បារាំង ៖ ដូចកម្មវិធីដែលបានគ្រោងទុកកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍របស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) លើកទី៨៨ និងកិច្ចប្រជុំពេញអង្គរបស់AIMF លើកទី៣៨ បានដំណើរការទៅ ដោយចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧វិច្ឆិកា នៅទីក្រុងលីល ប្រទេសបារាំង ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍របស់សមាគមរាជធានីភ្នំពេញ ដឹកនាំដោយ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះដែរ។
មហាសន្និបាតនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី អាន អ៊ីដាល ហ្គោ អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង,និងរដ្ឋមន្ត្រីក្រសួងកីឡាបារាំងផងដែរ ដោយផ្ដោតលើប្រធានបទដែលពាក់ព័ន្ធនឹងកីឡា គឺ កីឡា សុខភាព ឬបំពេញឲ្យគ្នា កីឡា ការបង្កើតថ្មី និងការអភិវឌ្ឍមូលដ្ឋាន,ទីក្រុង និងព្រឹត្តិការកីឡាអន្តរជាតិខ្នាតធំ តើជាហានិភ័យ ឬជាឱកាស? កីឡា និងតម្លៃក្នុងទីក្រុងផងដែរ។ មានរបៀបវារៈជាច្រើនត្រូវបានលើកយកមកពិភាក្សា និងអនុម័តមានការធ្វើបច្ចុប្បន្នភាពបញ្ជីសមាជិក,អនុម័តកំណត់ហេតុអង្គសន្និបាតAIMF លើកទី៣៧,របាយការណ៍ស្ដីពីសកម្មភាពរបស់AIMF ក្នុងឆ្នាំ២០១៧,របាយការណ៍ នៃការអនុវត្តថវិកាឆ្នាំ២០១៧ និងបទបង្ហាញអំពីគណនេយ្យ,របាយការណ៍សវនករ,ការអនុម័តលើគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០១៧,គម្រោងចំណាយនានាលើការឧបត្ថម្ភដល់ទីក្រុង និមួយៗជាសមាជិកAIMF។
តំណាងទីក្រុងនានាបានលើកឡើងពីបញ្ហាប្រឈមនានាដែលខ្លួនជួបប្រទះ ព្រមទាំងមានការបោះឆ្នោតជ្រើសរើសកីឡាការិនីឆ្នើមផងដែរ។
នាឱកាសនោះ ប្រតិភូរាជធានីភ្នំពេញបានឡើងធ្វើបទអន្តរាគមន៍ដែលបង្ហាញពីការរីកចម្រើនរបស់រាជធានីភ្នំពេញ ក៏ដូចការរីកចម្រើនលើវិស័យកីឡាដែលយើងបានកសាងឡើងពីបាតដៃទទេ ពីគំនរផេះផង់ដែលបន្សល់ទុកពីរបបប្រល័យពូជសាសន៍។
លោកស្រី អាន អ៊ីដាលហ្គោ បានថ្លែងកោតសរសើរពីដំណើរការអភិវឌ្ឍរាជធានីភ្នំពេញយ៉ាងឆាប់រហ័ស និងវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់លោក ឃួង ស្រេង និងគណៈប្រតិភូរាជធានីភ្នំពេញ ដែលបានអញ្ជើញមកចូលរួមក្នុងមហាសន្និបាតAIMF ប្រចាំឆ្នាំនាពេលនេះ ហើយថា រាជធានីភ្នំពេញ គឺជាតំណាងឲ្យទីក្រុងប្រើប្រាស់ភាសាបារាំងនៅអាស៊ី។
ក្នុងបទអន្តរាគមន៍ លោក ឃួង ស្រេង បានលើកឡើងពីកិច្ចសហការល្អប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយធ្វើឲ្យយើងខ្ញុំមានលទ្ធភាពពេញលេញចូលរួមពិភាក្សា និងផ្តល់យោបល់ដើម្បីរៀបចំកសាងសេចក្ដីព្រាងគោលនយោបាយ និងយន្តការនានា ព្រមទាំងផែនការយុទ្ធសាស្ត្រ៥ឆ្នាំរបស់សមាគម ទុកជាប្រយោជន៍ដល់បុព្វហេតុ នៃហ្វ្រង់កូហ្វូនី កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការរៀបចំបែបផែនអភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិរបស់បណ្ដាសមាជិកសមាគមនាពេលអនាគត ឲ្យដើរឆ្ពោះទៅរកវឌ្ឍនភាពលើគ្រប់វិស័យដោយចីរភាព។
លោក ឃួង ស្រេង ក៏បានស្នើសុំដល់អង្គសន្និបាតឲ្យគាំទ្ររាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាតAIMF នាឆ្នាំ២០១៩ខាងមុខនេះផងដែរ៕
Source: Kampuchea Thmey Daily
0 Comments