Ad Code

រុស្ស៊ី​រង​ការ​ថ្កោលទោស​ចំពោះ​ការហៅ​ក្រុម​មួក​.​ស​ស៊ី​រី​ថា​ជា “​ការគំរាមកំហែង​”



ក្រុម​អ្នកការទូត​បាន​និយាយថា ប្រទេស​រុស្ស៊ី​ត្រូវបាន​គេ​ថ្កោលទោស​នៅឯ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​បន្ទាប់ពី​ហៅ​ក្រុម​អ្នកស្ម័គ្រចិត្ត​ជួយសង្គ្រោះ​ស៊ី​រី​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ក្រុម​មួក​.​ស​ថា​ជា “​ការគំរាមកំហែង​” និង​ទាមទារ​ឲ្យ​ដក​ពួកគេ​ចេញពី​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ​។​

យោងតាម​អ្នកការទូត​ដែលមាន​វត្តមាន​នៅឯ​កិច្ចពិភាក្សា​បាន​ឲ្យ​ដឹងថា តំណាង​របស់​រុស្ស៊ី​បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​បិទទ្វារ​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​កោះប្រជុំ​ដោយ​ក្រុង​មូ​ស្គូ​ថា “​វត្តមាន​របស់​ក្រុម​មួក​.​ស​គឺជា​ប្រភព​នៃ​ការគំរាមកំហែង​”​។​

អ្នកការទូត​បាន​ដកស្រង់​សម្តី​របស់​បេសកជន​រុស្ស៊ី​ដែល​បាន​និយាយថា​ថា “​យើង​សូម​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​លោកខាងលិច​ដក​ក្រុម​មួក​.​ស​ចេញពី​ប្រទេស​ស៊ី​រី​។ ក្រុម​ភេ​វរជន​គួរតែ​ត្រូវ​ដកចេញ​។ វា​មិនមែនជា​គំនិតល្អ​ទេ​ដែល​ត្រូវមាន​ពួកគេ​នៅក្នុង​សង្គម​ស៊ីវិល​”​។​

យោងតាម​អ្នកការទូត​ម្នាក់ទៀត​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​បាន​ឲ្យ​ដឹងថា តំណាង​របស់​ទីក្រុង​មូ​ស្គូ​បាន​សង្កត់ធ្ងន់​ពី​វត្តមាន​របស់​ពួកគេ​នៅក្នុង​ខេត្ត អ៊ី​ដ​លី​ប ដែលជា​ទីតាំង​រឹងមាំ​ចុងក្រោយ​របស់​ពួក​ឧទ្ទាម​នៅក្នុង​ប្រទេស​ស៊ី​រី​។​

ដោយ​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០១៣, ក្រុម​ការពារ​ស៊ីវិល​ស៊ី​រី​ឬ​ក្រុម​មួក​.​សបាន​ជួយសង្គ្រោះ​អ្នក​ដែល​រងរបួស​នៅក្នុង​ការវាយប្រហារ​លើ​តំបន់​ឧទ្ទាម​។​

ទោះបីជា​យ៉ាងណាក៏ដោយ រុស្ស៊ី​មិនបាន​ចាត់ទុក​សមាជិក​ដែលមាន​វត្តមាន​នៅក្នុង​តំបន់​ឧទ្ទាម​របស់​ស៊ី​រី​ថា​ជា​អ្នក​ជួយសង្គ្រោះ​ទេ​ហើយ​បាន​ចោទប្រកាន់​ពួកគេ​ជាច្រើនលើក​រួចមកហើយ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ភេរវកម្ម​។​

យោងតាម​ប្រភព​ការទូត​ជាច្រើន​បាន​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស​និង​បារាំង​បាន​ប្រតិកម្ម​ដោយ​កំហឹង​និង​ស្រងាកចិត្ត​។​

យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា “​សហរដ្ឋអាមេរិក​បាន​ថ្កោលទោស​ចំពោះ​ការចោទប្រកាន់​មិន​ពិត​និង​ខុសឆ្គង​របស់​ប្រទេស​រុស្ស៊ី​។ ក្រុម​មួក​.​ស​គឺជា​អង្គការ​មនុស្សធម៌​ហើយ​ប្រទេស​រុស្ស៊ី​កំពុង​បន្ត​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​”​។​

ទន្ទឹមនឹង​នេះដែរ ចក្រភព​អង់គ្លេស​បាន​អំពាវនាវ​ឲ្យ​រុស្ស៊ី​បញ្ឈប់​ការ​ខ្ជះខ្ជាយ​ពេលវេលា​របស់​ក្រុមប្រឹក្សា​នេះ​ខណៈ​បារាំង​បាន​និយាយថា ខ្លួន​មានការ​ភ្ញាក់ផ្អើល​និង​ស្រងាកចិត្ត​ហើយ​បន្ថែមថា ក្រុម​នេះ​បាន​ជួយសង្គ្រោះ​មនុស្ស​រាប់រយ​នាក់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu