រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បាននិយាយថា លោកសង្ឃឹមថានឹងពន្លឿនឲ្យមានកិច្ចពិភាក្សាជាលើកទី២រវាងលោកគីមជុងអ៊ុននិងលោកដូណាល់ត្រាំនៅពេលលោកចាប់ផ្តើមដំណើរទស្សនកិច្ចអាស៊ីនៅថ្ងៃសៅរ៍ដោយក្នុងនោះក៏មានទាំងកិច្ចប្រជុំមួយជាមួយមេដឹកនាំកូរ៉េខាងជើងផងដែរ។
លោក Pompeo បានទៅដល់ទីក្រុងតូក្យូមុនគេបង្អស់ក្នុងដំណើរទស្សនកិច្ចមួយដែលក៏នឹងនាំគាត់ទៅកាន់ទីក្រុងព្យុងយ៉ាងជាលើកទីបួនផងដែរស្របពេលដែលកិច្ចព្រមព្រៀងអាមេរិក-កូរ៉េខាងជើងជាប្រវត្តិសាស្ត្របានលេចជារូបរាង។
ថ្លែងនៅលើយន្ដហោះខណៈពេលធ្វើដំណើរចេញពីសហរដ្ឋអាមេរិក លោក Pompeo បាននិយាយថា គោលបំណងរបស់លោកគឺដើម្បី “អភិវឌ្ឍទំនុកចិត្តឲ្យបានគ្រប់គ្រាន់” រវាងគូសត្រូវជាប្រវត្ដិសាស្ដ្រទាំងពីរនេះឆ្ពោះទៅរកសន្តិភាព។
លោក Pompeo បានបន្តថា “បន្ទាប់មក យើងក៏នឹងបង្កើតកិច្ចប្រជុំកំពូលបន្ទាប់ទៀតផងដែរ”។
យ៉ាងណាក្តី លោកបានច្រានចោលការរំពឹងទុកអំពីការទម្លាយភាពទាល់ច្រកដ៏ធំមួយដោយថ្លែងថា “ខ្ញុំសង្ស័យថាយើងនឹងមានភាពជាប់គាំងប៉ុន្តែត្រូវចាប់ផ្តើមអភិវឌ្ឍជម្រើសសម្រាប់ទីតាំងនិងពេលវេលាដែលលោកប្រធានគីមនឹងជួបជាមួយលោកប្រធានាធិបតីត្រាំជាថ្មីម្តងទៀត”។
កាលពីខែមិថុនា លោក ត្រាំ បានជួបលោក គីម នៅប្រទេសសិង្ហបុរីក្នុងជំនួបកំពូលលើកដំបូងបង្អស់រវាងប្រទេសទាំងពីរ។
ចាប់តាំងពីកិច្ចប្រជុំកំពូលនៅប្រទេសសិង្ហបុរីមកដែលអ្នករិះគន់ចោទប្រកាន់ថាជាការប្តេជ្ញាចិត្តមិនច្បាស់លាស់របស់លោកគីមចំពោះការលុបបំបាត់អាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េនោះ, ផ្លូវឆ្ពោះទៅរកចំណងទាក់ទងល្អប្រសើរជាងមុនគឺមានភាពរង្គោះរង្គើ។
លោក ត្រាំ បានលុបចោលដំណើរទស្សនកិច្ចតាមការគ្រោងទុកដោយអ្នកការទូតកំពូលរបស់លោកទៅកាន់ទីក្រុងព្យុងយ៉ាងបន្ទាប់ពីអ្វីដែលលោកនិយាយថា ជាការរីកចម្រើនមិនគ្រប់គ្រាន់ឆ្ពោះទៅរកការអនុវត្តតាមលក្ខខណ្ឌនៃសេចក្តីប្រកាសក្នុងប្រទេសសិង្ហបុរី៕ AFP
Source: Kampuchea Thmey Daily
0 Comments