Ad Code

ចំនួន​អ្នកស្លាប់​ដោយសារ​ព្យុះសង្ឃរា Michael កើន​ដល់​១៦​នាក់



គិត​ត្រឹម​ថ្ងៃ​សុក្រ ចំនួន​អ្នកស្លាប់​ដោយសារ​ព្យុះសង្ឃរា Michael បាន​កើន​ឡើងដល់​យ៉ាងតិច​១៦​នាក់​ចំពេល​មានការ​ភ័យខ្លាច​ថា វា​នឹង​បន្ត​កើនឡើង​ ខណៈ​ដែល​ក្រុម​ស្វែងរក​និង​ជួយសង្គ្រោះ​បាន​រក​សព្វ​ពាសពេញ​ទីក្រុង​នៃ​រដ្ឋ Florida ដែល​វាយប្រហារ​ដោយ​ព្យុះ​បិសាច​មួយ​នេះ។

អភិបាលរដ្ឋ Florida លោក Rick Scott បាន​និយាយថា “​ទីក្រុង Mexico Beach ត្រូវបាន​បំផ្លាញ​”​។ នៅ​ទីក្រុង​នេះ ព្យុះ Michael បាន​បង្ក​ការបាក់​ដី​ក្នុងនាម​ជា​ព្យុះ​ប្រភេទ​៤​កាលពី​ថ្ងៃ​ពុធ​។​

លោក Scott បាន​និយាយថា “​វា​ដូចជា​គ្រាប់បែក​ផ្ទុះ​អញ្ចឹង​។ វា​ដូចជា​តំបន់​សង្គ្រាម​”​។ លោក​បាន​និយាយ​បែបនេះ​នៅពេលដែល​លោក​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ដែលមាន​ប្រជាជន​១,០០០​នាក់​មួយ​នេះ​ដែល​ស្ថិតនៅ​ឈូង​សមុទ្រ​ម៉ិ​ក​ស៊ិ​ក​។

កាលពី​ថ្ងៃ​សុក្រ ក្រុម​ជួយ​សង្គ្រោះបាន​ប្រើប្រាស់​សត្វ​ឆ្កែ​ហិតក្លិន​ក្នុង​ទីក្រុង Mexico Beach ដើម្បី​ស្វែងរក​ជនរងគ្រោះ​ដែល​អាច​កប់​នៅក្រោម​គំនរ​បាក់បែក​។​

លោក Brock Long ប្រធាន​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះអាសន្ន​សហព័ន្ធ (FEMA) បាន​ព្រមាន​ថា លោក​រំពឹងថា​ចំនួន​អ្នកស្លាប់​នឹង​កើនឡើង​បន្តទៀត​។ លោក​ថ្លែងថា “​ខ្ញុំ​រំពឹងថា យើង​នឹង​មិនឃើញ​វា​កើនឡើង​យ៉ាងខ្លាំង​ទៅ​ចុះ​ប៉ុន្តែ​ខ្ញុំ​មាន​ហេតុផល​ដើម្បី​ជឿថា យើង​នៅ​មិនទាន់​អាច​ចូល​ទៅដល់​តំបន់​ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​”​។​

ក្រុមមន្ត្រី​រដ្ឋ​បាន​និយាយថា ទីក្រុង Mexico Beach គឺ​ស្ថិតនៅក្រោម​ការបញ្ជា​ឲ្យ​ជម្លៀស​ជា​ចាំបាច់​ប៉ុន្តែ​អ្នកស្រុក​មួយចំនួន​បានសម្រេច​ចិត្ត​ស្នាក់នៅ​ហើយ​ព្យាយាម​គេច​ចេញពី​ព្យុះ​។​

មនុស្ស​យ៉ាងតិច​៤​នាក់​ដែល​ស្លាប់​ដោយសារ​ខ្យល់ព្យុះ​នេះ​ត្រូវបាន​បញ្ជាក់​នៅ​រដ្ឋ Florida, ៥​នាក់​នៅ​រដ្ឋ Virginia, ម្នាក់​នៅ​រដ្ឋ Georgia និង​៣​នាក់​ទៀត​នៅ​រដ្ឋ North Carolina ។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាមេរិក​កាលពី​ថ្ងៃ​សុក្រ​បាន​ដកស្រង់​សម្តី​អាជ្ញាធរ​នៅក្នុង​តំបន់ Jackson County នៃ​រដ្ឋ Florida ដែល​បាន​រាយការណ៍​ថា មាន​មនុស្ស​៣​នាក់​បាន​ស្លាប់​នៅ​ទីនោះ​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់​ដោយសារ​ព្យុះ Michael កើន​ដល់​យ៉ាងតិច​១៦​នាក់​។​

ការស្លាប់​២​នាក់​ចុងក្រោយ​នៅ​រដ្ឋ North Carolina បាន​កើតឡើង​ក្នុង​តំបន់ McDowell នៅពេល​រថយន្ត​មួយគ្រឿង​បុក​ដើមឈើ​ដែល​បាក់​នៅតាម​ដងផ្លូវ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu