ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិឡាវ ក្នុងពូល A នៃពានរង្វាន់ធំជាងគេប្រចាំតំបន់អាស៊ាន AFF Suzuki Cup នៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះលើទីលានពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ ខណៈគ្រូបង្វឹករបស់ក្រុមទាំង២សុទ្ធតែអះអាងថាការប្រកួតនេះនឹងជាជំនួបតានតឹងមួយ។
លោក Felix Gonzalez Dalmas គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានអះអាងនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមកដល់ថា «មែនទែនទៅ សម្រាប់ប្រកួតជាមួយប្រទេសឡាវនេះ យើងមានពេលវេលាគ្រប់គ្រាន់ ដើម្បីរៀបចំខ្លួន ហើយកីឡាករក៏មានពេលសម្រាកគ្រប់គ្រាន់ដែរ។ តែអ្វីដែលសំខាន់ យើងបានស្គាល់ច្បាស់ ចំពោះគូបដិបក្ខរបស់យើង គឺក្រុមឡាវ។ ដូច្នេះត្រូវត្រៀមខ្លួនឲ្យបានល្អបំផុត សម្រាប់ការប្រកួតថ្ងៃស្អែក»។ លោកជឿជាក់ថា ប្រកួតនេះ នៅតែជាការប្រកួតដ៏សំខាន់និងតានតឹងសម្រាប់ក្រុមខ្លួន។
ចំណែកលោក V. Sundram Moorthy គ្រូបង្វឹករបស់ក្រុមជម្រើសជាតិឡាវ វិញបានបង្ហាញទស្សនៈរបស់ខ្លួនថា «ខ្ញុំធ្លាប់ដឹកនាំក្រុមប៉ះកម្ពុជា កាលពី២ឆ្នាំមុន ជាគ្រាខ្ញុំជាគ្រូបង្វឹកក្រុមសឹង្ហបុរី តែឆ្នាំនេះកម្ពុជា មានគ្រូបង្វឹកថ្មី មានប្រព័ន្ធលេងថ្មីនិងសមត្ថភាពកើនឡើងថ្មី។ ដូច្នេះការជួបគ្នាយប់ថ្ងៃអង្គារនេះ ពិតជាមិនងាយស្រួលនោះទេ។ សម្រាប់យើងនិងសមាជិកទាំងអស់បានត្រៀមខ្លួនរួចហើយសម្រាប់ការប្រកួតចុងក្រោយនៅពូល A ដែលជាប្រកួតតានតឹងនេះ»។
នៅលើហ្វេសប៊ុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា សំបុត្រសម្រាប់ចូលទស្សនាការប្រកួតនេះមានលក់នៅពហុកីឡដ្ឋានជាតិ និងតាមរយៈកម្មវិធី Pi Pay ចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ៦ ល្ងាចនៅរៀងរាល់ថ្ងៃនៅពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ។ សំបុត្របែងចែកជា២ប្រភេទគឺប្រភេទថ្លៃ១២,០០០៛ សម្រាប់អ្នកអង្គុយនៅផ្នែកវេទិកា និងប្រភេទ ទី២ថ្លៃ ៦,០០០៛ សម្រាប់អ្នកអង្គុយនៅបរិវេណអត់មានដំបូលនៃកីឡដ្ឋាន។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងក្នុងម៉ោងធ្វើការទៅកាន់លេខ ០៧១ ៤៨ ៦៩ ៤៧៥ ឬ ០១៥ ៤៤ ៧៦ ៨០។
ពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះពូល A មានវៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ខណៈពូល B មានថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងក្រុមឈ្នះនៅវគ្គជម្រុះបឋមគឺទីម័រខាងកើត។ ក្រុមដែលឈ្នះនឹងឡើងទៅលេងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រជាបន្តដើម្បីរកម្ចាស់ជើងឯកប្រចាំសម័យកាល។ តាមគម្រោងការប្រកួតនេះនឹងធ្វើឡើចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៨។
ក្រុមកម្ពុជា នៅសល់២ប្រកួតក្នុងដៃ ទៀតសម្រាប់វគ្គជម្រុះតាមពូលនេះ តែមិនទាន់អស់ឱកាសប្រជែងកៅអីឡើងទៅវគ្គបន្តទោះបីជា២ប្រកួតកន្លងមកសុទ្ធតែបរាជ័យក៏ដោយ។ ២ប្រកួតកន្លងមកកម្ពុជា បានចាញ់ម៉ាឡេស៊ី ១ទល់០ និងចាញ់មីយ៉ាន់ម៉ា ៤ទល់១។ បើមើលតារាងចំណាត់ថ្នាក់ពូល A ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងវៀតណាម មាន៦ពិន្ទុដួចគ្នា ខណៈកម្ពុជា និងឡាវ មិនទាន់មានពិន្ទុនោះទេ។ ចំពោះពូល B ក្រុមថៃ និងហ្វីលីពីន មាន៦ពិន្ទុដូចគ្នា ហើយសឹង្ហបុរី និងឥណ្ឌូណេស៊ី មាន៣ពិន្ទុដូចគ្នានិងក្រុមទីម័រខាងកើត មិនទាន់មានពិន្ទុនៅឡើយ៕
Source: Kampuchea Thmey Daily
0 Comments