Ad Code

រដ្ឋមន្ត្រី​ការពារជាតិ​ថា សំណង់​វិមាន​ឈ្នះ​ឈ្នះ ជាឃ្លាំង​ស្តុក​នូវ​ឯក​ប្រវត្តិសាស្ត្រ​ស្តីពី​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ



ភ្នំពេញ​ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​អះអាង​ថា សំណង់​វិមាន​ឈ្នះ​ឈ្នះ ជា​មរតក​វប្បធម៌ និង​ប្រវត្តិសាស្ត្រ ហើយ​មិន​គ្រាន់តែ​ជា​មជ្ឈមណ្ឌល​បង្ហាញ​ពី​វប្បធម៌​បុរាណ ដូចជា​ប្រាង្គ​ប្រាសាទ​ជាដើម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជាឃ្លាំង​ស្តុក​នូវ​ឯក​ប្រវត្តិសាស្ត្រ​ស្តីពី​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ​ទៀតផង ពោលគឺ​ខុសពី​ប្រាង្គ​ប្រាសាទ​ផ្សេងៗ​។



​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ មាន​ប្រសា​ស​ន៍​បែបនេះ ខណៈ​ចូលរួម​ធ្វើ​បាឋកថា នៅក្នុង​សិក្ខាសាលា​ស្តីពី​ចក្ខុវិស័យ​ក្នុង​ការ​កសាង​វិមាន​ឈ្នះ​ឈ្នះ "​ព្រឹត្តិការណ៍​បង្កើត​ព្រឹត្តិការណ៍​" ដែល​ធ្វើឡើង​នៅ​វិមាន​សន្ដិភាព កាលពី​ព្រឹក ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​។



ថ្លែង​ទៅកាន់​អង្គ​សិក្ខាសាលា​នា​ព្រឹក​នោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​លើកឡើងថា សំណង់​វិមាន​ឈ្នះ​ឈ្នះ​នេះ ជា​មរតក​វប្បធម៌ និង​ប្រវត្តិសាស្ត្រ មិន​គ្រាន់តែ​ជា​មជ្ឈមណ្ឌល​បង្ហាញ​ពី​វប្បធម៌​បុរាណ ដូចជា​ប្រាង្គ​ប្រាសាទ​កោះ​កេរ អង្គរវត្ត បាយ័ន ជាដើម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ឃ្លាំង​ស្តុក​នូវ​ឯក​ប្រវត្តិសាស្ត្រ​ស្តី​ពី​នយោបាយ​ឈ្នះ​ឈ្នះ​ទៀតផង​។ ពោល គឺ​ខុសពី​ប្រាង្គ​ប្រាសាទ​ផ្សេងៗ ពីព្រោះ​វិមាន​ឈ្នះ​ឈ្នះ​តម្កល់​សុទ្ធតែ​ឯកសារ​ប្រវត្តិសាស្ត្រ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​កិច្ចការ​ទាំងអស់ ដែល​សម្តេច​បាន​ធ្វើ​ក្នុង​សម័យថ្មី​។ វា​ស្របទៅនឹង​គោលនយោបាយ​ឈ្នះ​ឈ្នះ ដែល​យើង​បានឃើញ​។



តាម​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ វិមាន​ឈ្នះ​ឈ្នះ ជា​និមិត្តរូប​នៃ​ការពង្រឹង​នូវ​ការអនុវត្ត​ក្នុងសង្គម​ខ្មែរ ក្លាយទៅជា​អ្នកមាន​ជីវភាព​សម្បូរ​បែប ហើយ​ទាំងអស់​នេះ ក៏ដោយ​សា​មនុញ្ញផល​នៃ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​បាន​នាំមក​នូវ​សុខសន្តិភាព និង​ផ្តល់​ឱកាស ដែល​ទាំងនេះ គឺជា​សញ្ញា​នៃ​ការពង្រឹង​ការអនុវត្ត​នៅក្នុង​សង្គម​ខ្មែរ​។ សម្តេច​ពិជ័យ​សេនា​បន្តថា តាម​គំរោង ដែល​បាន​គ្រោងទុក ដែលមាន​នៅក្នុង​ប្លង់​មេ វិមាន​ឈ្នះ​ឈ្នះ ត្រូវបាន​ចែកជា​៣​តំបន់ គឺ​តំបន់​ទី​១​បង្ហាញ​ពី​សុខដុម​នីយកម្ម​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ តំបន់​ទី​២ គឺ​សន្តិភាព​ពេញលេញ​តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ និង​តំបន់​ទី​៣ សាមគ្គី​ផល​នានា ដែល​ទទួលបាន​ពី​នយោបាយ​ឈ្នះ​ឈ្នះ ចាប់ពី​ឆ្នាំ​១៩៩៨ រហូតដល់​ឆ្នាំ​២០១៨ ហើយ​តំបន់​ទាំងនេះ​ត្រូវបាន​កសាងឡើង ដោយមាន​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន ទាំង​ធនធាន គំនិត និង​ប្រាជ្ញា របស់​មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និង​ព្រះសង្ឃ​ជាដើម​។



សូម​បញ្ជាក់​ថា វិមាន​ឈ្នះ​ឈ្នះ បាន​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅ​ផ្ទៃដី​ចំនួន​១៥​ហិកតា ដែលមាន​កម្ពស់​វិមាន​ចំនួន​៥៤​ម៉ែត្រ ស្ថិតនៅក្នុង​តំបន់​អភិវឌ្ឍន៍​លី​យ៉ុង​ផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ហើយ​គ្រោង នឹង​សម្ពោធ​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​ពិព័រណ៍​ចំនួន​បី​ថ្ងៃ​ផងដែរ​។



ការ​កសាង​វិមាន​ឈ្នះ​ឈ្នះ​នេះ គណៈកម្មការ​សាងសង់ ដែល​ដឹកនាំ​ដោយ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បានរៀបចំ​នូវ​ទម្រង់ និង​ខ្លឹមសារ​ជាច្រើន សម្រាប់​បង្ហាញ​នូវ​និមិត្តរូប​ក៏ដូចជា​អត្តសញ្ញាណ​ជាតិ និង​ព្រលឹង​របស់​ជាតិ​សម្រាប់​បង្ហាញ​ជា​ប្រវត្តិសាស្ត្រ នៅ​សក្ខីកម្ម​នៃ​សន្តិភាព និង​សុខដុម​នី​យ​ភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ ក្រោយ​ទទួលបាន​សន្តិភាព​ទាំងស្រុង បន្ទាប់ពី​បញ្ចប់សង្គ្រាម​ស៊ីវិល​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍​មក៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu