Ad Code

សិលា​ចារិក​លែង​ក្លាយទៅជា​អាថ៌កំបាំង​សម្រាប់​ប្រជាជន​កម្ពុជា យុវជន​សម័យ​ទំនើប​ទៀតហើយ​



​ភ្នំពេញ ៖ សិលា​ចារិក​លែង​ក្លាយទៅជា​អាថ៌កំបាំង​សម្រាប់​ប្រជាជន​កម្ពុជា យុវជន​សម័យ​ទំនើប​ទៀត​ហើយ ព្រោះ​កម្ពុជា​បង្កើត​ឲ្យ​មាន​” កម្មវិធី​អូ​ស៊ី​អ​ខ្មែរ និង​អក្សរ​ខ្មែរ​បុរាណ​ក្នុង​បច្ចេកវិទ្យា​ព័ត៌មាន​” ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ថវិកា​ពី​រាជរដ្ឋាភិបាល​កម្ពុ​ជា​តាមរយៈ​រាជបណ្ឌិត្យ​សភា​កម្ពុជា​។​

លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​បាន​មានប្រសាសន៍​ថ្លែងអំណរ​គុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ឧបត្ថម្ភ​ដល់​គម្រោង​ស្រាវជ្រាវ​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​រៀបចំ​សិក្ខាសាលា​ស្ដីពី ​” កម្មវិធី​អូ​ស៊ី​អ​ខ្មែរ និង អក្សរ​ខ្មែរ​បុរាណ​ក្នុង​បច្ចេកវិទ្យា​ព័ត៌មាន​” ដែល​ជា​ប្រធានបទ​មួយ​ដ៏​មាន​សារៈសំខាន់​ និង​ចាំបាច់​ និង​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ និង​បច្ចុប្បន្នភាព​ដើម្បី​ពង្រីក​ និង​ពង្រឹង ភាសា​អក្សរ​ខ្មែរ ទាំង​បុរាណ ​និង​សម័យ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ ជាពិសេស​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន ក៏ដូចជា​ដើម្បី​រួមចំណែក​បំពេញ​តម្រូវការ​ចាំបាច់​បច្ចុប្បន្ន​របស់​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​ក្នុង​ និង​ក្រៅ​ប្រទេស​កម្ពុជា​តាមរយៈ​ការ​បង្កើត​ពុម្ពអក្សរ​ខ្មែរ​បុរាណ​ និង​ការ​បង្កើត​កម្ម​វី​ធី​អូ​ស៊ី​អ​ខ្មែរ​សម្រាប់​ស្គែ​ន​ពុម្ពអក្សរ​ខ្មែរ​សម័យ​ទំនើប​។​

រាជបណ្ឌិត្យសភាកម្ពុជា​បាន​សិក្សា​គម្រោង​ស្រាវជ្រាវ​ចំនួន​ពីរ​ គឺ​គម្រោង​”​ការ​បង្កើត​សុស​វែ​រ Khmer Intelligent OCR “​និង​គម្រោង​”​វចនានុក្រម​ភាសា​ខ្មែរ​បុរាណ​សម័យ​អង្គរ​តាមរយៈ​សិលា​ចារិក​សតវត្ស​ទី​៩ ​ដល់​ទី​១៥” ដែលជា​របកគំហើញ​ថ្មី នៃ​ស្នាដៃ​របស់​បណ្ឌិត មាឃ បូរ៉ា លោក បណ្ឌិត ឈិ​ត វណ្ណ​ឫទ្ធិ លោក​បណ្ឌិត លឹម សេង​ឌី រួម​នឹង​សហការី​មួយចំនួនទៀត​។

គម្រោង​ទាំងពីរ​ខាងលើនេះ​ធ្វើការ​ស្រាវជ្រាវ​ឡើង​ក្នុង​រយៈពេល​មួយឆ្នាំ ​ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ថវិកា​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។​

លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច បានបង្ហាញ​ក្ដី​រីករាយ​ថា នេះ​គឺជា​វិសាលភាព​ដ៏​ធំ​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ​ខ្មែរ ដែល​អ្នកវិទ្យាសាស្ត្រ​បាន​ផ្សារភ្ជាប់​រវាង​សម័យ​បុរាណ​មក​សម័យ​ទំនើប​ មានន័យថា​មនុស្ស​សាមញ្ញ មិន​ចេះ​អក្សរ​ភាសា​បុរាណ ឬ​សិលា​ចារិក​ពីមុន​នោះ ក្លាយទៅជា​អាច​អាន​បាន​តាម​រយៈ​ពុម្ពអក្សរ​ខ្មែរ​បុរាណ​ថ្មី​ដែល​ទើបនឹង​បង្កើត​ឡើង​នេះ​។​

សិក្ខាសាលា​ស្ដីពី​” កម្មវិធី​អូ​ស៊ី​អ​ខ្មែរ និង អក្សរ​ខ្មែរ​បុរាណ​ក្នុង​បច្ចេកវិទ្យា​ព័ត៌មាន​ ”​បាន​រៀបចំ​ឡើង​នា​ព្រឹក​ថ្ងៃទី​០​៦​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨ ​នៅ​រាជបណ្ឌិត្យសភា​កម្ពុជា ​ដោយមាន​ការចូលរួម​ពី​អ្នកស្រាវ​ជ្រាវ​ជាតិ​ និង​អន្តរជាតិ វាគ្មិន​កិត្តិយស ដើម្បី​ចែករំលែក​ចំណេះដឹង​ និង​បទពិសោធន៍​ដែល​បានមកពី​ការស្រាវជ្រាវ​លើ​ការ​បង្កើត​កម្មវិធី​អូ​ស៊ី​អ​ខ្មែរ សម្រាប់​អត្ថបទ​ខ្មែរ​សម័យ​ទំនើប​ និង​ពុម្ពអក្សរ​ខ្មែរ​បុរាណ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu