក់ទី១០Eស្នាក់នៅផ្ទះពុំស្គាល់លេខ ផ្លូវលំ ភូមិឫស្សីសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យរាជធានីភ្នំពេញ (អ្នកបើកម៉ូតូ)ធ្វើសកម្មភាព។ ទី២ ឈ្មោះ សុខ ណៃ ភេទប្រុស ជនជាតិខ្មែរអាយុ១៧ឆ្នាំមុខរបរសិស្សវិទ្យាល័យសាមគ្គីថ្នាក់ទី១០E1ស្នាក់នៅពុំពិតប្រាកដ(ដេកចល័ត)អ្នកធ្វើសកម្មភាពឆក់។
វត្ថុតាងចាប់យកមាន ម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពីពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HE1097ដែលមានលេខតួ និងលេខម៉ាស៊ីន: KT11OD.8133369( ជនសង្ស័យជិះធ្វើសកម្មភាព)។ កាបូបស្ពាយពណ៌ទឹកមាសចំនួន០១ (ជារបស់ជនរងគ្រោះដែលជនសង្ស័យឆក់ ) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ ដោយមានការឯកភាពពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះ ឈ្មោះ យា សាអ៊ីនី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាមស្នាក់នៅផ្ទះជួលផ្លូវលំក្រុម សង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ។
មន្ត្រីប៉ូលិសខណ្ឌទួលគោកបានអោយដឹងថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១១និង១៥នាទីយប់ ជនរងគ្រោះឈ្មោះ យា សាអ៊ីនី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ឥស្លាមបានជិះម៉ូតូកង់បី(ឥណ្ឌា)ចេញពីហាងម្ហូបខ្មែរតាមបណ្តោយផ្លូវម៉ៅសេទុង រហូតមកដល់ចំណុចមុខផ្ទះ ៣២៦ ផ្លូវម៉ៅសេទុងក្រុម៣៥ភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោករាជធានីភ្នំពេញ។ ស្រាប់តែមានជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូស្កូពីពណ៌ខ្មៅជិះតាមមកពីក្រោយម៉ូតូកង់បីដោយអែបខាងឆ្វេងដៃ ហើយជនសង្ស័យជិះខាងក្រោយក៏បានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះដែលកំពុងជិះនៅលើកង់បីបណ្តាលអោយដាច់ខ្សែ (បានសម្រេច)ពេលនោះអ្នកបើកម៉ូតូកង់បីក៏បានកៀរម៉ូតូជនសង្ស័យផ្ទប់នឹងទ្រូងផ្លូវបណ្ដាលអោយដួលម៉ូតូព្រមទាំងម៉ូតូកង់បីក៏ក្រឡាប់ ពេលនោះកម្លាំងល្បាតក៏បានទៅដល់ធ្វើការឃាត់ជនសង្ស័យបានទាំងពីរនាក់ជាក់ស្តែងរួមទាំងវត្ថុតាងតែម្តង។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments