ភ្នំពេញ ៖ លោក តាំង សារាដា ជាបុគ្គលិកវិទ្យុអាស៊ីសេរី នៅក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែលជាវិទ្យុមួយបំរើផលប្រយោជន៍ឲ្យបរទេស បានប្រកាសលាឈប់ពីការងាររបស់ខ្លួនហើយកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីបំពេញការងារនៅស្ថាប័ននេះអស់រយៈពេលជាច្រើនឆ្នាំ ហើយការប្រកាសលាឈប់ពីការងារនេះ មិនបានបញ្ជាក់ពីមូលហេតុនោះទេ ប៉ុន្តែតាមរយៈសំណេររបស់ខ្លួន ត្រូវបានគេសង្ស័យថា អាចទទួលរងភាពអយុត្តិធម៌ ក្រោយពីស្ថាប័ននេះ គ្រប់គ្រងដោយលោក ជុន ច័ន្ទបុត្រ ដែលរត់គេចខ្លួនពីប្រទេសកម្ពុជា។
ការប្រកាសលាឈប់ពីការងាររបស់លោក តាំង សារាដា បានធ្វើឡើងកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។ លោក តាំង សារាដា ដែលល្បីល្បាញខ្លាំងតាមរយៈការរិះគន់ ជេរប្រមាថ លើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា មិនសំចៃមាត់នោះ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា “ចាប់ពីពេលនេះតទៅ ខ្ញុំលែងជាបុគ្គលិករបស់វិទ្យុអាស៊ីសេរីតទៅទៀតហើយ”។ លោកបានសរសេរទៀតថា “សូមក្រុមអ្នកព័ត៌មានដូចគ្នាកុំយកការលាឈប់របស់ខ្ញុំ ទៅពាក់ព័ន្ធប្រឡាក់ប្រទាញប្រទង់ជាមួយលោក ជុន ច័ន្ទបុត្រអី គាត់មិនដឹងអីទេ គាត់កំពុងសំរាកព្យាបាលជំងឺ ដ៏គួរអោយអាណិតបំផុត។ ការលាឈប់របស់ខ្ញុំ គឺជាការជ្រើសរើសរបស់ខ្ញុំ។ បើគ្មានហេតុ វាក៏គ្មានផលដែរ សំរាប់ការលាឈប់នេះ។ តែខ្ញុំនឹងមកវិញនៅប៉ុន្មានខែទៀត ជាមួយព័ត៌មានថ្មីផ្សេងវិញ។ stay tune ! “។
លោក តាំង សារាដា ធ្លាប់បានសរសេរដែរថា “សុខចិត្តក្រ ជាមួយម្ចាស់ឆ្លាត ជាជាងមានបាន ជាមួយម្ចាស់ល្ងង់”។ “ទ្រឹស្តីនៃការតស៊ូទាំងឡាយ ភាគច្រើនកើតចេញពីការឈឺចាប់ និងភាពរងគ្រោះ”។
ទាក់ទងបញ្ហានេះ បណ្តាញទំនាក់ទំនងសង្គម មិត្តភក្តិរបស់លោកជាច្រើន បានព្យាយាមសាកសួរពីមូលហេតុ ដែលលោកសម្រេចចាកចេញពីស្ថាប័នព័ត៌មានបំរើបរទេសមួយនេះ ប៉ុន្តែលោក តាំង សារាដា មិនបានបកស្រាយតបវិញឡើយ សូម្បីតែការងារថ្មី ដែលលោកនឹងចាប់យកនាពេលខាងមុខនេះ។
អ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ Sopheap Phlay បានបញ្ចេញយោបល់ថា “១ អាស៊ីម៉ាសេរីហ្នឹង ខ្ញុំចូលចិត្តតែសំឡេងបងទេ។ ក្រៅពីហ្នឹង ដូចម៉េចមិនដឹង។ ព្រាត់ចុះបង” ហើយគណនីហ្វេសប៊ុកមួយទៀតឈ្មោះ ប៊ុនធឿន ធឿន បានសរសេរថា “ខ្ញុំស្រលាញ់ភាពក្លាហាន និងសំឡេងរបស់អ្នក។ តើហេតុអីបានទៅជាបែបនេះ?”។
ចំណែកលោកស្រី ដេប៊ី គ្រីស្ហើ ស្ទីល (Debbie Krisher-Steele) ចាងហ្វាងការផ្សាយរបស់អតីតកាសែត ឌឺខេមបូឌាដេលី និងជាកូនស្រីបង្កើតរបស់លោក ប៊ើណាដ គ្រីស្ហើ (Bernard Krisher) បានលើកឡើងថា នៅពេលទ្វារមួយបិទ ទ្វារមួយទៀតបើក។ សូមដំណើរទៅមុខទៀតរបស់អ្នក ទទួលបានជោគជ័យ។
ការលាឈប់របស់លោក តាំង សារាដា គឺស្ថិតក្នុងដំណាក់កាលវិទ្យុអាស៊ីសេរី ដែលទទួលបានការឧបត្ថម្ភពីព្រឹទ្ធសភាអាមេរិកនោះ គ្រប់គ្រងដោយលោក ហូត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ ដែលធ្លាប់មានប្រវត្តិបន្លំខ្លួនចូលពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ដោយក្លែងខ្លួនជាជំនួយការរបស់មន្ត្រីអតីតគណបក្សសង្គ្រោះជាតិ។ ដោយសារការបន្លំខ្លួនចូលទៅក្នុងពន្ធនាគារដោយខុសច្បាប់ លោក ហួត ឃីនវុទ្ធី ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះឲ្យចូលខ្លួនក្នុងនាមជាជនសង្ស័យ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ប៉ុន្តែលោកបានចេញខ្លួនចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃ កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Thai Airway ដោយប្រើប្រាស់លិខិតឆ្លងដែនសញ្ជាតិអាមេរិកាំង។
គួររំលឹកថា វិទ្យុអាស៊ីសេរី ដែលទទួលបានការឧបត្ថម្ភពីព្រឹទ្ធសភាអាមេរិក ហើយដែលតែងតែហៅខ្លួនឯងថា ជាអ្នកសិទ្ធិមនុស្ស ជាអ្នកប្រជាធិបតេយ្យ ជាវិទ្យុឯករាជ្យនោះ កន្លងទៅមានអតីតបុគ្គលិកនៅប្រទេសកម្ពុជា ជាច្រើនត្រូវបានបញ្ឈប់ដោយគ្មានមូលហេតុ ហើយស្ថាប័នវិទ្យុនេះ ក៏មិនបានអនុវត្តតាមច្បាប់ការងាររបស់កម្ពុជា ដូចដែលពួកគេបានផ្សាយរិះគន់រាជរដ្ឋាភិបាលឲ្យអនុវត្តដែរ ហើយក៏ត្រូវបានអតីតបុគ្គលិកប្តឹងទៅតុលាការ ដោះស្រាយមិនទាន់ចប់ផង ប៉ុន្តែវិទ្យុនេះបានសំរេចបិទការិយាល័យនៅប្រទេសកម្ពុជា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៧ ដោយមិនបានបញ្ជាក់ពីមូលហេតុជាក់លាក់ណាមួយនោះទេ៕
Source: Kampuchea Thmey Daily
0 Comments