ពានរង្វាន់ណូបែលសន្តិភាពត្រូវប្រគល់ឲ្យអ្នកធ្វើយុទ្ធនាការប្រឆាំងអំពើហិង្សាផ្លូវភេទ
វេជ្ជបណ្ឌិតកុងហ្គោលោក Denis Mukwege និងសកម្មជនយ៉ាហ្ស៊ីឌីលោកស្រី Nadia Murad បានឈ្នះពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០១៨កាលពីថ្ងៃសុក្រសម្រាប់ការងាររបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាផ្លូវភេទនៅក្នុងជម្លោះជុំវិញពិភពលោក។
ប្រធានគណៈកម្មាធិការណូបែលលោកស្រី Berit Reiss-Andersen បាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា អ្នកទាំងពីរបានឈ្នះពានរង្វាន់នេះសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការបញ្ចប់ការប្រើប្រាស់អំពើហឹង្សាផ្លូវភេទជាអាវុធសង្គ្រាមនិងជម្លោះប្រដាប់អាវុធ។
អ្នកដែលឈ្នះទាំងពីរនេះគឺមានម្នាក់ជាគ្រូពេទ្យនិងម្នាក់ទៀតជាអតីតទាសករផ្លូវភេទរបស់ក្រុមរដ្ឋឥស្លាម។
ពានរង្វាន់នេះត្រូវបានប្រកាសចំពេលចលនា #MeToo បានប្រារព្ធខួបលើកទីមួយរបស់ខ្លួនបន្ទាប់ពីរយៈពេលមួយឆ្នាំដែលក្នុងនោះ ការចោទប្រកាន់អំពីការរំលោភបំពានផ្លូវភេទ ការរំលោភសេពសន្ថវៈនិងការធ្វើទុក្ខបុកម្នេញបានផ្តួលរំលំបុរសដែលមានអំណាចរាប់សិបនាក់។
ដោយទទួលស្គាល់ការងាររបស់អ្នកទាំងពីរ គណៈកម្មាធិការណូបែលបានដាក់ការយកចិត្តទុកដាក់លើការប្រើអំពើហិង្សាផ្លូវភេទក្នុងសង្គ្រាមថាជាបញ្ហាសកលមួយ។
លោក Mukwege ដែលកំពុងធ្វើការវះកាត់ក្នុងមន្ទីរពេទ្យរបស់គាត់នៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនៅពេលដែលអ្នកឈ្នះត្រូវបានប្រកាសគឺបានឧទ្ទិសរង្វាន់របស់គាត់ចំពោះស្ត្រីទាំងអស់ដែលទទួលរងអំពើហិង្សាផ្លូវភេទក្នុងសង្គ្រាម។
ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ វេជ្ជបណ្ឌិតវ័យ៦៣ឆ្នាំរូបនេះបានជួយស្ត្រីឲ្យងើបចេញពីអំពើហិង្សានិងការឈឺចាប់អំពីការរំលោភបំពានផ្លូវភេទនិងការរំលោភសេពសន្ថវៈនៅឯភាគខាងកើតប្រទេសកុងហ្គោដែលញាំញីដោយសង្គ្រាម។
លោក Mukwege បានព្យាបាលជនរងគ្រោះរាប់ពាន់នាក់រួមទាំងស្ត្រី កុមារនិងសូម្បីតែទារកទើបតែមានអាយុប៉ុន្មានខែផងដែរនៅមន្ទីរពេទ្យ Panzi ដែលគាត់បានបង្កើតនៅឆ្នាំ១៩៩៩ក្នុងតំបន់ South Kivu ។ គាត់គឺជាអ្នករិះគន់ឥតសំចៃមាត់អំពីការរំលោភបំពានលើស្ត្រីក្នុងអំឡុងសង្គ្រាមដោយហៅការរំលោភថាជា “អាវុធប្រល័យលោក”។
គណៈកម្មាធិការពានរង្វាន់ណូបែលក៏បានផ្តល់កិត្តិយសដល់លោកស្រី Murad ជនជាតិអ៊ីរ៉ាក់អាយុ២៥ឆ្នាំមកពីសហគមន៍ យ៉ាហ្ស៊ីឌី ផងដែរដែលត្រូវបានក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមចាប់ជំរិតនៅឆ្នាំ២០១៤ហើយបានស៊ូទ្រាំរយៈពេល៣ខែជាទាសករផ្លូវភេទមុនពេលរត់គេចខ្លួន។
បន្ទាប់ពីការរត់គេចខ្លួនភ្លាម នាងបានក្លាយជាមេដឹកនាំសម្រាប់កិច្ចខិតខំប្រឹងប្រែងការពារសហគមន៍យ៉ាហ្ស៊ីឌីហើយក្រោយមកត្រូវបានគេតែងតាំងជាឯកអគ្គរដ្ឋទូតរបស់អង្គការសហប្រជាជាតិសម្រាប់ជនរងគ្រោះនៃការជួញដូរមនុស្ស៕ AFP
Source: Kampuchea Thmey Daily
0 Comments