ភ្នំពេញ ៖ ស្ត្រីពោះធំម្នាក់ បានរងរបួសស្រាល និងបុរសស្រវឹងម្នាក់ ក៏រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុកម៉ូតូស្ត្រីពោះធំពីក្រោយ បណ្ដាលឲ្យរងរបួសទាំងអស់គ្នា កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ភាគីម៉ូតូស៊ីរ៉ុស ពណ៌ក្រហមខ្មៅ គ្មានស្លាកលេខជាម៉ូតូសម្រាប់អូសសណ្ដោងរ៉ឺម៉ក បើកបរដោយបុរសស្រវឹងម្នាក់រងរបួសធ្ងន់វង្វេងបាត់បង់ស្មារតីសាកសួរអ្វីក៏មិនចេញដែរ។ ចំណែកភាគីម៉ូតូស្កុបពីពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1AR-6697 បើកបរដោយស្ត្រីពោះធំម្នាក់រងរបួសស្រាល ក្រោយកើតហេតុត្រូវបានក្រុមគ្រួសារដឹកយកទៅគ្លីនិកឯកជនដោយខ្លួនឯង។
តាមប្រភពព័ត៌មានពីពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូស្កុបពីជិះដោយស្ត្រីពោះធំម្នាក់ជិះតាមបណ្ដោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូបង្កស៊ីរ៉ុស បើកបរដោយបុរសស្រវឹងម្នាក់ ក្នុងល្បឿនលឿន ទិសដៅ ពីជើងទៅត្បូងក៏ជ្រុលទៅបុកម៉ូតូស្កុបពីពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់ខ្លួនឯង ចំណែកស្ត្រីពោះធំក៏រងរបួសផងដែរ។
ក្រោយពេលកើតហេតុ ជនរងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកស្ត្រីពោះធំត្រូវបានក្រុមគ្រួសារដឹកយកទៅគ្លីនិកដោយខ្លួនឯង។
ដោយឡែក ម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅ៣ រង់ចាំដោះស្រាយពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments