Ad Code

កូរ៉េ​ជួយ​បណ្តុះបណ្តាល​ពី​ភាពជា​អ្នកដឹកនាំ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ដល់​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​រាជធានី​ខេត្ត​នៅ​កម្ពុជា



ភ្នំពេញ​ ៖​ សាធារណរដ្ឋ​កូរ៉េ​បាន​ជួយ​បណ្តុះបណ្តាល​ស្តីពី​ភាពជា​អ្នកដឹកនាំ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ដល់​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​រាជធានី​ខេត្ត​នៅ​កម្ពុជា​ដើម្បី​លើកកម្ពស់​សមត្ថភាព​លើ​ការដឹកនាំ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​បម្រើសេវា​សាធារណៈ​ជួន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរឡើង​។

លោក ប៉ាក់ ចែ មីន នាយក​វិទ្យាស្ថាន​អភិវឌ្ឍន៍​មន្ត្រី​រដ្ឋបាល​មូលដ្ឋាន​មកពី​ប្រទេស​កូរ៉េ​បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ស្តីពី​ភាពជា​អ្នកដឹកនាំ​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​កាលពី​ព្រឹក​ថ្ងៃទី​៦ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៨ ​នៅ​សណ្ឋាគារ​សាន់វ៉េ ឲ្យ​ដឹង​ថា​ អ្នកជំនាញ​កូរ៉េ​នឹងធ្វើ​ការ​បណ្តុះបណ្តាល​ដល់​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ថ្នាក់​ជាតិ​និង​ក្រោម​ជាតិ​ទាក់ទិន​ទៅ​អភិបាលកិច្ច​ល្អ ស្វ័យភាព​មូលដ្ឋាន ការ​អភិវឌ្ឍ​សហគមន៍​មូលដ្ឋាន​និង​ការអភិវឌ្ឍ​ជនបទ​និង​ចលនា​ភូមិ​ថ្មី​នៅ​កម្ពុជា​។

លោក​សង្ឃឹមថា ​តាមរយៈ​ការបណ្តុះបណ្តាល​ជំនាញ​ទាំងនេះ​នឹង​ជួយ​ធ្វើ​ឲ្យ​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​តាម​រាជធានី​ខេត្ត​ប្រទេស​កម្ពុជា​កាន់តែ​រីកចម្រើន​ថែមទៀត​។

លោក ង៉ាន់ ចំរើន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍ថា ​វគ្គប​ណ្តុះ​បណ្តាល​នេះ​នឹង​ជួយ​ឲ្យ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​មកពី​ក្រសួងមហាផ្ទៃ​និង​រដ្ឋបាល​រាជធានី​ខេត្ត​មាន​ចំណេះដឹង​កាន់តែ​ខ្ពស់​ថែមទៀត​ពី​ការគ្រប់គ្រង​និង​ដឹកនាំ​ក្នុង​មូលដ្ឋាន​កាន់​តែ​មាន​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព សមធម៌​និង​បរិ​យា​ប័ន្ន​សំដៅ​លើកកម្ពស់​គុណភាព​ជីវិត​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឲ្យ​កាន់តែ​ប្រសើរ​។



លោក​បាន​បន្តថា ​ជាង​នេះ​ទៅ​ទៀត​ក៏​ជួយ​ឲ្យ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​មាន​សមត្ថភាព មាន​ទស្សនវិស័យ មានគំនិត​ច្នៃប្រឌិត​ក៏ដូចជា​ឆន្ទៈ​និង​ការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​គិតគូរ​ពិចារណា​អំពី​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន​របស់​ខ្លួន​ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​ប្រជាពលរដ្ឋ​អាច​រស់​នៅ​ក្នុង​ជីវភាព​កាន់តែ​ធូរធារ ផាសុកភាព​និង​សុវត្ថិភាព​ព្រមទាំង​ទទួល​បាន​សេវា​សង្គម​សមស្រប​ប្រកបដោយ​សមធម៌​និង​គណនេយ្យភាព​។

លោក​បាន​បន្ថែម​ទៀត​ថា ​កន្លងមក​ក្រសួងមហាផ្ទៃ​បាន​ធ្វើ​ការ​កំណែ​ទម្រង់រ​ដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​តាម​ប្រព័ន្ធ​គ្រប់​គ្រង​រដ្ឋបាល​បែប​វិមជ្ឈការ​និង​សហវិមជ្ឈការ​ដើម្បី​ផ្តល់​ស្វ័យភាព​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នី​មួ យៗ​ដូចជា​ការផ្ទេរសិទ្ធិ អំណាច​ការទទួលខុសត្រូវ​និង​ធនធាន​សមស្រប​ក្នុងការ​អនុវត្ត​នូវ​មុខងារ​ពាក់ព័ន្ធ សេវាសាធារណៈ​ចាំបាច់​នានា​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។

លោក​រដ្ឋលេខាធិការ​បា​ន​ស្នើ​ឲ្យ​សិក្ខាកាម​ទាំងអស់​ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ​ពី​វគ្គ​បណ្តុះបណ្តាល​នេះ​និង​ស្តាប់​ការ​ពន្យល់​ពី​សាស្ត្រាចារ្យ​កូរ៉េ​ដើម្បី​យកចំណេះ​ដឹង​ទៅ​អនុវត្ត​បន្ត​នៅតាម​មូលដ្ឋាន​របស់ខ្លួន​ឲ្យ​បាន​ល្អ​និង​កាន់តែ​រីកចម្រើន​ថែមទៀត​សំដៅ​ចូលរួម​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។

គួរ​បញ្ជាក់​ថា ​វគ្គប​ណ្តុះ​បណ្តាល​ស្តីពី​ភាពជា​អ្នកដឹកនាំ​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ដល់​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​រាជធានី​ខេត្ត​នៅ​កម្ពុជា​នេះ​បន្ទាប់ពី​ក្រសួងមហាផ្ទៃ​កម្ពុជា​និង​ក្រសួងមហាផ្ទៃ​និង​សុ​វត្ថិភាព​កូរ៉េ​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​រួមគ្នា​មួយ​កាលពី​ឆ្នាំ​២០១៧​កន្លងទៅ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu