ភ្នំពេញ ៖ ម្ចាស់បទ អ្នកណាកែចិត្តបង កញ្ញា សោភា ទេពី បានចេញមុខច្រានចោលភ្លាមៗ បន្ទាប់ពីមានការលើកឡើង និងចុះផ្សាយថា ខ្លួនជាតារាចម្រៀងប្រចាំផលិតកម្មZone ខណៈពេលដែលបទរបស់ខ្លួនទើបចេញMVជាផ្លូវការកាលពីថ្មីៗកន្លងមកនេះ។
ការចេញមុខបដិសេធ និងច្រានចោលពីសំណាក់តារាចម្រៀងរូបស្រស់សោភាកញ្ញា សោភា ទេពី ខាងលើនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកមួយចំនួនបានធ្វើការសរសេរចុះផ្សាយដោយបានបញ្ជាក់ថា បច្ចុប្បន្ននាងកំពុងតែជ្រកក្រោមដំបូលរបស់ផលិតកម្មzone។មិនតែប៉ុណ្ណោះក៏មានការបង្ហើបថានាងជាតារាចម្រៀងដែលមានការរមិលគុណចំពោះផលិតកម្មទៀតផង។
ជាប្រតិកម្មឆ្លើយតបចំពោះដំណឹងខាងលើតារាចម្រៀងកញ្ញា សោភា ទេពី បានបញ្ជាក់ថា បច្ចុប្បន្ននាងពុំមែនជាតារាចម្រៀងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ផលិតកម្មZone ដូចការលើកឡើងនោះទេ។ចំណែកឯបទចម្រៀងដែលកំពុងមានភាពល្បីល្បាញមានចំណងជើងថា អ្នកណាកែចិត្តបង ពិតរបស់នាងមែន។
កញ្ញា សោភា ទេពី បានលើកឡើងថា នាងខ្ញុំ សោភា ទេពី សូមបដិសេធថា ក្នុងពេលបច្ចុប្បន្ននេះនាងខ្ញុំមិនបាននៅក្នុងផលិតកម្ម zone នេះទេ សូមបងៗសារព័ត៌មាន មេត្តាជួយកែសម្រួលពាក្យពេចន៍ក្នុងអត្ថបទនេះផង ។ ខ្ញុំជាម្ចាស់បទ «អ្នកណាកែចិត្តបង» ពិតប្រាកដមែន តែមិនបានចូលផលិតកម្មនេះទេ! សូមអរគុណ! សូមជួយស៊ែម្នាក់មួយមកចា៎។
កម្ពុជាថ្មីនៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨នៅមិនទាន់អាចស្វែងរកការបំភ្លឺបន្ថែមពីសំណាក់សាមីខ្លួនកញ្ញា សោភា ទេពី លើករណីននៃការរិះគន់ថានាងជាតារាចម្រៀងប្រៀបបានដូចជាសត្វក្រពើវង្វេងបឹងបាននៅឡើយទេ។ ដូច្នេះចំពោះករណីនេះសង្ឃឹមថា ស្រីស្រស់ សោភា ទេពី នឹងចេញមុខបំភ្លឺការពិតនៅពេកក្រោយ៕
Source: Kampuchea Thmey Daily
0 Comments