ភ្នំពេញ ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានអះអាងថា ដោយសារតែការអនុគ្រោះពន្ធ (EBA) មានសារប្រយោជន៍ចំពោះប្រជាជនខ្មែរ និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងការបង្កើតការងារដល់កម្មករ កម្មការិនី ហើយនៅពេលមានការវិវត្តន៍ខ្លាំង EU បែរជាយកលេសបញ្ហាសិទ្ធិមនុស្ស ដើម្បីដកការអនុគ្រោះពន្ធនេះ។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលើកឡើងបែបនេះ ឆ្លើយតបសំណួរអ្នកសារព័ត៌មាន ក្រោយជំនួបជាមួយអ្នកស្រី រ៉ូណា ស្មីត (Rhona Smith ) អ្នករាយការណ៍ ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា កាលពីរសៀលថ្ងៃច័ន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក កែវ រ៉េមី បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីជំនួបពិភាក្សានោះថា ដោយសារតែការអនុគ្រោះពន្ធ EBA មានសារប្រយោជន៍ ដែលអ៊ីយូបានដល់ប្រជាជនខ្មែរ រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងការបង្កើតការងារដល់កម្មករ កម្មការិនីយើង ហើយស្ថានភាពពួកគេត្រូវបានយកចិត្តទុកដាក់ជាពិសេសពីសម្ដេចតេជោ ធ្វើឲ្យមានការប្រែប្រួលយ៉ាងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ប៉ុន្តែនៅពេលមានការវិវត្តន៍យ៉ាងខ្លាំង អីយូ បែរជាយកលេសបញ្ហាសិទ្ធិមនុស្ស ដើម្បីដកនូវការអនុគ្រោះពន្ធ EBA នេះ។
លោក កែវ រ៉េមី បញ្ជាក់ថា “គាត់ធ្វើអត់ត្រូវ ទី១ អ្វីដែលគាត់ជួយហើយគាត់បំផ្លាញនូវសមិទ្ធផល ដែលគាត់បានចូលរួមជួយ។ ចំណុចទី២ទៀត ការដែលនិយាយចោទកម្ពុជាថា កម្ពុជារំលោភសិទ្ធិមនុស្ស គឺជាដែល និយាយឲ្យចំទៅវាអត់ត្រឹមត្រូវ ហើយមានស្អីជាសំអាង។
ឥឡូវខ្ញុំគ្រាន់តែជម្រាបជូនថា នៅប្រទេសជិតខាងយើង គណបក្សនយោបាយ មានតែគណបក្សមួយប៉ុណ្ណោះ ហើយស្ថានភាពសិទ្ធិមនុស្សអត់ល្អ អត់ប្រសើរជាងយើងទេ ក៏ប៉ុន្តែទៅដៀលជាមួយប្រទេសនោះ ក្នុងការអនុគ្រោះពន្ធ ចឹងគាត់មកចោទយើងថា រំលោភសិទ្ធិមនុស្សម៉េចត្រូវ ដោយសារស្ថានភាពសិទ្ធិមនុស្សល្អជាងប្រទេសនោះផង។
ប្រទេសមួយផ្សេងទៀត ក៏ដូចគ្នាដែរ ខ្ញុំមិនចង់និយាយចំឈ្មោះប្រទេសទេ ក៏ប៉ុន្តែអីយូគាត់ដៀលមក គាត់ថា គាត់អនុគ្រោះផ្តល់ការអនុគ្រោះពន្ធ ក៏ប៉ុន្តែសម្រាប់កម្ពុជារឿងនយោបាយទេ មែនទែនទៅរឿងឌាប់ប៊លស្តែនដាត ស្តង់ដារប៉ិនគាត់ពីរបីបួនមួយរយ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ដំណើរការទៅមុខ គឺទៅហើយ សេដ្ឋកិច្ចរបស់យើងរក្សានូវកំណើនជានិច្ច”។
ជាមួយគ្នានោះ លោក កែវ រ៉េមី បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ចំពោះកម្មករ កម្មការិនី តាំងពីយន្តការមិនឲ្យឡើងថ្លៃផ្ទះ ថ្លៃទឹក ថ្លៃភ្លើង ការដឹកជញ្ជូន ការព្យាបាលមិនយកលុយ ប្រាក់ចូលនិវត្ត និងបញ្ហាប្រាក់ឈ្នួលអប្បបរមាជាដើម ហើយប្រាក់ឈ្នួលអប្បបរមានេះ លើសប្រទេសគេច្រើនណាស់ ដូចជាឥណ្ឌា បង់ក្លាដេស ភូមា ស្រីលង្កា វៀតណាមជាដើម ហើយទាបជាងបណ្ដាប្រទេសប្រមាណប៉ុណ្ណោះ ហើយលោកមិននឹកស្មានថា មានការវិវត្តន៍លឿនបែបនេះសោះ។
ជាមួយគ្នានោះ លោក កែវ រ៉េមី ក្នុងនាមប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានស្នើឲ្យ EU ពិចារណាជាថ្មីលើការអនុគ្រោះពន្ធ EBA នេះ ពីព្រោះកុំឲ្យមានពាក្យថា បានចូលរួមជាមួយរដ្ឋាភិបាលហើយ បែរជាបំផ្លាញទៅវិញ នេះជាការខាតបង់សម្រាប់កម្មករ កម្មការិនី។
សូមបញ្ជាក់ថា គណៈកម្មការអឺរ៉ុប កាលពីថ្មីៗនេះ បានប្រកាសអំពីដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចេញពីប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា ក្នុងករណីដែលមិនមានការកែសម្រួលអ្វីមួយតាមការចង់បានរបស់ខ្លួន ប៉ុន្តែគម្រោងនេះ ត្រូវបានសភាពាណិជ្ជកម្មអន្តរជាតិសំខាន់ៗ៥ស្ថាប័នរបស់អឺរ៉ុប ដែលជាតំណាងឲ្យប្រទេសធំៗចំនួន៩ប្រទេសនៅអឺរ៉ុប បានសរសេរលិខិតពិសេសមួយច្បាប់ផ្ញើជូន លោកស្រី Cecilia Malmstrom ស្នងការទទួលបន្ទុកពាណិជ្ជកម្ម គណៈកម្មការអឺរ៉ុប ដោយប្រឆាំងចំពោះការកំណត់ដកប្រព័ន្ធអនុគ្រោះពន្ធ (EBAs) ចេញពីប្រទេសកម្ពុជានេះ។
ដោយឡែក តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន សហភាពអឺរ៉ុប ប្រចាំអាស៊ីអាគ្នេយ៍ បានថ្លែងថា ប្រសិនបើមានការដកពន្ធអនុគ្រោះ EBA ពីកម្ពុជាមែននោះ ក្រុមហ៊ុនអឺរ៉ុបប្រមាណ៤០០ក្រុមហ៊ុន នឹងចាត់ទុកថា គណៈកម្មការអឺរ៉ុប អនុវត្ត EBA នេះ ជាឧបករណ៍នយោបាយបរទេសរបស់ខ្លួនសម្រាប់កម្ពុជា។
ទាក់ទបញ្ហានេះ កាលពីថ្មីៗនេះ ប្រធានគណបក្សនយោបាយចំនួន២ ក៏បានធ្វើលិខិតស្នើសុំជួបលោក George Edgar អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាផងដែរ ដើម្បីសិក្សាអំពីការវិវត្តន៍ នៃគម្រោងដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) របស់សហភាពអឺរ៉ុបពីកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments