ភ្នំពេញ ៖ ប្រទេសតំបន់ទន្លេមេគង្គទាំង ៦ បានទទួលស្គាល់ថា ការចរាចរណ៍ឱសថក្លែងក្លាយ និង អន់គុណភាពនិងគ្មានច្បាប់អនុញ្ញាតបានរីករាលដាលពេញពិភពលោក ហើយបានប្រកាសថា នឹងរួមគ្នាប្រយុទ្ធប្រឆាំងឱសថខុសច្បាប់ទាំងនេះ។ នេះបើតាមសេចក្ដីប្រកាសរួមក្រុងភ្នំពេញ ក្រោយបញ្ចប់កិច្ចប្រជុំដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ៦ ខែវិច្ឆិកា នេះ។
សេចក្ដីប្រកាសរួមក្រុងភ្នំពេញនេះ ប្រទេសទាំង៦ បានចាត់ទុកការរីករាលដាលនៃឱសថក្លែងក្លាយគុណភាពអន់និងគ្មានច្បាប់អនុញ្ញាតគឺជាហានិភ័យដល់សុខភាពដែលមិនអាចមើលរំលងបានឡើយ។ ប្រទេសទាំង៦ រួមមាន កម្ពុជា ថៃ ឡាវ វៀតណាម មីយ៉ានម៉ា និងចិន និងរួមគ្នាប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនិង អន់គុណភាពទាំងនេះ។
សេចក្ដីប្រកាសរួមក្រុងភ្នំពេញបានបញ្ជាក់ថា « យើងបានសង្កត់ធ្ងន់អំពីតថភាពមួយដែលមិនអាចប្រកែតបានគឺការផលិតនិងលក់ដូរផលិតផលសុខាភិបាលក្លែងក្លាយ អន់គុណភាព និងគ្មានច្បាប់អនុញ្ញាតពិតជាបានបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈប៉ះពាល់សេដ្ឋកិច្ចនិងការកសាងនីតិរដ្ឋ»។
សេចក្ដីប្រកាសរួមគូសបញ្ជាក់ថា បញ្ហាឱសថក្លែងក្លាយនេះទាមទារវិធានការជាបន្ទាន់ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរផលិតផលនេះតាមរយៈការផ្លាស់ប្ដូរព័ត៌មាន ការសម្របសម្រួលពីរដ្ឋមួយទៅរដ្ឋមួយ ក៏ដូចជាតំបន់ទាំងមូលស្របតាមស្មារតីនៃកិច្ចព្រមព្រៀងស្ដីពីបទល្មើសសុខាភិបាល។
ប្រទេសទាំង៦បានប្រកាសរួមគ្នាថា នឹងបង្កើនការផ្សព្វផ្សាយពីគ្រោះថ្នាក់នៃឱសថក្លែងក្លាយ កសាង និងពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធបង្កើនប្រសិទ្ធភាពត្រួតពិនិត្យតាមច្រកព្រំដែន និងពង្រឹងកិច្ចសហការក្នុងតំបន់ជាដើម។
កិច្ចប្រជុំដ៏ធំមួយនេះនឹងត្រូវប្រជុំសាជាថ្មីម្ដងទៀតនៅឆ្នាំក្រោយដើម្បីតាមដានការវិវឌ្ឍលទ្ធផលសម្រេចបានពាន់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងផលិតផលឱសថក្លែងក្លាយ ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងសថក្លែងក្លាយនិងអន់គុណភាព» នៅសណ្ឋាគារសូហ្វីតែលភូគីត្រានៅថ្ងៃទី៥ ខែវិច្ឆិកានេះថា បញ្ហាឱសថក្លែងក្លាយនិងអន់គុណភាព កំពុងរីករាលដាលនិងធ្វើអាជីវកម្មតាមអនឡាញយ៉ាងច្រើន ដែលគួរឲ្យព្រួយបារម្ភធ្វើឲ្យសមត្ថកិច្ចមានការលំបាកក្នុងការធ្វើការងារ។ ដោយសម្ដេច ហ៊ុន សែន លើកឡើងថា ឱសថក្លែងក្លាយនិងឱសថពិតប្រាកដ៏ វាមានភិនភាគស្រដៀងគ្នា។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានថ្លែងថា «ការរីករាលដាលជំនួញឱសថក្លែងក្លាយ និងអន់គុណភាពនេះ អាចបណ្ដាលមកពីកត្តាជាច្រើនរួមមាន តម្លៃឱសថពិតប្រាកដនិងត្រឹមត្រូវមានតម្លៃខ្ពស់ យន្តការនិងការគ្រប់គ្រងឱសថក្នុងពេលផលិត និងចរាចរណ៍នៅលើទីផ្សារមិនមានប្រសិទ្ធភាព និងការបណ្ដុះបណ្ដាល មន្ត្រីសុខាភិបាលស្តីពីជំនាញត្រួតពិនិត្យគុណភាពឱសថ ព្រមទាំងការផ្សព្វផ្សាយដល់ប្រជាជនឲ្យបានយល់ដឹងពីឱសថក្លែងក្លាយ និងការត្រួតពិនិត្យឱសថដោយសមត្ថកិច្ចនៅមានកម្រិត ។ កត្តាទាំងអស់នេះ បា នផ្ដល់ឱកាសឲ្យឧក្រិដ្ឋជន អាចកេងយកប្រយោជន៍សង្គមជាតិ ហើយបានគំរាមកាន់តែធ្ងន់ធ្ងរដល់សុខមាលភាព និងអាយុជីវិតរបស់ប្រជាជន»។
ដើម្បីដោះស្រាយបញ្ហាឱសថក្លែងក្លាយនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានស្នើបណ្ដាប្រទេសទាំងអស់ជួយរៀបចំនិងចាត់វិធានការកែទម្រង់ច្បាប់និងបទដ្ឋានគតិយុត្តិនានាតាមការចាំបាច់របស់ប្រ ទេសរៀងៗខ្លួន ដើម្បីធានាឲ្យបាននូវក្របខ័ណ្ឌច្បាប់ដែលអនុលោមយន្តការអន្តរជាតិ ។ ជាពិសេសអនុវត្តវិធានការប្រយុទ្ធប្រឆាំងបទល្មើសឱសថក្លែងក្លាយនិងអន់គុណភាព ដោយត្រូវផ្ដន្ទាទោសយ៉ាងតឹងរ៉ឹងចំពោះជនល្មើស និងជនទាំងឡាយណាដែលមានការពាក់ព័ន្ធ៕
Source: Kampuchea Thmey Daily
0 Comments