ភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួន១១នាក់ ដែលសមត្ថកិច្ចបង្ក្រាបចាប់ខ្លួនក្បែរក្លឹបមីតណាយរួមទាំងថ្នាំញៀន១កញ្ចប់ផងនោះ ប៉ុន្ដែពួកគេបានសារភាពថា ភាគច្រើនអ្នកចូលក្លឹបសុទ្ធតែសេពគ្រឿងញៀនស្ទើរតែទាំងអស់សម្ដីនេះធ្វើឲ្យសមត្ថកិច្ចភ្ញាក់ព្រើត ព្រោះមិននឹកស្មានថា ក្រុមអ្នកញៀនចូលក្លឹបភាគច្រើនជាអ្នកឈ្លក់វង្វេងនិងថ្នាំញៀនចឹងសោះ ហើយសមត្ថកិច្ចក៏ពង្រឹងកិច្ចប្រតិបត្តិការបន្ថែមទៀត ដើម្បីបន្ដបង្ក្រាបក្រុមអ្នកញៀនថ្នាំក្នុងក្លឹបជាច្រើនកន្លែងទៀត ដែលករណីនេះត្រូវបានធ្វើឡើង កាលវេលាម៉ោង ៨និង ៣០នាទីយប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨នៅមុខ ក្លិបមីតណាយ តាមបណ្ដោយផ្លូវ វេងស្រេងនៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទាំង១១នាក់ខាងលើ ដោយមិនបានបញ្ជាក់ឈ្មោះ នោះឡើយ ក្នុងនោះមានស្រី ២នាក់និងប្រុស ៨នាក់មានម៉ូតូចំនួន២គ្រឿងម៉ាកនិច ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 1GY -2007 នឹងម៉ូតូ មួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមសេ១១០ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1 CQ -6047។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់បានល្បាតនៅក្នុងភូមិសាស្ត្រនៅតាមបណ្ដោយផ្លូវវ៉េងស្រេងដោយឆ្លងកាត់មុខក្លឹបមីតណាយស្រាប់តែឃើញជនសង្ស័យមួយក្រុមកំពុងតែពពាក់ពូនគ្នាយ៉ាងអនាធិបតេយ្យ ដោយមានការសង្ស័យសមត្ថកិច្ចបានចូលទៅសួរនាំនិងឆែកឆេរលើជនសង្ស័យទាំង១១នាក់នោះ ហើយបានប្រទះឃើញថ្នាំញៀន មួយកញ្ចប់តូចធ្លាក់នៅនឹងដីជិតជើងជនសង្ស័យតែម្ដង។
ប្រភពបន្ដថា បន្ទាប់មកកម្លាំងនគរបាល អន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ បានទាក់ទងទៅកម្លាំងនគរបាលប៉ុស្តិ៍ ឲ្យមកជួយសហការហើយនាំជនសង្ស័យទៅប៉ុស្តិ៍ដើម្បីសាកសួរ ភ្លាមៗ ក្រោយពេលសួរនាំជនសង្ស័យបានសារភាពថា ពួកគាត់ធ្លាប់ប្រើប្រាស់គ្រឿងញៀនមែន ដោយឡែកក្នុងនោះមាន៣នាក់ស្រី២នាក់និងប្រុសម្នាក់សារភាពថា ពួកគាត់ មិនដែលប្រើប្រាស់គ្រឿងញៀនឡើយ។
ក្រុមជនសង្ស័យបានបង្ហើបប្រាប់ថា ទីតាំងខាងលើនៅមុខក្លិប មានអ្នកចែកចាយគ្រឿងញៀននៅទីនោះយ៉ាងអនាធិបតេយ្យឯអ្នកចូលក្លឹបវិញភាគច្រើនសុទ្ធតែបានប្រើប្រាស់គ្រឿងញៀនស្ទើរតែទាំងអស់ឯមួយចំនួនតូច ប៉ុណ្ណោះដែលមិនប្រើប្រាស់គ្រឿងញៀន។
ក្រោយពេលកើតហេតុជនសង្ស័យទាំង១១នាក់ ត្រូវបានជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យបញ្ជូនទៅសាកសួរបន្តនៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments