Ad Code

លោក Mattis នឹង​ជួប​ជាមួយ​សម​ភាគី​ចិន​ចំ​ពេល​មាន​ភាព​តានតឹង



រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Jim Mattis នឹង​ជួប​ជាមួយ​សម​ភាគី​ចិន​របស់លោក​នៅ​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ពី​កិច្ចពិភាក្សា​លើក​មុន​ត្រូវបាន​លុបចោល​ចំពេល​មាន​ភាព​តានតឹង​ខ្ពស់​រវាង​មហាអំណាច​នុយក្លេអ៊ែរ​ទាំងពីរ​នេះ​អំពី​បញ្ហា​ពន្ធគយ​និង​ការដាក់ទណ្ឌកម្ម​។​
​កិច្ចប្រជុំ​រវាង​ប្រធាន​មន្ទីរ​បញ្ច​កោណ​និង​លោក​ឧ​ត្ត​ម​សេនីយ៍ Wei Fenghe នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​សន្តិសុខ​ក្នុង​តំបន់​នៅ​ប្រទេស​សិង្ហ​បុរី​ត្រូវបាន​គេ​រំពឹងថា​នឹង​ឃើញ​បុរស​ទាំងពីរ​នេះ​បន្ត​ទំនាក់ទំនង​យោធា​យូរអង្វែង។

លោក Randall Schriver ជំនួយការ​រដ្ឋមន្ត្រី​ការពារជាតិ​សម្រាប់​កិច្ចការ​អាស៊ី​និង​ប៉ាស៊ីហ្វិក​របស់​មន្ទីរ​ប​ញ្ច​កោណ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​ការពិត​ដែលថា​លោក Mattis នឹង​ជួប​ជាមួយ​លោក​រដ្ឋមន្ត្រី Wei គឺជា​ភស្តុតាង​ដែលថា ចិន​មាន​ចំណាប់អារម្មណ៍​ក្នុងការ​រក្សា​ភាព​ធម្មតា​និង​ស្ថិរភាព​ដូច​យើង​ដែរ​”​។​

ជំនួប​រវាង​លោក Mattis និង​លោក Wei ត្រូវបាន​គេ​រំពឹងថា​នឹងធ្វើ​ឡើង​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ចុង​សប្តាហ៍​មុន​ប៉ុន្តែ​វា​ត្រូវបាន​លុបចោល​វិញ​បន្ទាប់ពី​ប្រទេស​ចិន​បាន​បដិសេធ។

ប្រទេស​ចិន​បាន​ប្រតិកម្ម​យ៉ាង​ខឹងសម្បា​បន្ទាប់ពី​ក្រុង​វ៉ាស៊ីនតោន​បានដាក់​ទណ្ឌកម្ម​ក្រោយ​ក្រុង​ប៉េកាំង​ទិញ​យន្តហោះ​ចម្បាំង​និង​មី​ស៊ី​ល​របស់​រុស្ស៊ី​និង​ការជួបគ្នា​យ៉ាង​ជិត​រវាង​នាវាចម្បាំង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង។

សកម្មភាព​ផ្សេងទៀត​របស់​ក្រុង​ប៉េកាំង​រួមមាន ការលុបចោល​នូវ​ការធ្វើ​ទស្សនកិច្ច​កំពង់ផែ​មួយ​ដែល​បានគ្រោង​ទុក​របស់​នាវា​ចម្បាំង​អាមេរិក​ទៅ​ទីក្រុង​ហុងកុង​និង​លុបចោល​កិច្ចប្រជុំ​មួយ​រវាង​ប្រមុខ​កងទ័ពជើងទឹក​ចិន​ជាមួយ​សម​ភាគី​អាមេរិក។

លោក Mattis បានធ្វើ​ដំណើរ​ចំនួន​ប្រាំបី​លើក​ទៅកាន់​តំបន់​ឥណ្ឌូ - ប៉ាស៊ីហ្វិក​ក្នុងនាម​ជា​ប្រធាន​មន្ទីរ​បញ្ច​កោណ​ហើយ​បេសកកម្ម​ចម្បង​មួយ​គឺ​ដើម្បី​ជំរុញ​ឲ្យ​បណ្ដា​ប្រទេស​ទាំងឡាយ​ក្រោកឈរឡើង​ប្រឆាំងនឹង​ការទាមទារ​អធិបតេយ្យភាព​យ៉ាង​ធំធេង​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដ៏​សំខាន់៕ AFP


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu