ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំអង្គការសហប្រជាជាតិ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេសនៅថ្ងៃសុក្រ ដែលនេះជាការផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីដំបូងបង្អស់មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅឆ្នាំក្រោយ។
លោកប្រធានាធិបតី Rodrigo Duterte បាននិយាយថា លោកបានស្នើឯកអគ្គរដ្ឋទូត Teodoro Locsin ឲ្យជំនួសលោក Alan Peter Cayetano ដែលមានផែនការស្វែងរកអាសនៈមួយនៅក្នុងសភាជាន់ទាប។ លោក Cayetano គឺជាសមាជិកសភារយៈពេល៣អាណត្តិនិងជាសមាជិកព្រឹទ្ធសភាពីរអាណត្តិមុនពេលលោកចូលរួមជាមួយគណៈរដ្ឋមន្ត្រីកាលពីឆ្នាំមុន។
បេក្ខជនបានចាប់ផ្តើមចុះឈ្មោះនៅថ្ងៃព្រហស្បតិ៍សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលគ្រោងធ្វើឡើងនៅខែឧសភាឆ្នាំ២០១៩ហើយត្រូវបានគេមើលឃើញថាជាការធ្វើប្រជាមតិមួយលើរដ្ឋបាលរបស់លោក Duterte ។
សមាជិកគណៈរដ្ឋមន្ត្រីចំនួន៥រូបបន្ថែមទៀតត្រូវបានគេរំពឹងថានឹងលាឈប់និងឈរឈ្មោះសម្រាប់តំណែងជ្រើសរើសដោយក្នុងនោះរួមមានទាំងរដ្ឋមន្ត្រីក្រសួងកំណែទម្រង់កសិកម្ម ទីប្រឹក្សានយោបាយនិងជំនួយការពិសេសផងដែរ។
ការិយាល័យរបស់លោកប្រធានាធិបតីបាននិយាយថា អ្នកនាំពាក្យរបស់លោក Duterte គឺលោក Harry Roque ក៏នឹងចាកចេញទៅកាន់តំណែងសាធារណៈផងដែរនៅឆ្នាំក្រោយ។ លោក Roque ត្រូវបានជំនួសដោយមេធាវីរបស់ប្រធានាធិបតីឈ្មោះ Salvador Panelo ។
អាសនៈជិត៣២០នៅក្នុងសភានីតិបញ្ញត្តិនិងតំណែងរដ្ឋាភិបាលក្នុងតំបន់ជាង១៧,០០០រាប់ចាប់ពីអភិបាលខេត្តចំនួន៨១ដល់ក្រុមប្រឹក្សាក្រុងចំនួន១,៦០០នឹងត្រូវប្រជែងនៅទូទាំងប្រទេស៕ REUTERS
Source: Kampuchea Thmey Daily
0 Comments