Ad Code

ទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ ផ្តាំផ្ញើ​ឲ្យ​អាជ្ញាធរ​កូរ៉េ ជួយ​មើលថែ​ពលរដ្ឋ​ខ្មែរ និង​អ្នកមាន​គ្រួសារ​នៅទីនេះ​ឲ្យ​ដូច​ពលរដ្ឋ​របស់ខ្លួន



កូរ៉េខាងត្បូង ​៖ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​កូរ៉េខាងត្បូង លោក ឡុង ឌី​ម៉​ង់ កាលពី​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៨​កន្លងមក​ថ្មីៗ​នេះ បាន​ធ្វើ​ការ​ផ្តាំផ្ញើ និង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កូរ៉េខាងត្បូង ជួយ​គាំពារ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​មក​ធ្វើការ និង​មានគ្រួសារ​ជា​ប្តី​ជនជាតិ​កូរ៉េ ឲ្យ​មើល​ថែរក្សា និង​យកចិត្តទុកដាក់​ដូច​ពលរដ្ឋ​របស់ខ្លួន​។​



ការ​ផ្តែផ្តាំ និង​អំពាវនាវ​របស់លោក ឡុង ឌី​ម៉​ង់ បែបនេះ គឺ​ខណៈដែល​លោក​បាន​ដឹកនាំ​មន្ត្រី​ស្ថានទូត​ខ្មែរ ចុះ​សាកសួរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​រស់នៅ និង​មានគ្រួសារ​កូរ៉េ នៅ​ស្រុក Changyeong ដែលជា​កូន​ស្រុក​មួយ នៅ​តំបន់​ភាគ​ខាងត្បូង​រប​ស់​ប្រទេស​កូរ៉េ ដែល​មាន​នារី​ជា​ជនជាតិខ្មែរ យក​ស្វាមី​ជា​ជនជាតិ​កូរ៉េ ចំនួន​១៧​គ្រួសារ កំពុង​រស់នៅ​ទីនោះ​។



បើ​តាម​រយៈ​ទំព័រ Facebook ផ្លូវការ​របស់លោក ឡុង ឌី​ម៉​ង់ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​បាន​ផ្តែផ្តាំ​អាជ្ញា​ធរមាន​សមត្ថកិច្ច​កូរ៉េ ជួយ​បន្ត​គាំពារ​បងប្អូន​ពលរដ្ឋ​ខ្មែរ​យើង​ចាត់ទុកជា​កូន​ជា​ចៅ​ទៀត​។ លើសពី​នេះទៅទៀត បងប្អូន​បាន​បេះ​ផ្លែ​ប៉េងប៉ោះ​ដែល​គាត់​ដាំ​ផ្ទាល់ដៃ និង​អ្នកខ្លះ​ចាក់​ជាវ​ត្ថុ​អនុស្សាវរីយ៍​ជូន​ខ្ញុំ​ទៀតផង​»​។



លោក ឡុង ឌី​ម៉​ង់ បាន​បន្ត​ថា នៅក្នុង​ដំណើរ​របស់​លោក និង​ក្រុមការងារ ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​អភិបាលស្រុក ជាមួយនឹង​សមាគម Happy Dreamer ដែល​មាន​សណ្តាន​ចិត្ត​ដ៏​ល្អ ជួយ​យក​អាសារ​មើលថែ​ពលរដ្ឋ​ខ្មែរ យើង​ទាំង​នៅ​កូរ៉េ​ផងដែរ​។



ជា​មួយ​គ្នា​នេះ​ដែរ លោក ឌី​ម៉​ង់ បាន​បង្ហាញថា បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ទីនេះ តែងតែ​ធ្វើ​សកម្មភាព​សប្បុរសធម៌​ជាច្រើន ទៅ​ប្រទេស​កម្ពុជា ហើយ​មិនតែប៉ុណ្ណោះ​ស្នាមញញឹម ដ៏​ស្មោះ​ពី​បងប្អូន​នារី​ខ្មែរ អាណិកជន​ដែល​មាន​គ្រួសារ​កូរ៉េ ចំនួន​១៧​នាក់ បាន​ធ្វើ​ឲ្យ​លោក​សប្បាយរីករាយ​ចងចាំ​មិន​ភ្លេច​នោះទេ​។



គួរ​បញ្ជាក់​ថា ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​កូរ៉េខាងត្បូង លោក​តែងតែ ដឹកនាំ​មន្ត្រី​ស្ថានទូត ចុះ​សាកសួរ​សុខទុក្ខ​បងប្អូន​កម្មករ និង​ពលរដ្ឋ​ខ្មែរ ដែល​មក​រស់នៅ និង​ធ្វើការ​នៅ​លើ​ទឹកដី​កូរ៉េ ជា​ហូរហែ ដើម្បី​ស្វែងយល់​ពី​ការរស់នៅ និង​ស្ថានភាព​នានា​របស់​ពលរដ្ឋ​ខ្មែរ​យើង​នៅ​ទីនោះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu